អានតួអត្ថបទ
កម្ពុជា

GMAC៖កូដកម្ម​ឈប់​សម្រាក​ពី​ថ្ងៃ​ទី​១៧ ដល់​​២២ មេសា មិន​ត្រូវ​តាម​អង្គច្បាប់

សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា GMAC បាន​លើក​អង្គ​ច្បាប់​ថា ការ​ស្នាក់​នៅផ្ទះ មិន​មក​ធ្វើការ មិន​មែន​ជា​កូដ​កម្ម​នោះ​ទេ ហើយ​សហ​ជីព​ក៏​គ្មាន​សិទ្ធិ​ស្នើ​សុំ​ការ​ឈប់​សំរាក​ប្រចាំ​ឆ្នាំ​ជំនួស​កម្មករ​ម្នាក់​ៗ​បាន​ដែរ។ ការ​លើក​បញ្ហា​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​សហជីព​មួយ​ចំនួន​បាន​បើក​យុទ្ធ​នាការ​អំពាវ​នាវ​ឲ្យ​កម្មករ​ធ្វើ​កូដ​កម្ម​ឈប់​សម្រាក​នៅផ្ទះ​ ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ប៉ុន្តែ​តំណាង​សហជីព​បញ្ជាក់​ថា​នេះ​ជា​សិទ្ធិ​របស់​កម្មករ ហើយ​ថា​ពួកគេ​នៅ​តែ​បន្ត​ធ្វើ​កូដ​កម្ម​ដដែល។

សហជីព​​ធ្វើ​យុទ្ធនា​ការ​​ផ្សព្វ​ផ្សាយ​​ឱ្យ​​កម្មករ​​ធ្វើ​​ពហិកា​រ​ក្រោយ​​ចូល​ឆ្នាំ​
សហជីព​​ធ្វើ​យុទ្ធនា​ការ​​ផ្សព្វ​ផ្សាយ​​ឱ្យ​​កម្មករ​​ធ្វើ​​ពហិកា​រ​ក្រោយ​​ចូល​ឆ្នាំ​ RFI/ siv channa
ផ្សាយពាណិជ្ជកម្ម

នាយកដ្ឋាន​ផ្នែក​ច្បាប់ និង​ការងារ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា GMAC បានចេញ​លិខិត​មួយ​នៅ​ថ្ងៃទី ៩មេសា បញ្ជាក់ថា កូដកម្ម​គឺជា​ការឈប់​ធ្វើ​ការងារ ដែល​កម្មករ​និយោជិត​ត្រូវ​ស្ថិត​នៅ​ក្នុង​បរិវេណ​រោង​ចក្រ សហ​គ្រាស​គ្រឹះ​ស្ថាន ដើម្បី​ធ្វើការ​តវ៉ា​ឬ​ទាមទារ​អ្វីមួយ​ពី​និយោជក ពោលគឺ​កូដកម្ម​មិន​មែន​ជា​ការ​នាំ​គ្នា​ដង្ហែ​ ជា​ក្រុម ជា​ពួក ជា​ក្បួន​នៅ​ទី​កន្លែង​ផ្សេង​ៗ​នោះ​ទេ​។ នេះ​បើ​យោង​តាម​មាត្រា ៣១៨ នៃ​ច្បាប់​ស្តីពី​ការងារ។ ហើយ​យោង​តាម​ប្រកាស​លេខ​៣១៣ សហជីព​ក៏​មិន​អាច​ស្នើ​សុំ​ការ​ឈប់​សម្រាក​ជំនួស​កម្មករ​និយោជិត​បានដែរ។ ដូច្នេះ កម្មករ​ដែល​មិន​មក​ធ្វើការ​ អាច​ទទួល​ការ​ដាក់​ទណ្ឌ​កម្ម​ពិន័យ​តាម​ច្បាប់​និង​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន។

ប៉ុន្តែ​ជាការ​ឆ្លើយតប លោក​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិប​តេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ស៊ី​ខៅ​ឌូ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា តាម​មាត្រា​១៧០ នៃ​ច្បាប់​ស្តីពី​ការងារ កម្មករ​មាន​សិទ្ធិ​ស្នើសុំ​ច្បាប់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ពី​ការ​ងារ។ ប៉ុន្តែ​ កន្លងមក​កម្មករ កម្មការ​នី​​កាត់ដេរ​​កម្ពុជា មិនដែល​បាន​ឈប់​សម្រាក​ក្នុង​ឱកាស ច្បាប់ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នោះ​ទេ។ ហើយ​នៅ​ពេល​នេះ តំណាង​សហជីព​កម្មករ​បាន​ស្នើ​សុំ​មក​ខាង​សហ​ជីព ដើម្បី​ធ្វើការ​ស្នើសុំ​ជំនួស​ពួក​គាត់។

លោក​អាត់ ធន់​បាន​បន្តថា ខាង​សហ​ជីព​ស្នើសុំ​សម្រាប់​តែ​កម្មករ​ណា ដែល​គាត់​ចង់បាន​តែ​ប៉ុណ្ណោះ តែបើ​មាន​អ្នក​មិន​ចង់​ឈប់​នោះ​ក៏បាន​ដែរ។ សហជីព​ក៏បាន​ដាក់​លិខិតស្នើ​សុំ​ជូន​ដល់​និយោជក​រួចរាល់​ផងដែរ ហើយ​រហូតមក​ដល់ពេលនេះ ក៏មាន​និយោជក​របស់​ក្រុមហ៊ុន​មួយចំនួន​បាន​យល់ព្រម ហើយ​អនុញ្ញាត​ឲ្យ​កម្មករ​យក​ឱកាស​នេះ សម្រាប់​ឈប់សម្រាក​ប្រចាំឆ្នាំ​​ផងដែរ។

គួរ​បញ្ជាក់ថា សហព័ន្ធ​សហជីព​ចំនួន ៨ និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​បានប្រកាស​ឲ្យ​កម្មករនិយោជិត​កាត់ដេរ ធ្វើ​កូដកម្ម​នៅតាម​ផ្ទះរៀងៗខ្លួន ដោយ​មិន​ទៅធ្វើ​ការចាប់​ពីថ្ងៃ​ទី ១៧ ដល់ ២២មេសា ដើម្បី​ជាការ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ក្នុងការ​ទាមទារ​តម្លើង​ប្រាក់​ឈ្នួល ១៦០ដុល្លារ ក្នុង​មួយខែ នឹង​សុំ​ឲ្យ​ដោះលែង​អ្នក​ជាប់ឃុំ​ទាំង ២១នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន អំឡុងពេល​មាន​បាតុកម្មហិង្សា​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា កាលពីដើមឆ្នាំ ២០១៤​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ