អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​លុបចោល​ការកំណត់ថ្លៃ​ទូរស័ព្ទ​សាជាថ្មី

បន្ទាប់ពី​ចេញ​សេចក្តីប្រកាស​ដាក់​កំហិត​ពី​តម្លៃ​នៃ​ការហៅ​ចេញ​របស់​ទូរស័ព្ទ ​កាលពី​ចុងខែ​វិច្ឆិកា​កន្លងទៅ រដ្ឋាភិបាល​កម្ពុជា​សាជាថ្មី​ម្តងទៀត ​បានប្រកាស​និរាករណ៍​នូវ​សេចក្តីប្រកាស​របស់ខ្លួន​ ពី​ការកំណត់​តម្លៃ​នេះ។ ការប្រកាស​នេះ​គឺធ្វើឡើង​ក្រោយ​មានប្រតិកម្ម​តវ៉ា​យ៉ាងខ្លាំង ​ពី​អ្នកប្រើប្រាស់។ អ្នកប្រើប្រាស់​ដែល​ចោទ​រដ្ឋាភិបាល​បាន​លូកដៃ​ចូលក្នុង​របប​ទីផ្សារសេរី។ ប៉ុន្តែ ​រដ្ឋាភិបាល​បានស្នើ​ឱ្យ​ក្រុមហ៊ុនទូរស័ព្ទ​ទាំងអស់​ប្រកួតប្រជែង​គ្នា​ដោយស្មោះ​ត្រង់។

អ្នក​ប្រើប្រាស់​ ទូរស័ព្ទ​ iPhone​ 4​ នៅ​​​កម្ពុជា​
អ្នក​ប្រើប្រាស់​ ទូរស័ព្ទ​ iPhone​ 4​ នៅ​​​កម្ពុជា​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

សាជាថ្មី​ម្តងទៀត រដ្ឋាភិបាល​កម្ពុជា បានប្រកាស​និរាករណ៍​​នូវ​ការកំណត់​តម្លៃ​ហៅ​ទូរស័ព្ទ​ចេញ។ ក្នុង​សេចក្តីប្រកាស​កាលពី​ថ្ងៃទី២០ ធ្នូ ទីស្តីការគណៈរដ្ឋមន្ត្រី បាន​លុបចោល​នូវ​សេចក្តីប្រកាស​របស់​អន្តរក្រសួង គឺ​ក្រសួង​សេដ្ឋកិច្ច -ហិរញ្ញវត្ថុ និង​ក្រសួង​ប្រៃសណីយ៍ ដែល​តម្រូវឱ្យ​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ទាំង៩នៅ​កម្ពុជា អនុវត្ត​យក​អត្រា​តម្លៃ ៤.៥សេន ក្នុង​មួយ​នាទី សម្រាប់​ការហៅ​ចេញ​ក្នុង​ប្រព័ន្ធ និង តម្លៃ ៥.៩៥សេន ក្នុង​មួយ​នាទី​ សម្រាប់​ការហៅ​ចេញ​ក្រៅ​ប្រព័ន្ធ។

ការចេញ​សេចក្តីប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​មានប្រតិកម្ម​ជំទាស់​យ៉ាងខ្លាំង ​ពី​សំណាក់​អ្នក​ប្រើប្រាស់។ អ្នកប្រើប្រាស់​ដែលជា​ពិសេស​ជា​យុវជន បាន​ចោទ​សេចក្តីប្រកាស​រដ្ឋាភិបាល​កម្ពុជា​ថា ជាការ​លូកដៃ​ចូលក្នុង​របប​ទីផ្សារសេរី។

គួររំលឹកថា កាលពី​ថ្ងៃទី១៤ធ្នូ​នេះ ក្រុមយុវជន​ប្រមាណ​ជា៥០នាក់​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ប្រឆាំងនឹង​សេចក្តីប្រកាស​របស់​ក្រសួង​ប្រៃសណីយ៍​ពី​ការកំណត់ថ្លៃ​នេះ។ ក្រុមអ្នកតវ៉ា បាន​អះអាងថា​ ការកំណត់​តម្លៃ​ជា​រឿង​មិន​សមរម្យ​នៅពេលដែល​រដ្ឋាភិបាល​ត​ម្លើ​ង​ថ្លៃ​ការហៅ​ទូរស័ព្ទ នៅពេលនេះ។ ព្រោះថា​ សេដ្ឋកិច្ចកម្ពុជា​កំពង់​តែមាន ការប្រែប្រួល ទំនិញ​ឡើងថ្លៃ ហើយ​បើ​ការប្រើប្រាស់​ទូរស័ព្ទ​ថ្លៃ​ទៀត​នោះ​ វា​ជា​បន្ទុក​មួយ​បន្ថែមទៀត​សម្រាប់​ភាពក្រីក្រ។

យ៉ាងណាក៏ដោយ​ នៅក្នុង​សេចក្តីប្រកាស​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដែល​យោងតាម​ចំណារ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានស្នើ​ឱ្យ​គ្រប់​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ទាំងអស់ ធ្វើការ​ជាមួយគ្នា​ដើម្បី​ឈានទៅរក​ការបង្កើត​ល័ក្ខខ័ណ្ឌ​សមស្រប ​សម្រាប់​ការប្រកួតប្រជែង​ដោយស្មោះ​ត្រង់។ ជាការ​​ប្រកួតប្រជែង ដោយ​ត្រូវគោរព​ការណែនាំ​របស់​អង្គភាព​សហភាព​ទូរគមនាគមន៍​អន្តរជាតិ និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO ក្នុងការ​ទប់ស្កាត់​ការអនុវត្តន៍​តំលៃ​ទាប​ហួសហេតុ និង​ស្នើឱ្យ​បង្កើត​នូវ​សមាគមន៍​ទូរគមនាគមន៍​មួយ ដើម្បី​ជជែក និង​ដោះស្រាយ​វិវាទ​រវាង​គ្នា​និង​គ្នា៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ