អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បញ្ហាសុខភាពជាចំណោទដ៏ធំធេងមួយសម្រាប់សង្គមខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការចុះ​ទ្រុឌទ្រោម​ខាង​សុខភាព​ដែល​បើកឱកាស​ឲ្យ​ជំងឺផ្សេងៗវាយលុក​មកលើ​រាងកាយ​គឺជា​បញ្ហា​ប្រឈម​របស់​មនុស្ស​ស្ទើរតែ​គ្រប់គ្នា​ ជាពិសេស​មនុស្ស​វ័យ​ចាប់ពី៤០ឆ្នាំ​ប្លាយ​ឡើង​ទៅ​ហាក់ដូច​ជាមាន​សុខភាព​ចុះខ្សោយ​គួរ​ឲ្យ​កត់សម្គាល់។ ខណៈដែល​មនុស្ស​មាន​សុខភាព​កាន់តែ​ទន់ខ្សោយ ប្រព័ន្ធសុខាភិបាល​កម្ពុជា​ក៏​មិនទាន់​រឹងមាំ​ដែរ។ ស្ថានភាព​នេះ​ត្រូវបាន​​ក្រុម​អ្នកវិភាគ​សង្គម​ចាត់ទុកជា​បញ្ហា​ដ៏​ធំធេង​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ និងជា​បន្ទុក​ដ៏ធ្ងន់ធ្ងរ​​សម្រាប់សង្គមខ្មែរ​ដែល​ត្រូវដោះស្រាយ។

ការសេពគ្រឿងស្រវឹង​​អាច​ធ្វើ​ឲ្យ​ខូចសុខភាព ព្រមទាំង​​ជាដើមហេតុ​នៃ​អំពើ​ហិង្សា និង​គ្រោះថ្នាក់​ចរាចរណ៍
ការសេពគ្រឿងស្រវឹង​​អាច​ធ្វើ​ឲ្យ​ខូចសុខភាព ព្រមទាំង​​ជាដើមហេតុ​នៃ​អំពើ​ហិង្សា និង​គ្រោះថ្នាក់​ចរាចរណ៍ ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ននេះ នៅពេល​ជួបគ្នាម្តងៗ មនុស្ស​ចាប់ពី​មជ្ឈិមវ័យ​ឡើងទៅ​ ចាប់ផ្តើម​ចោទសួរ​គ្នា​ជាបឋម​អំពី​សុខភាព ឬក៏​អួត​គ្នា​អំពី​ជំងឺ​ដែល​ខ្លួន​កំពុងតែ​កើត។ អ្នកខ្លះ​មាន​ជំងឺ​មួយ​មុខ អ្នកខ្លះ​ពីរ​ឬ​បី​មុខ​ដំណាលគ្នា។

ជំងឺ​ពេញនិយម​ជាងគេ​ក្នុងសម័យ​ទំនើប​នេះ​មានដូចជា ទឹកនោមផ្អែម លើសឈាម លើស​ជាតិ​ខ្លាញ់ អាស៊ីត ឈឺសន្លាក់ និង​ជំងឺប្លែកៗជាច្រើន​ទៀត។ ជំងឺ​ទាំងនេះ​កើតឡើង​មិនរើស​មុខ មិនថា​អ្នកមាន អ្នកក្រ ឬក៏​នាម៉ឺន​មន្ត្រី​អ្វី​នោះឡើយ។ បើនិយាយតាមបែបផ្សេង អ្នក​ដែល​បញ្ចេញ​កម្លាំងពលកម្មច្រើន ​ប្រហែលជាមានសំ​ណាងជាងអ្នកដែល​នៅតែ​ក្នុង​ម៉ាស៊ីន​ត្រជាក់។​

មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​បណ្តាល​ឲ្យ​មនុស្ស​សម័យ​បច្ចុប្បន្ន​មាន​បញ្ហា​សុខភាព​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ។ មូលហេតុ​សំខាន់​ជាងគេ ​គឺ​ចំណីអាហារ​និង​បរិស្ថាន​ជុំវិញខ្លួន។ សារធាតុ​គីមី​ដែលជា​សត្រូវ​របស់​សុខ​ភាព​ត្រូវបាន​គេ​ប្រើប្រាស់​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ចំណីអាហារ​ស្ទើរតែ​គ្រប់មុខ រាប់​តាំងពី​ត្រី​សាច់ បន្លែ ផ្លែឈើ ដែល​មនុស្ស​បរិភោគ​ជា​រៀងរាល់ថ្ងៃ។ នៅពេលដែល​សារធាតុពុល​ទាំងអស់​នោះ​វាយលុក​ដោយ​ស្ងៀមស្ងាត់​ពី​ខាងក្នុង​ខ្លួន បរិយាកាស​ខាងក្រៅ​ក៏បាន​ចូលរួមចំណែក​បំផ្លាញ​សុខភាព​មនុស្ស​ដែរ​តាមរយៈ​ខ្យល់​ដកដង្ហើមដែលពោរពេញដោយជាតិពុល។

បន្ថែម​ពីលើ​នេះ អាកប្បកិរិយា​របស់​ម​នុស្ស​សម័យថ្មី​ដែលមិនសូវបញ្ចេញកម្លាំងពលកម្មក៏​ជា​កត្តា​អំណោយផល​មួយ​យ៉ាងខ្លាំង​ដែរ​ដល់​ភាព​ទ្រុម​ទ្រោម​នៃ​សុខភាពដែរ។ អាកប្បកិរិយា​ដ៏​គ្រោះថ្នាក់​មួយទៀត​របស់​ម​នុស្ស​សម័យ​បច្ចុប្បន្ន​ គឺ​ការនិយម​ពិសារ​គ្រឿង​ស្រវឹង​ដ៏​លើសលប់។​ មនុស្សកាន់តែក្មេងទៅៗត្រូវគេរកឃើញថា បានសេពគ្រឿង​ស្រវឹង​។ ​

នៅក្នុងពិធីជប់លៀង​​អាពាហ៍ពិពាហ៍នីមួយៗ ស្រា​បៀ និងស្រាថ្លៃៗត្រូវបាន​គេនាំគ្នាផឹកយ៉ាង​វក់វីរ​ហូតធ្លាក់ភ្នែក ​ដោយមិនបានគិតពីផលប៉ះពាល់ដល់សុខភាពឡើយ។ ចំណែកឯ​​ប្រព័​ន្ធ​សុខា​ភិបាល​វិញ​ ក៏​មិនទាន់អាចផ្តល់សេវា​គួរ​ឲ្យ​ទុកចិត្ត​នៅឡើយ។

ការចាកចេញ​ទៅ​ព្យាបាល​ជំងឺ​នៅឯ​បរទេស​របស់​ពល​រដ្ឋ​ខ្មែរ​ជាច្រើន គឺជា​ភស្តុតាង​បញ្ជាក់​ពី​បញ្ហា​នេះ​បាន។ ​ក្រៅពីប្រព័ន្ធសុខាភិបាល​ទន់ខ្សោយ ពលរដ្ឋ​ខ្មែរ​​ភាគច្រើន​​លើសលប់​គ្មាន​ទទួល​បាន​ការធានា​រ៉ាប់រងសុខភាពអ្វីទាំងអស់។ ​

រីឯការពិនិត្យសុខភាពជាប្រចាំក៏មិនមែនជាទម្លាប់​របស់ពលរដ្ឋខ្មែរទូទៅនោះដែរ។
ជា​​ការ​ពិតណាស់ កាលពី​មុនគេ​ធ្លាប់​បានលឺ​ពាក្យ​ថា «ពេលវេលា​ជា​មាសប្រាក់»។ ប៉ុន្តែ ឥឡូវនេះ គេ​បានលឺ​ពាក្យ​មួយ​ទៀតថា«សុខភាព​គឺជា​គ្រាប់ពេជ្រ»។ ពាក្យ​នេះ​ត្រូវបាន​អ្នក​ស្រឡាញ់​សុខភាព​លើកឡើង​ដើម្បី​ទាក់ទាញ​មនុស្ស​ទូទៅ​ ឲ្យ​យកចិត្តទុកដាក់​ចំពោះ​សុខ​ភាព ពីព្រោះ​សុខភាព​មានតម្លៃ​ជាងអ្វីៗទាំងអស់។ អ្នកមាន​ទ្រព្យ​ធន បុណ្យស័ក្តិ​នឹង​យល់​ច្បាស់​ថា ប្រាក់​នឹង​អំណាចគ្មាន​ន័យ​អ្វី​ទេ​នៅពេលដែល​ពួកគេ​ធ្លាក់ខ្លួន​ឈឺ​មើល​មិ​ន​ជា។

ចំណែក​អ្នក​ដែលជា​ជំហរ​ក្នុង​គ្រួសារ​វិញ ក៏​គង់តែ​នឹង​បាត់បង់​អ្វី​គ្រប់យ៉ាង​នៅពេលដែល​ពួកគេ​មាន​បញ្ហា​សុខភាព។ នេះ​ជា​ឧទាហរណ៍​ដែល​ស្តែង​ឲ្យ​ឃើញ​ពី​បញ្ហា​ប្រឈម​ធំធេង​របស់​គ្រួសារ​ខ្មែរ ក៏ដូចជា​សង្គម​ខ្មែរ​ទាំងមូល​ប្រសិនបើ​បញ្ហា​សុខ​ភាពមិន​ត្រូវបាន​យកចិត្ត​ទុកដាក់​ទេនោះ។ ចូរ​កុំភ្លេចថា មនុស្សម្នាក់ៗគឺជា​កោសិកា​នៃ​សង្គម ប្រសិនបើ​កោសិកា​ទាំង​នោះ​ទ្រុឌទ្រោម សង្គម​ក៏​​មិនអាច​រឹងមាំ​បានដែរ។

ដូច្នេះ ដើម្បី​ឲ្យ​គ្រួសារ និង​សង្គម​ទាំងមូល​ចៀសវាង​បាន​នូវ​គ្រោះថ្នាក់ ចាំបាច់​ណាស់​ដែល​ពលរ​ដ្ឋ​គ្រប់គ្នា​មាន​សុខភាព​ល្អ។ ដំណោះស្រាយ​ជាបឋម​គឺ ក្រសួង​មាន​សមត្ថកិច្ច​នានា​ត្រូវតែ​ច្បាស់លាស់​ក្នុងការ​ត្រួតពិនិត្យ​ចំណីអាហារ​ដែល​លក់​នៅលើ​ទីផ្សារ។ ការពង្រឹង​គុណភាព​សុខាភិបាល​ក៏​ជា​កាតព្វកិច្ច​មិនអាច​មើលរំលង​បានរបស់​​រដ្ឋាភិបាល​។

ទន្ទឹមនឹងនោះ ​មនុស្ស​ទូទៅ​ក៏ត្រូវ​ប្តូរ​ទម្លាប់​មិនល្អ​មួយចំនួន​ជា​ចាំបាច់។ ការងារ​ដែល​ប្រើ​កម្លាំងកាយ​ពិតជា​មាន​សារៈប្រយោជន៍​ខ្លាំងណាស់​សម្រាប់​សុខភាព។ ពលកម្ម​បានធ្វើ​ឲ្យ​សត្វ​ស្វា​វិវឌ្ឍន៍​មកជា​មនុស្ស ប៉ុន្តែ ការបោះបង់ចោល​ពលក​ម្ម​នឹងធ្វើ​ឲ្យ​មនុស្ស​វិវឌ្ឍន៍​ទៅជា​សត្វ​ជ្រូក​វិញ។ នេះ​ជា​ទស្សនៈវិស័យ​ដែល​គេ​បាន​ស្រមៃ​ឃើញ​ជាស្រេច​សម្រាប់​អនាគត​មនុស្សជាតិ។

សម្រាប់​សង្គម​ខ្មែរ បញ្ហា​សុខភាព​ត្រូវគេ​ប៉ាន់ប្រមាណ​ថា នឹង​ក្លាយជា​ចំណោទ​ធំធេង​មួយក្នុង​ពេលអនាគត។ ក្នុង​រយៈពេល​មិនយូរ​ខាងមុខ មនុស្ស​ខ្មែរ​ជាច្រើន​ត្រូវគេរំពឹងថានឹង​មាន​សុខភាព​ទ្រុឌទ្រោម​មុន​អាយុ ប្រសិនបើវិធានការ​នានា​មិន​ត្រូវបាន​ចាត់​ឡើង​ស្របគ្នា​និង​ទាន់ពេលវេលា​ទេនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ