អានតួអត្ថបទ
អាមេរិក-ឡាវ

ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​របស់​លោកស្រី​គ្លីនតុន​(Clinton) នៅ​ប្រទេស​ឡាវ

ក្រោយ​ពី​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាមរួចមក នៅ​ថ្ងៃ​ពុធ​ទី​១១​កក្កដា​នេះ លោក​ស្រី​រដ្ឋមន្រ្តីក្រសួង​ការបរទេស​អាមេរិកាំង​ហ៊ីឡារី គ្លីនតុន(Hillary Clinton) បាន​ទៅ​ប្រទេស​ឡាវ។ ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​វាងចាន​(Vientiane)​នេះ​របស់​លោកស្រី​គ្លីនតុន​មាន​រយៈ​ពេល​ខ្លី ដ្បិត​លោកស្រី​ប្រមុខ​ការទូត​អាមេរិកាំង​ត្រូវ​ប្រញាប់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​បូក ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស។

លោកស្រី​រដ្ឋមន្រ្តី​ក្រសួងការបរទេស​អាមេរិកាំង​ហ៊ីឡារី ​គ្លីនតុន​(Hillary Clinton)​និង​លោកនាយករដ្ឋមន្ត្រីឡាវ​ ថុងស៊ីង​ ថាម៉ាវង្ស​(Thongsing Thammavong)
លោកស្រី​រដ្ឋមន្រ្តី​ក្រសួងការបរទេស​អាមេរិកាំង​ហ៊ីឡារី ​គ្លីនតុន​(Hillary Clinton)​និង​លោកនាយករដ្ឋមន្ត្រីឡាវ​ ថុងស៊ីង​ ថាម៉ាវង្ស​(Thongsing Thammavong) Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​លើក​ទី​មួយ​ហើយ​តាំង​ពី​ឡាវ​ក្លាយ​ជា​កុម្មុយនិស្ត​នៅ​ឆ្នាំ​១៩៧៥​មក ដែល​អ្នក​ដឹក​នាំ​អាមេរិកាំង​ជាន់​ខ្ពស់​មួយ​រូប​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ។ ទោះ​បី​ជា​ទំនាក់ទំនង​មិន​ដែល​ត្រូវ​បាន​ផ្តាច់​ក្នុង​រយៈ​ពេល​ជិត​៤០​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្តី ក៏​សហរដ្ឋអាមេរិក​និង​ឡាវ​មើល​មុខ​គ្នា​មិន​ចំ​ដែរ ដោយហេតុតែ​វ៉ាស៊ីនតោន​(Washington) គាំទ្រ​ពួក​ជនជាតិ​ភាគ​តិច​ម៉ុង(Hmong) ដែល​ជា​សត្រូវ​សួ​ពូជ​របស់​វាងចាន​។

 
ក្នុង​ឱកាស​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​នេះ លោកស្រី​គ្លីនតុន បាន​ជួប​ប្រាស្រ័យ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ឡាវ ថុងស៊ីង ថាម៉ាវង្ស(Thongsing Thammavong) និង​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ឡាវ ថុងឡួន ស៊ីស៊ូលីត(Thongloun Sisoulith)។

នៅ​ក្នុង​ចំណោម​ប្រធាន​រឿង​ដែល​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា ឃើញ​មាន​ជា​អាទិ៍​បញ្ហា​ដែល​នៅ​សេសសល់​ពី​សង្គ្រាម​វៀត​ណាម ដូច​យ៉ាង​អ្វី​ដែល​គេ​ហៅ​ថា «Agent orange» ឬ​សារធាតិ​ពុល​ដែល​កងទ័ព​អាមេរិកាំង​បាន​ប្រើ​ប្រាស់​ដើម្បី​ប្រឆាំង​នឹង​កង​កម្លាំង​កុម្មុយនិស្ត​ឡាវ និង​គ្រាប់បែក​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​ដែល​នៅ​បង្កប់​ក្នុង​ទឹក​ដី​នៃ​ប្រទេស​ឡាវ។

ក្រៅ​ពី​នេះ លោកស្រី​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិកាំង​ក៏​បាន​លើក​ឡើង​ផង​ដែរ នូវ​គម្រោង​ទំនប់​វារិអគ្គិសនី​ទន្លេ​មេគង្គ​របស់​រដ្ឋាភិបាល​ឡាវ គម្រោង​ដែល​បាន​និង​កំពុង​បន្ត​ធ្វើ​ឱ្យ​វៀតណាម​និង​កម្ពុជា​ដែល​ជា​ប្រទេស​ជិត​ខាង​មិន​សប្បាយចិត្ត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ