អានតួអត្ថបទ
ហុងកុង-ឥណ្ឌូណេស៊ី

អ្នក​បំរើ​តាម​ផ្ទះ​ជាតិ​ឥណ្ឌូណេស៊ី ធ្វើ​បាតុកម្ម បរិហារ​ទាសភាព​បែប​ថ្មី​នៅ​ហុងកុង

បុគ្គលិក​អ្នក​បំរើ​តាម​ផ្ទះ​រាប់​ពាន់​នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ ក្នុង​ថ្ងៃ​អាទិត្យ​នេះ នៅ​តាម​ផ្លូវ​ក្រុង​ហុងកុង ដើម្បីទាមទារ​ឱ្យ​តុលាការ​ជួយ​រក​យុត្តិធម៌​ដល់​អ្នកបំរើ​ស្រី​ឥណ្ឌូណេស៊ី​មា្នក់​ ដែល​ត្រូវ​ម្ចាស់​ផ្ទះ​ធ្វើ​បាបជា​ទម្ងន់។ អ្នក​បំរើ​ ​ដែល​ជា​ញឹកញយ​តែង​រង​ការ​ធ្វើ​បាប​ និង​ទារុណកម្ម​ពីសំណាក់​ម្ចាស់​ផ្ទះ​ តែ​មិន​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់ទេ។

អ្នក​បំរើ​តាម​ផ្ទះ​ឥណ្ឌូណេស៊ី​ធ្វើ​បាតុកម្ម​នៅក្រុង​​ហុងកុង ថ្ងៃទី ១៩ មករា ២០១៣
អ្នក​បំរើ​តាម​ផ្ទះ​ឥណ្ឌូណេស៊ី​ធ្វើ​បាតុកម្ម​នៅក្រុង​​ហុងកុង ថ្ងៃទី ១៩ មករា ២០១៣ © Reuters
ផ្សាយពាណិជ្ជកម្ម

មាន​គ្នា​ប្រមាណ​៥ពាន់​នាក់ បណ្តាអ្នក​បំរើ​តាម​ផ្ទះ​ជាតិ​ឥណ្ឌូណេស៊ី គាំទ្រ​ដោយ​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ បាន​នាំ​គ្នា​ចុះ​ថ្នល់​​ ហែ​ញត្តិទៅ​ប្រគល់​ឱ្យ​មេប៉ូលិស​ហុង​កុង​ផ្ទាល់ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​បើក​អង្កេត​ត្រឹម​ត្រូវ​លើករណី​ធ្វើ​ទារុណកម្ម​លើ​អ្នក​បំរើ និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ហុង​កុង​ចាត់​វិធានការ​ទប់​ស្កាត់​ការ​ធ្វើ​បាប​បុគ្គលិក​ក្នុង​ផ្ទះ។

ដើម​ហេតុ​នៃ​ការ​ផ្ទុះ​កំហឹង​នេះ បណ្តាល​មក​ពី​យុវតី​ឥណ្ឌូណេស៊ី​ម្នាក់ អាយុ​២២​ឆ្នាំ Erwiana Sulistyaningsih បាន​​មក​ធ្វើ​ការ​ងារ​តាម​ផ្ទះ​នៅ ហុងកុង​ កាលពី​ខែ​ឧសភា ២០១៣ ទើប​បញ្ជូន​ត្រលប់​​ទៅ​ស្រុក​កំណើត​វិញ​កាលពី​ថ្ងៃទី​១០ មករា ដើម្បីទទួ​ល​ការ​ព្យាបាល បន្ទាប់ពី​បាន​រង​គ្រោះ​ទារុណកម្ម និង​ធ្វើ​បាប​ពី​សំណាក់​ម្ចាស់​ផ្ទះ ជា​ថៅកែ​ជនជាតិ​ហុងកុង អស់​រយៈពេល​ជិត​៨​ខែ។

ហុងកុង​ ​អតីត​ដែន​ដីអាណានិគម​អង់គ្លេស ត្រូវការ​កម្លាំង​ពលកម្ម​​​បំរើ​ការងារ​តាម​ផ្ទះ​ប្រមាណ​ជាង​បី​សែន​នាក់ ភាគ​ច្រើនជា​ជន​ជាតិ​​ហ្វីលីពីន និង​ឥណ្ឌូណេស៊ី។ ថ្វី​បើ​ជាទូទៅ ហុងកុង​ មាន​ការ​ការពារ​សិទ្ធិ​បុគ្គលិក​តាម​ផ្ទះ​​ខ្លាំង​ជាង​បណ្តាប្រទេស​អាស៊ី​ភាគ​ខាង​ត្បូង​មែន ប៉ុន្តែ​​ការ​រិះគន់​​មាន​កាន់​តែ​ច្រើន​ឡើងៗ​ ចំពោះ​ករណី​ម្ចាស់​ផ្ទះ​ធ្វើ​បាប​អ្នក​បំរើ និង​ចំពោះ​ភាព​ស្ពឹក​ស្រពន់​របស់​អាជ្ញាធរ​ ដែល​មិន​អើ​ពើ​ស្តាប់​បណ្តឹង​ ឬ​បើ​ក​សំណុំ​រឿង​​រំលោភ​បំពាន​របស់​ថៅកែ​មក​លើ​បុគ្គលិកទេ។

ជាក់​ស្តែង​ក្នុង​ករណី​នាង​ Erwiana Sulistyaningsih ប៉ូលិស​ហុងកុង​ បាន​ចាត់​ទុក​ជា​បឋម​ ត្រឹម​ប្រព្រឹត្ត​​បទ​ល្មើស​ ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​តិច​តួច​ប៉ុណ្ណោះ មុន​នឹង​ប្តូរ​ទៅ​ការ​អង្កេត​ឧក្រិដ្ឋ​វិញ​។ ក្រុម​អ្នក​អង្កេត​នឹង​ធ្វើ​ដំណើរ​ទៅ​​ឥណ្ឌូណេស៊ី​ ដើម្បី​សាក​សួរ​ជន​រងគ្រោះ។ ប៉ុន្តែ​សំណុំ​រឿង​អាច​​វិវឌ្ឍន៍​ផ្អើល​ពិភពលោក​នៅ​ពេល​នេះ​ ក៏​ព្រោះ​តែ​ក្រុម​អ្នក​បំរើ និង​សារព័ត៌មាន​ បានបក​អាក្រាត​និង​ដាក់​សម្ពាធ​ខ្លាំង​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ