អានតួអត្ថបទ
កម្ពុជា

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បើក​យុទ្ធនាការ “ប្រតិទិន​យុត្តិធម៌” សម្រាប់​លោក​ម៉ម សូណង់ដូ

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា របស់លោក អ៊ូ វីរៈ បានប្រកាស​សម្ពោធ​យុទ្ធនាការ "​ប្រតិទិន​យុត្តិធម៌ លោក​ម៉ម សូណង់ដូ​" ដែល​នឹង​ត្រូវ​ធ្វើឡើង​ នា​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា សប្តាហ៍​ក្រោយ។ ក្នុង​យុទ្ធនាការ​រាប់ថ្ងៃ ជាប់ពន្ធនាគារ​សម្រាប់​លោក ម៉ម សូណង់ដូ គម្រប់ ៦ ខែនោះ ក៏​នឹងមាន​ការ​ប្រកួត​​រចនា​ប័ណ្ណ​ប៉ុស្តា​ល់ សម្រាប់​ឧទ្ទិស​ជាពិសេស​ដល់​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ដែល​ត្រូវបាន​តុលាការ​ផ្តន្ទាទោស ដាក់​ពន្ធនាគារ ២០ ឆ្នាំ ក្នុងរឿង​ជម្លោះដីធ្លី នៅ​ខេត្ត​ក្រចេះ។

លោកម៉ម សូណង់ដូ​នៅក្រោយ​​បញ្ចប់​សវនាការកាត់ទោស នៅថ្ងៃសុក្រ ១៤កញ្ញា ២០១២​​
លោកម៉ម សូណង់ដូ​នៅក្រោយ​​បញ្ចប់​សវនាការកាត់ទោស នៅថ្ងៃសុក្រ ១៤កញ្ញា ២០១២​​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានប្រកាសនៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៣ ថា នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៣ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នឹងប្រកាសសម្ពោធ​​យុទ្ធនាការ "​ប្រតិទិន​យុត្តិធម៌ លោក ម៉ម សូណង់ដូ​" និង​ការប្រកួត​រចនា​ប័ណ្ណ​ប៉ុស្តា​ល់ ដើម្បី​ជា​កិច្ច​គម្រប់​រយៈពេល ប្រាំមួយ​ខែ ឬ​រយៈពេល ១៨៦ ថ្ងៃ ចាប់ពី​ថ្ងៃ ដែល​លោក ម៉ម សូណង់ដូ ត្រូវបាន​ចាប់ខ្លួន និង​ឃុំខ្លួន ដោយសារ​ការផ្តន្ទាទោស​។

តាមសេចក្តីប្រកាស កម្មវិធី​ពិសេស​នោះ ក៏​ដើម្បី​ដាក់​សម្ពាធ​បន្ថែម​លើ​អាជ្ញាធរ ដើម្បី​ឲ្យមាន​ការដោះលែង​លោក ម៉ម សូណង់ដូ ផងដែរ​។​

​លោក ម៉ម សូណង់ដូ ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១២ និង​ចោទប្រកាន់​ថា លោក​បាន​ញុះញង់​ឲ្យមាន​ការបង្កើត​តំបន់​អបគម​ន៍ ក្នុងភូមិ​ប្រម៉ា ខេត្ត​ក្រចេះ​។​ រឿងក្តី​នោះ កាលពីថ្ងៃទី១តុលា ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស ដាក់​ពន្ធនាគារ ២០ ឆ្នាំ។

សេចក្តីប្រកាស​ព័ត៌មាន​ដដែល ក៏បាន​លើកឡើង​ថា យុទ្ធនាការ​ប្រតិទិន​យុត្តិធម៌ លោក ម៉ម សូណង់ដូ មាន​គោលបំណង ទាក់ទាញ​នូវ​ចំណាប់អារម្មណ៍ ទៅ​លើ​ចំនួន​ថ្ងៃ​ដែល​លោក ម៉ម សូណង់ដូ ត្រូវ​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នឹងដាក់​បង្ហាញ​​ប្រតិទិន​យុត្តិធម៌​នោះ នៅ​មុខ​ការិយាល័យ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហើយ​រាប់​ចំនួន​ថ្ងៃ ដែល​លោក​ត្រូវបាន​ចាប់ខ្លួន និង​អំពាវនាវ​ឲ្យ​បណ្តា​អង្គការ​សង្គម​ស៊ីវិល និង​សាធារណ​ជន ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ផងដែរ​។

​រួមជាមួយ​នឹង​យុទ្ធនាការ​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នឹង​ប្រកាស​អំពី​ការប្រកួត​រចនា​ម៉ូដ កាត​ប៉ុស្តា​ល់ ដែល​នឹង​បើកចំហ​ជា​សាធារណៈ​។ នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៣ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នឹង​ជ្រើសរើស​កាត ដែល​ស្អាត​បំផុត​ចំនួន​បី​សន្លឹក ហើយ​បោះពុម្ព​ជា​កាត​ប៉ុស្តា​ល់ និង​ចែក​ជូន​ទៅ​សាធារណជន ដែល​គាំទ្រ​លោក ម៉ម សូណង់ដូ​។​

​សេចក្តីប្រកាស បានបង្ហាញ​ថា "​សាធារណជន​អាច​សរសេរ​ជា​សារ​លើកទឹកចិត្ត​ទៅកាន់ លោក ម៉ម សូណង់ដូ នៅលើ​កាត​ប៉ុស្តា​ល់ រួច​ផ្ញើ​មក​កាន់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​វិញ ដែល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នឹង​អាន​សារ​ទាំងនេះ ក្នុង​កម្មវិធី​វិទ្យុ ដែល​ជា​ម៉ោង​ផ្សព្វផ្សាយ របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហើយ​កាត​ទាំងនេះ នឹង​ផ្ញើ​ជូន​លោក ម៉ម សូណង់ដូ នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​"​។​

មាន​អាយុ ៧១ ​ឆ្នាំ លោក ម៉ម សូណង់ដូ ដែល​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស សព្វថ្ងៃ​កំពុង​ឈឺធ្មេញថ្គាម ពិសារអ្វី​មិនកើតឡើយ។ លោក ម៉ម សូណង់ដូ ខ្មែរ​សញ្ជាតិ​បារាំង នឹង​កោសក់ កាន់ទុក្ខ នៅថ្ងៃ៤​កុម្ភៈ នៅពេល​ថ្វាយព្រះភ្លើង បូជា​ព្រះបរមសព សម្តេចព្រះ នរោត្តម សីហនុ។ នេះបើតាម​អ្នកស្រី ហួន ផាណារី អគ្គលេខាធិការរង សមាគម​អ្នកប្រជាធិបតេយ្យ របស់​លោក ម៉ម សូណង់ដូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ