អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កា​រ​រំលោភ​​សិទ្ធិ​មនុស្ស​​បង្កប់ ​ក្នុង​​ផ្នត់​គំនិត​​ដឹក​នាំ​​សង្គម​ចាស់​​គំរឹល​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០​ធ្នូ ត្រូវ​បាន​ប្រារព្ធ​ឡើង​យ៉ាង​កង​រំពង​នៅ​ថ្ងៃនេះ។ ទាំង​អង្គការ​សង្គម​ស៊ីវិល ទាំង​បក្ស​ប្រឆាំង ទាំង​រដ្ឋាភិបាល​បក្ស​កាន់​អំណាច សុទ្ធតែ​បាន​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ក្នុង​ន័យ​លើកស្ទួយ​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ព្រឹត្តិការណ៍​នេះ បាន​កើតឡើង ខណៈ​ដែល​ការ​រំលោភ​សិទ្ធិមនុស្ស នៅ​តែ​ជា​បញ្ហា​ក្តៅគគុក​នៅឡើយ។ ការ​រំលោភ​សិទ្ធិមនុស្ស ដែល​ជា​ទូទៅ​បាន​បង្កប់​ក្នុង​ផ្នត់គំនិត​ដឹកនាំ​បែប​ចាស់​គំរឹល។ ដូច្នេះ ដើម្បី​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស គេ​ត្រូវ​ផ្តើម​ពី​ការ​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​អ្នកនយោបាយ និង​មន្ត្រី​អាជ្ញាធរ​មុន​គេ។

ក្រុម​ស្ត្រីអ្នក​ភូមិបឹងកក់ តវ៉ានៅមុខសាលាក្រុងភ្នំពេញ ទាមទារដំណោះស្រាយ​សិទ្ធមនុស្ស។
ក្រុម​ស្ត្រីអ្នក​ភូមិបឹងកក់ តវ៉ានៅមុខសាលាក្រុងភ្នំពេញ ទាមទារដំណោះស្រាយ​សិទ្ធមនុស្ស។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

សកម្មជន​រាប់ពាន់នាក់​រាប់ទាំង​ព្រះសង្ឃ​មួយចំនួន​ផង​បាននាំគ្នា​និមន្ត​និង​ដើរ​ដោយ​ជើង​លើ​ចម្ងាយ​ផ្លូវ​រាប់រយ​គីឡូម៉ែត្រ​ដោយ​ប្រើ​រយៈពេល​ច្រើន​ថ្ងៃ​ដោយ​មិន​ខ្លាច​នឿយហត់។ បុព្វហេតុ​របស់​ពួកគេ​គឺ​ទាមទារ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស។ ចំណែក​គណបក្សប្រឆាំង​និង​អាជ្ញាធរ​រដ្ឋាភិបាល​ក៏បាន​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ដូចគ្នា​ដែរ។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា គ្រប់គ្នា​សុទ្ធតែ​ផ្តល់​តម្លៃ​ដល់​ការគោរព​សិទ្ធិមនុស្ស។ ប៉ុន្តែ ការផ្តល់​និយមន័យ​អំពី​សិទ្ធិមនុស្ស​ហាក់​មិនទាន់​ស៊ីសង្វាក់​គ្នា​នៅឡើយ​ទេ។ 

ជាទូទៅ រដ្ឋាភិបាល​តែង​រម្លឹក​ពី​របប​ខ្មែរក្រហម​ដើម្បី​បង្ហាញ​ពី​ស្នាដៃ​របស់ខ្លួន​សម្រាប់​បុព្វហេតុ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ គណបក្សកាន់អំណាច​ចង់​រំលេច​ឲ្យ​ឃើញថា ខ្លួន​ពិតជា​បាន​នាំមក​នូវ​សិទ្ធិសេរីភាព​ដ៏​សំខាន់​ដល់​ប្រជាជន​កម្ពុជា​នោះ​គឺ​សិទ្ធិ​រស់រានមានជីវិត​ដែល​ត្រូវបាន​ដកហូត​ដោយ​ពួក​ខ្មែរក្រហម ។ សម្រាប់​បក្ស​កាន់អំណាច សមិទ្ធផល​ទាំងឡាយ​ដែល​ប្រជាជន​កម្ពុ​ជាមាន​នៅពេល​នេះ​គឺ​បានមក​ដោយសារ​ថ្ងៃ៧មករា។ ហេតុផល​នេះ​មិន​ខុស​ឡើយ​ពីព្រោះថា​កាលណោះ​ការ​បន់ស្រន់​ដ៏​សំខាន់បំផុត​របស់​ពល​រដ្ឋ​ខ្មែរ​គ្រប់រូប​គឺ​សុំ​ឲ្យ​មាន​អ្នក​ជួយសង្គ្រោះ​ចេញពី​របប​មច្ចុរាជ​ខ្មែរក្រហម។

ពិតណាស់ បើ​ធៀប​នឹង​របប​ប៉ុល ពត អ្វីដែល​កម្ពុ​ជាមាន​សព្វ​ថ្ងៃ​ពិតជា​សមិទ្ធផល​ដ៏​សម្បើម​មួយ។ ប៉ុន្តែ សិទ្ធិសេរីភាព​របស់​ម​នុស្ស​មិនមែន​ត្រឹមតែ​ការរស់រានមានជីវិត​នោះទេ តែ​មនុស្ស​ត្រូវការ​សិទ្ធិសេរីភាព​ច្រើនជាង​នេះ​ទៅតាម​ការវិវឌ្ឍ​នៃ​សង្គម​បរិយាកាស​ដែល​ខ្លួន​កំពុង​រស់នៅ​ពោលគឺ​ជាង ៣០ឆ្នាំ​ក្រោយមក សេចក្តីត្រូវការ​របស់​ពលរដ្ឋ​ខ្មែរ​ប្រែប្រួល​ខុសពី​របប​ខ្មែរក្រហម​ឆ្ងាយ​ណាស់។ បច្ចុប្បន្ន មនុស្ស​ខ្មែរ​មួយក្រុម​ជាពិសេស​ក្រុមអ្នកមានអំណាច​និង​មាន​ប្រាក់​ហាក់​បាន​សមបំណង​រប​ស់​ខ្លួន​ហើយ។

នៅឡើយ​តែ​ខ្មែរ​មួយក្រុម​ទៀត​ដែលជា​អ្នកក្រីក្រ​ជាពិសេស​អ្នករងគ្រោះ​ដោយសារ​បញ្ហាដីធ្លី​និង​ដោយសារ​អយុត្តិធម៌​សង្គម​ផ្សេងទៀត​ហាក់​នៅមាន​អារម្មណ៍​ថា ខ្លួន​កំពុង​រស់ក្នុង​សង្គម​បរិយាកាស​ដែល​រង​ការរំលោភបំពាន​សិទ្ធិ​មិន​ខុស​ឆ្ងាយ​ពី​ជាង៣០ឆ្នាំមុន​ប៉ុន្មាន​នៅឡើយ។ នេះ​នៅ​មិនទាន់​រាប់ សិទ្ធិ​ក្នុង​ការធ្វើ​នយោបាយ សិទ្ធិ​បញ្ចេញមតិ និង​សិទ្ធិ​ទទួលបាន​ប្រាក់កម្រៃ​សមរម្យ... ផង​ទេ។ មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​បណ្តាល​ឲ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ មូលហេតុ​សំខាន់​ជាងគេ​គឺ​មកពី​មន្ត្រី​មានអំណាច​ដើរ​មិនទាន់​សភាពការណ៍​វិ​វ​ឌ្ឍ​របស់​ប្រទេសជាតិ។ ជាង៣០ឆ្នាំ​កន្លងផុតទៅ មន្ត្រី​មួយចំនួន​ជាពិសេស​គឺ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​តែម្តង​នៅតែ​គិតថា អំណាច​អាចធ្វើ​អ្វី​ក៏បាន ហើយ​ពួកគេ​នៅតែ​ប្រើ​វិធី​គ្រប់គ្រង​មនុស្ស​តាមបែប​ចាប់បង្ខំ​ដដែល។

ជាក់ស្តែង សមត្ថកិច្ច​ខ្លះ​នៅតែ​ប្រើ​វិធី​គំរាមកំហែង​កុំ​ឲ្យ​ពលរដ្ឋ​ប្រឆាំង​តវ៉ា​ជាមួយ​ខ្លួន។ អាជ្ញាធរ​នៅតែ​ប្រើ​វិធី​រារាំង​សូម្បីតែ​ការដើរ​ដង្ហែ​ក្បួន​ដោយ​សន្តិវិធី​ដែលមាន​មនុស្ស​តែ​ប៉ុន្មាន​សិប​នាក់​ចូលរួម។ មន្ត្រី​អ្នកមាន​បុណ្យស័ក្តិ​ខ្លះទៀត​នៅតែ​គិតថា អំណាច​អាច​ការពារ​ពួកគេ​ឲ្យ​ផុតពី​សំណាញ់​ច្បាប់​បាន។ ផ្នត់គំនិត​ទាំងនេះ​មិន​ត្រឹមតែ​ជា​បុព្វហេតុ​នាំ​ឲ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ធ្វើ​ឲ្យ​វប្បធម៌​និ​ទណ្ឌ​ភាព​បន្ត​មាន​អត្ថិភាព​មិន​ងាយ​គាស់​រំលើង​ផងដែរ។ និយាយ​ដោយ​ខ្លី អ្នកនយោបាយ​ឬ​មន្ត្រី​អាជ្ញាធរ​មួយចំនួន​ហាក់ដូចជា​ទទួលបាន​ផ្នត់គំនិត​ថ្មី​តាមបែប​ប្រជាធិបតេយ្យ​តិចជាង​ប្រជាពលរដ្ឋ​របស់ខ្លួន​ផង។

ដូច្នេះ ដើម្បី​លើកស្ទួយ​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា គេ​ត្រូវ​ផ្តើម​ពី​ការផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​អ្នកនយោបាយ​និង​ជាពិសេស​គឺ​មន្ត្រី​និង​អាជ្ញាធរ​មានអំណាច​តែម្តង។ របៀប​ដឹកនាំ​ដែល​បង្ខំ​ឲ្យ​គេ​ជឿ«រឿង​ខុស​ថា​ជា​ត្រូវ»លែងមាន​ប្រសិទ្ធភាព​ទៀតហើយ​ក្នុង​បរិបទ​ដែល​ពលរដ្ឋ​យល់ដឹង​ច្រើនជាង​មុន។ រីឯ​ការ​លាក់បាំង​ព័ត៌មាន​ក៏​មិនអាច​ទៅរួច​ទៀត​ដែរ​ក្នុង​បរិបទ​ដែល​បណ្តាញ​ផ្សាយ​ព័ត៌មាន​រីកដុះដាល​ព្រោងព្រាត។ នេះ​ជា​ផ្លែផ្កា​នៃ​ប្រជាធិបតេយ្យ​ដែល​គ្មាន​អ្នកណា​អាច​មើលរំលង​បានឡើយ។

សរុប​មកវិញ អំណឹះតទៅ ប្រសិទ្ធភាព​នៃ​ការដឹកនាំ​គឺ​ស្ថិតនៅលើ​ការព្យាយាម​ស្វែងយល់​ពី​សេចក្តីត្រូវការ​របស់​ព​ល​រដ្ឋ​និង​ឆ្លើយតប​តាម​តម្រូវការ​ជាក់ស្តែង​រប​ស់​ពួកគេ​ឲ្យ​បាន​សមស្រប។ នេះ​ជា​វិ​ញ្ញា​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ដែល​អ្នកនយោបាយ​ត្រូវ​ប្រឡងប្រជែង​គ្នា។ អ្នកណា​ឈ្នះ​ក្នុង​វិញ្ញាសា​នេះ​នឹង​ទទួលបាន​ការផ្តល់​ពិន្ទុ​ល្អ​ពី​អ្នកបោះឆ្នោត។ រីឯ​អ្នកចាញ់​នឹង​ត្រូវគេ​ផាត់​ចេញពី​សង្វៀន​ជា​ស្វ័យប្រវត្តិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ