អានតួអត្ថបទ
កម្ពុជា

លោក​​ហ៊ុន សែន​​ស្នើ​ឱ្យ​​អន្តរជាតិ​​យោគ​យល់​​ពី​​វិធាន​ការ​​ក្តៅ​ដើម្បី​​បង្ការ​​ភាព​វឹក​វរ​

ប្រមុខ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​ថ្ងៃទី១៤ មេសា បាន​ថ្លែងស​ន្ទរកថា​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១។ ឆ្នាំ២០១៦ដែល​សង្គម​នយោបាយ​ក​ម្ពុ​ជា​បាន​កើនឡើង​កំដៅ​សារជាថ្មី​ដោយសារតែ​ ការចាប់​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ដែល​បានធ្វើឱ្យ​មានការ​រិះគន់។ ទន្ទឹមនឹងនោះ លោកនាយក​រដ្ឋមន្ត្រី​បានស្នើ​សហគមន៍​អន្តរជាតិ​យោគយល់​ពី​វិធានការ​របស់​រដ្ឋអំណាច។

លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៦។
លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៦។ @Agnkor Sankrata Page
ផ្សាយពាណិជ្ជកម្ម

“សង្ឃឹម​ថា​ប្រជាជន​កម្ពុជា​ទាំងអស់​និង​រួបជា​មួយខ្ញុំ​ដើម្បីថែ​រក្សាសុខ​សន្តិភាព​របស់​យើង​ ហើយបញ្ហាសន្តិភាព និង​ស្ថេរភាព ​សង្ឃឹម​ថា​មិត្តភក្តិ បរទេស​នឹង​មានការយោគ​យល់ដល់​កម្ពុជា។ យោគយល់​ដល់វិធានការទាំងឡាយ​ដែល​រាជ​រដ្ឋា​ភិបាល​បាន​ចាត់​វិ​ធាន​ការ​ដើម្បីទប់ស្កាត់​នូវ​ចលាចល​ណា​មួយក្នុង​សង្គម​កម្ពុជានេះ​គឺជា​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី ដែល​បាន​ថ្លែង​ក្រោយ​ការចាប់ខ្លួន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​បក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា ខណៈដែល​មានការ​រិះគន់​លើ​ចំណាត់ការ​ក្តៅ​នេះ។

ជាការ​រិះគន់​ទៅលើ​ទិដ្ឋភាព​ច្បាប់​ព្រោះថា​លោក​អុំ​សំអាន​ដែលជា​តំណាងរាស្ត្រ ត្រូវ​ចាប់ខ្លួន​ទាំង​រដ្ឋសភា​មិនបាន​ដក​ភ័យ​ឯក​សិទ្ធ។ សម្រាប់​អ្នកវិភាគ​មួយចំនួន​នេះ គឺជា​យុទ្ធនាការ​ដើម្បី​បង្ក្រាប​អ្នកប្រឆាំង​នៅ​កម្ពុជា។ បន្ថែម​ពីលើ​នេះ​តាមរយៈ​បណ្តាញសារព័ត៌មាន​នៅក្នុង​ស្រុក ស្ថានទូត​អាមេរិក បាន​សុំ​ការពន្យល់​ពី​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការចាប់ខ្លួន​លោក​អ៊ុំ សំអាន​ដែលជា​ជនជាតិខ្មែរ​សញ្ជាតិ​អាមេរិក​នេះ​ផងដែរ។ ប៉ុន្តែ​រដ្ឋាភិបាល​បានចាត់ទុក​វិធានការ​ទាំងឡាយ​ថា​ជា​យន្តការ​ដើម្បី​ការពារ​សន្តិភាព​នៅ​កម្ពុជា និង​ដើម្បី​បង្ក​ភាពវឹកវរ​ណាមួយ​ដែលជា​ចេតនា​នយោបាយ​នៅ​ពី​ខាងក្រោយ។

សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី ខ្មែរ​មាន​វប្បធម៌​អត់អោន និង​អធ្យាស្រ័យ​គ្នា ហើយ​នៅពេល​ដែលមាន​បញ្ហា​អស្ថេរភាព​មួយណា​កើតឡើង​នោះ ពលរដ្ឋ​កម្ពុជា​ទេ​ដែលជា​អ្នក​រងទុក្ខវេទនា។ សូមបញ្ជាក់ថា លោក​អ៊ុំ សំអាន​ត្រូវបាន​ចាប់ខ្លួន និង​ចោទ​ប្រកាន់​ពីបទ​បង្ក​ភាពវឹកវរ​ដល់​សង្គម។ ការចាប់ខ្លួន​នេះ គឺ​បន្ទាប់ពី​តំណាងរាស្ត្រ​ដែល​សកម្ម​រឿង​ព្រំដែន​រូបនេះ​បាន​បង្ហោះ​ផែនទី​និង​អត្ថាធិប្បាយ​ពី​ការបាត់បង​ទឹកដី​កម្ពុជា​ទៅឱ្យ​វៀតណាម ដែល​រដ្ឋាភិបាល​បាន​អះអាងថា​ជាការ​បំភ្លៃ និង​ជាការ​ធ្វើ​នយោបាយ​ប្រជា​ភិ​ថុ​ទ។

ដោយឡែក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ មិនបាន​ឆ្លើយតប​ចំពោះ​ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​នោះទេ គណបក្សប្រឆាំង​ដែល​ធំជាងគេ​មួយ​នេះ បាន​អះអាងថា គណបក្ស​មាន​គោលជំហរ សាមគ្គី ឯកភាព​ជាតិ ហើយ​នេះ​គឺជា​អ្វីដែល​អ្នកនយោបាយ​ត្រូវតែ​គោរព។ សម្រាប់​គណបក្សប្រឆាំង សន្តិ​ភាពមិន​មែនមាន​តែ​សន្តិភាព​គ្មាន​សង្គ្រាម​នោះទេ សន្តិភាព​គឺ​ត្រូវតែមាន​នៅក្នុង​ផ្លូវចិត្ត។ ជា​សន្តិភាព និង​យុត្តិធម៌ ដែល​កើតចេញពី​ការគោរព​ច្បាប់។

យ៉ាងណាក៏ដោយ ការអំពាវនាវ​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​វិធានការ​ក្តៅ​នេះ ត្រូវបាន​អ្នកវិភាគ​បាន​អះអាងថា​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​អាច​ទទួលរង​គំនាប​ណាមួយ​ពី​សហគមន៍​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ