អានតួអត្ថបទ
កម្ពុជា

លោក​​នា​​យក​​រដ្ឋ​​មន្ត្រី​ ហ៊ុន ​សែន​ បញ្ជាក់​​ជា​​ថ្មី​ថា​មិន​ចុះ​ចេញ​ពី​តំណែង​

លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សា​ធារណៈ​ម្តង​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​នឹង​មិន​ចុះ​ចេញ​ពី​តំណែង​តាម​ការ​ទាមទារ​របស់​បក្ស​ប្រឆាំង​ទេ។ ផ្ទុយ​ទៅ​វិញ ​លោក​នឹងនៅ​តែ​បន្ត​ធ្វើ​ជា​នា​យក​រដ្ឋ​មន្ត្រី​សម្រាប់​អាណត្តិ​៥​ឆ្នាំ​ខាង​មុខ​នេះ ​ប្រកប​ដោយ​ការ​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ម្ចាស់​ឆ្នោត​។ នេះ​ជា​លើក​ទី​២​ហើយ​ ចាប់​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ដែល​ប្រមុខ​រដ្ឋា​ភិបាល​គណ​បក្ស​ប្រជាជន​បាន​បញ្ជាក់​ជំហរ​មិន​ចុះ​ចេញ​ពី​តំណែង ​ទៅតាម​ការ​ទាម​ទារ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

ឆ្លៀត​ឱកាស​ពេល​សម្ពោធ​ស្ពាន​នៅ​ស្រុក​កោះ​ធំ ខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​ថ្មី​ទៀត​ថា លោក​នឹង​មិន​ចុះ​ចេញ​ពីតំ​ណែង​ទៅ​តាម​ការ​ស្រែក​ទាម​ទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។

ការ​បញ្ជាក់​ពី​ជំហរ​មិន​ព្រម​ចុះ​ចេញ​ពី​តំ​ណែង​នៅ​ពេល​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​នៅ​ក្នុង​ស្រុក​កោះ​ធំ និង​ជា​ពិសេស​នៅ​ចំពោះ​មុខ​នាយក​រដ្ឋ​មន្ត្រីវៀត​ណាម​លោក ង្វៀន តាន់​យ៉ុង ដែល​ចូល​រួម​បើក​ការ​ដ្ឋាន​គម្រោង​សាង​សង់​ស្ពាន​ជ្រៃ​ធំ​-​ឡុង​ប៊ិញ ក្នុង​ស្រុក​កោះ​ធំ ខេត្ត​កណ្តាល ជាប់​ព្រំ​ដែន​​វៀត​ណាម​។

​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន បាន​ថ្លែង​អំណរ​គុណ​ប្រជា​ពល​រដ្ឋ​ដែល​បាន​បោះឆ្នោត គាំ​ទ្រ​ឲ្យ​លោក​បន្ត​ជាប់​ជា​នាយក​រដ្ឋ​មន្ត្រី ក្នុង​រយៈ​ពេល ៥ ឆ្នាំ ទៅ​មុខ​ទៀត​។ ប្រ​មុខរដ្ឋា​ភិ​បាល​ដែល​ដឹក​នាំ​គណ​បក្ស​ប្រ​ជា​ជន​បាន​ប្រ​កាស​ថា ​នឹង​បន្ត​តំណែង​ជា​នាយករដ្ឋ​មន្ត្រី​ប្រកប​ដោយ​​​ការ​ទទួល​ខុស​ត្រូវ។ លោក​អះ​អាង​ថា បាន​ឡើង​កាន់​តំ​ណែង​ស្របច្បាប់​តាម​រយៈ​ការ​បោះ​ឆ្នោត ​និង​ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​តែង​តាំង​បន្ទាប់​ពី​ទទួល​បាន​សេចក្តី​ទុក​ចិត្ត​ពី​រដ្ឋ​សភា​។

នេះ​ជា​លើក​ទី​២​ហើយ​ ដែល​នាយក​រដ្ឋ​មន្ត្រី​កាន់​តំណែង​រយៈ​ពេល​២៨​ឆ្នាំ​រូប​នេះ​បាន​ប្រកាសជំហរ​មិន​ព្រម​ចុះ​ចេញ​ពី​តំណែង​ដឹក​នាំ​កំពូល​របស់​ប្រទេស​ ទោះ​បី​ជា​គណបក្ស​ប្រឆាំង និង​អ្នក​គាំ​ទ្រ​របស់​បក្ស​ប្រឆាំង​ ​បាន​ទាម​ទារ​ឲ្យ​លោក​ចុះ​ចេញ​ពី​តំណែង​ក៏​ដោយ។ កាល​ពី​ចុង​ខែ​ធ្នូ​កន្លង​ទៅ លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​ធ្លាប់​បាន​ប្រកាស​នៅ​ឯ​មន្ទីរ​រដ្ឋ​សភា​ថា​មិន​ព្រម​ចុះចេញ​ពី​មុខ​តំណែង​ដែរ​ដោយ​លោក​អះ​អាង​ថា លោក​គ្មាន​កំហុស​អ្វី​ទេ​។

ប៉ុន្តែ​ ក្នុង​មហា​បាតុ​កម្ម​ជា​បន្ត​បន្ទាប់ គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ចោទ​ប្រកាន់​គណ​បក្សប្រ​ជាជន​កម្ពុជា​ថា ​បាន​លួច​បន្លំ​សន្លឹក​ឆ្នោត និង​បាន​ហៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ថា​ឡើងកាន់​តំណែង​ដោយ​មិន​ស្រប​ច្បាប់​។ គណ​បក្ស​សង្គ្រោះ​ជាតិ​និង​អ្នក​គាំ​ទ្រ​របស់​គណបក្ស​នេះ ក៏បាន​ស្រែក​ទាម​ទារ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ចុះ​ចេញ​ពី​តំ​ណែង។ ប៉ុន្តែ ម្តងហើយ​ម្តង​ទៀត ជា​ចម្លើយ​តប​វិញ ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​តែ​បញ្ជាក់​ថា លោក​ឡើង​តាម​រដ្ឋ​ធម្ម​នុញ្ញ ហើយ​បើ​ចុះ​វិញ​ក៏​តាម​រដ្ឋ​ធម្មនុញ្ញ​ដែរ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ