អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន ការពារ​យុទ្ធសាស្ត្រ​កំណែទម្រង់​ជលផល

លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ប្រកាស​នៅថ្ងៃ​អាទិត្យ​នេះ​ថា ​កំណែទម្រង់​របស់​លោក​លើ​វិស័យ​ជលផល​បាន​ធ្វើ​អោយ​ចំនួន​ត្រី​មាន​កំណើនឡើង​វិញ។ ព្រមពេល​ជាមួយគ្នា លោក​ប្រមុខ​រាជ​រដ្ឋាភិបាល​អំពាវ​នាវ​អោយ​ប្រជាពលរដ្ឋ​រាយការណ៍​ពី​ជន​ខិលខូច ​ឬ​មន្ត្រី​ខិលខូច ​ដែល​បំផ្លាញ​ធនធាន​ជលផល។

ឡូតិ៍​នេសាទ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ត្រូវ​រដ្ឋាភិបាល​លុបចោល​ ដើម្បី​យក​ដែន​នេសាទ​ឲ្យ​ប្រជាពលរដ្ឋ​
ឡូតិ៍​នេសាទ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ត្រូវ​រដ្ឋាភិបាល​លុបចោល​ ដើម្បី​យក​ដែន​នេសាទ​ឲ្យ​ប្រជាពលរដ្ឋ​ © សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

«ចំនួន​ត្រី​មាន​ការ​កើន​ឡើង​វិញ»។ នេះ​គឺ​ជា​ការ​ប្រកាស​អោយ​ដឹង​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន នៅ​ថ្ងៃ​អាទិត្យ​នេះ​ពី​ខេត្ត​កំពង់ចាម ​ទីដែល​​​លោក​ធ្វើ​ជា​អធិបតី​ទិវា​មច្ឆាជាតិ​ថ្ងៃ​ទី១​ខែ​កក្កដាឆ្នាំ​២០១២។

ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្រ្តី​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​គឺ​ជា​ប្រកាស​ការ​ការពារនូវ​នយោបាយ​កំណែ​ទម្រង់​វិស័យ​ជលផល​របស់​លោក​កាល​ពី​ខែ​មីនា​កន្លងមក។ នៅ​ពេល​នោះ លោក​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​កំណែ​ទម្រង់​វិស័យ​ជលផល​ស៊ីជម្រៅ​ដោយ​កាត់​ឡូតិ៍​នេសាទ​ទាំងអស់​នៅ​ទូទាំង​ប្រទេស ​ពី​ថៅកែ​ឡូតិ៍​ទៅ​អោយ​ប្រជា​នេសាទ​ជា​អ្នក​គ្រប់គ្រង​វិញ។

នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​ច្រើន​ពាន់​នាក់​នៅ​ក្នុង​ខេត្ត​កំពង់ចាម​នៅ​ថ្ងៃអាទិត្យ​នេះ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ បាន​ប្រកាស​បញ្ជាក់​សាជាថ្មី​ម្តងទៀត​ថា ឡូតិ៍​នេសាទ​ទាំងអស់​ត្រូវតែ​លុបចោល។ គ្មាន​ទៀត​ឡើយ​ម្ចាស់ឡូតិ៍​នេសាទ។ ដែន​នេសាទ​គឺ​ជា​របស់​ប្រជានេសាទ​និង​ជា​របស់​សហគមន៍នេសាទ។ ត្រង់​ចំណុច​នេះ លោក ហ៊ុន សែន បាន​បញ្ជាក់​ប្រាប់​ថា ដែន​ទឹក​នេសាទ​៧៦,៥% ត្រូវ​កាន់កាប់​ដោយ​ប្រជា​នេសាទ​ ហើយ​ដែន​ទឹក​២៣,៥​%​ត្រូវ​រក្សា​ទុក​ជា​តំបន់​អភិរក្ស​មច្ឆាជាតិ។

ដែន​ទឹក​នេសាទ​មួយ​ភាគ​ធំ​ត្រូវ​ប្រគល់​ជូន​ប្រជា​នេសាទ​មែន​ ប៉ុន្តែ​លោក​ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​​សំណូមពរ​ដល់​ប្រជាពល​រដ្ឋ​កុំ​អោយ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់។ កុំកាប់​ព្រៃ​លិចទឹក។ កុំចាប់​ត្រី​នៅក្នុង​រដូវ​ត្រីពង។ លើស​ពី​នេះ​ទៅ​ទៀត លោក​នាយករដ្ឋមន្រ្តី​​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អោយ​រាយការណ៍​ពី​ទង្វើ​អាក្រក់​របស់​ជន​ទុច្ចរិត​និង​មន្ត្រី​ខិលខូច​មួយ​ចំនួន​ដែល​សមគំនិត​បំផ្លាញ​វិស័យ​ជលផល។ មិនត្រឹម​តែ​ប៉ុណ្ណោះ​ លោក​នាយករដ្ឋ​មន្រ្តី​ព្រមាន​ថា ជនខិលខូច​អាច​ប្រឈម​នឹង​ការ​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ។

សូម​បញ្ជាក់​ថា បើទោះបី​ជា​លោក​នាយករដ្ឋមន្រ្តី​ប្រកាស​ការពារ​ពី​កំណើនត្រី​ក្រោយ​កំណែទម្រង់​របស់​លោក​យ៉ាងណា​ក៏​ដោយ​ក្តី ក៏​សហគមន៍នេសាទ​និង​ម្ចាស់​ឡូតិ៍នេសាទ​មួយចំនួន​​ធ្លាប់​បាន​និយាយ​ថា ទិន្នផល​នេសាទ​អាច​នឹង​ហិនហោច​ទៅវិញ​ ពីព្រោះថា ​ក្រោយ​កំណែ​ទម្រង់​ ឈ្មួញ​នេសាទ​មួយ​ចំនួន​បាន​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ដើម្បី​ចាប់ត្រី​យ៉ាង​អនា​ធិបតេយ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ