អានតួអត្ថបទ
កម្ពុជា-វៀតណាម

លោកហ៊ុន សែន៖« ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​មិន​បាត់បង់​ទឹកដី​ទេ »

ជាថ្មី​ម្តងទៀត ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា បាន​គូសបញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា ការបោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម មិនបាន​ធ្វើឲ្យ​កម្ពុជា បាត់បង់​ទឹកដី​ទេ​។ ក្នុងនោះ ក៏​គ្មាន​ការ​កាត់​ទឹកដី​កម្ពុជា ទៅ​ឲ្យ​វៀតណាម ឬក៏​កាត់​ទឹកដី​វៀតណាម មក​ឲ្យ​កម្ពុជា​ឡើយ​។ ចំពោះ​ការបោះបង្គោល​ព្រំដែន​កម្ពុជា និង​វៀតណាម មាន​ការចេញ និង​ចូល​រវាង​ភាគី​ទាំងពីរ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី បន្ទោស​ថា មក​ពី​ការ​គូស​ផែនទី​របស់​បារាំង​។​

លោកហ៊ុន សែន៖« ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​មិន​បាត់បង់​ទឹកដី​ទេ »
លោកហ៊ុន សែន៖« ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​មិន​បាត់បង់​ទឹកដី​ទេ »
ផ្សាយពាណិជ្ជកម្ម

ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ឧបនាយក​រដ្ឋមន្ត្រី​វៀតណាម​បាន​ប្រាប់​លោក​ថា ការ​បកស្រាយ​ពី​បញ្ហា​ព្រំដែន ក្នុង​រដ្ឋសភា​ជាង ៥ ម៉ោង របស់​លោក កាលពី​ថ្ងៃ​ទី​៩​សីហា ត្រូវ​បាន​ក្លាយ​ជា​ចំណោទ នៅ​ឯ​ប្រទេស​វៀតណាម ត្រង់​ចំណុច​ដែល​ថា កម្ពុជា​មាន​ផ្ទៃដី​លើស ៣០០ គីឡូម៉ែត្រ​ការ៉េ គឺ​លើស​ពី​ផ្ទៃក្រឡា​ដែល​បាន​កត់ត្រា​ជា​ផ្លូវការ សព្វថ្ងៃ ចំនួន ១៨១.០៣៥ គីឡូម៉ែត្រ​ការ៉េ​។ ក៏​ប៉ុន្តែ​លោក​នាយក​រដ្ឋ​មន្រី ហ៊ុន សែន ថ្លែង​ថា លោក​បាន​ប្រាប់​ទៅ​ឧបនាយក​រដ្ឋមន្ត្រី​វៀតណាម កាល​ពី​ពេល​ឈប់​សំចត​នៅ​ហាណូយ កាលពី​ថ្ងៃ​ម្សិលមិញ ក្នុង​ពេល​លោក​មក​ពី​ប្រទេស​ចិន​ថា ផ្ទៃ​ដី​លើស ៣០០ គីឡូ​ម៉ែត្រការ៉េ​របស់​កម្ពុជា​នោះ មក​ពី​បច្ចេកវិទ្យា​ថ្មី​នៃ​ការ​វាស់វែង​ផ្ទៃដី បូក​ចូល​ទាំង​ព្រៃភ្នំ។​

លោក​នាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាសថា ផ្ទៃ​ដី​លើស​នោះ គឺ​មិនមែន​កម្ពុជា យក​ពី​វៀតណាម យក​ពី​ឡាវ ឬ​យក​ពី​ថៃ​ទេ​។ លោក​ហ៊ុន​សែន​បាន​បញ្ជាក់​ថា "​យើង​អត់​បាន​ទៅ​យក​ដី​ពី​វៀតណាម ពី​ឡាវ និង​អត់​បាន​ទៅ​យក​ដី​ពី​ថៃ​ទេ​។ គឺ​គ្រាន់​តែ​វាស់​លើ​ផ្ទៃដី នៃ​ព្រំដែន​របស់​ខ្លួន​តែប៉ុណ្ណោះ តាម​បច្ចេកវិទ្យា​ថ្មី​។ ដូច្នេះ​សូម​បញ្ជាក់ ព្រោះថា ជួន​កាល​រឿងនេះ ក៏​បាន​ទៅ​ជា​ការសង្ស័យ សម្រាប់​ប្រជាជន​វៀតណាម ចំពោះ​រដ្ឋាភិបាល​វៀតណាម​ដែរ ហើយ​ក៏​សម្រាប់​ឡាវ ឬ​ក៏​រហូត​ដល់​ថៃ​ទៀតផង​"​។

ជាមួយនឹង​ការគូសបញ្ជាក់​ដូច្នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ជា​ថ្មី​ទៀត អំពី​ការបោះបង្គោល​ព្រំដែន​កម្ពុជា និង​វៀតណាម ដែល​មាន​ការចេញ និង​ចូល​ទឹកដី​រវាង​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា​បាន​បោះបង្គោល​ចូល​ទឹកដី​វៀតណាម​ជាង ៩០០ ហិកតា ហើយ​វៀតណាម បោះបង្គោល​ចូល​ទឹកដី​កម្ពុជា​វិញ ជាង ២.០០០ ហិកតា​។ ប៉ុន្តែ​លោក​ហ៊ុន​សែន បាន​លើកឡើង​ថា ប្រទេស​ទាំង​ពីរ មិនមាន​គោលការណ៍​កាត់​ទឹកដី​ទាំងនោះ​ទេ គឺ​ត្រូវ​រៀបចំ​ខ្សែ​ព្រំដែន ទៅតាម​ការកាន់កាប់​ជាក់ស្តែង រវាង​ប្រជាជន​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​។ តាម​លោកនាយក​រដ្ឋមន្ត្រី ការ​ចេញចូល​នោះ ក៏​មក​ពី​បារាំង​គូស​ផែនទី កាលពី​សម័យ​អាណានិគម​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា "​ការចេញ និង​ចូល រវាង​ភាគី​ទាំងពីរ ( កម្ពុជា និង​វៀតណាម ) បាន​ទទួល​ស្គាល់​គ្នា​រួច​ហើយ មាន​កំណត់ហេតុ​រួច​ហើយ នៅសល់​តែ​ចុះហត្ថលេខា​រវាង​ប្រធាន​គណៈកម្មការ​ព្រំដែន​ទាំង​ពីរ​ប៉ុណ្ណោះ​។ កំពង់ចាម កំពត និង​តាកែវ ទទួលយក​ជាមួយគ្នា​រួចហើយ​។ ឯ​នៅ​ព្រៃវែង នៅ​ស្វាយរៀង គឺ​យើង​បាន​បោះ​ជា​ឯកតោភាគី មាន​ការចេញ​-​ចូល​។ យើង​ចូល​ទៅ​គេ ជាង ៩០០ ហិកតា​។ ដល់​វៀតណាម ចូល​មក​យើង​វិញ ជាង ២.០០០ ហិកតា​។ ប៉ុន្តែ​សួរ​ថា តើ​ខ្មែរ​ចង់​បំពាន​ដី​វៀតណាម​? ហើយ​វៀតណាម ចង់​បំពាន​ដី​ខ្មែរ​ទេ​?​។ អត់​ទេ​។ នោះ​មក​ពី​អា​បារាំង គូស​ផែនទី​អីចឹង​។ ដល់​បារាំង គូស​ផែនទី​មក​អីចឹង សួរថា ខ្មែរ​ឯណា មានលទ្ធភាព​ទៅ​យក​ដី​គេ​នោះ​?​។ វៀតណាម​ក៏​មិន​ចង់ ខ្មែរ​ក៏​មិន​ចង់ ប៉ុន្តែ​បារាំង​គូស​ផែនទី​មក​អីចឹង​?​។ ដល់​អីចឹង ត្រូវ​រក​ដំណោះស្រាយ​យ៉ាងម៉េច​?​។ ថ្ងៃនោះ ( ថ្ងៃទី​៩​សីហា ឆ្នាំ​២០១២ ) បាន​លើក​ពន្យល់​អស់ហើយ ទាំង​ក្នុង​អត្ថបទ​គោល និង​ទាំង​ក្នុង​អត្ថបទ​ពិស្តារ ហើយ​បើ​ចាំ​បាច់​ចាក់​ឡើង​វិញ តាម​ទូរទស្សន៍​ទាំង​អស់​ឡើង​វិញ​"​។

យ៉ាង​ណា​ក៏​ដោយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថា ការ​ដោះដូរ​ទឹកដី​កម្ពុជា និង​វៀតណាម ក៏​មិនមែន​ជា​រឿង​ថ្មី​ដែរ គឺ​ជំនាន់​អគ្គទេសាភិបាល​ឥណ្ឌូចិន បារាំង​បាន​ចេញ​សេចក្តីសម្រេច ហើយ​ព្រះករុណា ព្រះបាទ នរោត្តម សីហនុ នៅ​ឆ្នាំ​១៩៤២ ក៏​បាន​ដោះដូរ​ដី នៅ​តំបន់​ព្រែក​ប៊ិញ​ជី កោះ​គគីរ ឲ្យទៅ​វៀតណាម ហើយ​កម្ពុជា​យក​ដី​កន្លែង​ព្រែក​ប៊ិញ​ជី ដែល​ឥឡូវនេះ ស្ថិតនៅ​ក្នុង​សំពៅ​ពូន របស់​ស្រុក​កោះធំ ខេត្ត​កណ្តាល​។ ការ​បញ្ជាក់​ជា​ថ្មី​ពី​បញ្ហា​ព្រំដែន​ខាង​លើ​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ជា​ប្រតិកម្ម​នឹង​ការ​ផ្តល់​យោបល់​មួយ​ចំនួន​ដែល​ថា រឿង​កិច្ចការ​សម្ងាត់​ខ្លះ គួរ​មេដឹកនាំ​នយោបាយ និយាយ​គ្នា​។

ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង ក្រុម​ប្រឆាំង មិន​បាន​ទុក​ឱកាស​ឲ្យ​លោក​បកស្រាយ​សម្ងាត់ ក្នុង​បន្ទប់​បិទទ្វារ​ទេ ក្រៅតែពី​ជេរ​ប្រទេចផ្តាសា​រូបលោក​ប៉ុណ្ណោះ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ផងដែរ នៅថ្ងៃនេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ក៏បាន​លើកឡើង​ថា ការសាងសង់​បន​ល្បែង​កាស៊ីណូ នៅ​តាម​តំបន់​ព្រំដែន ក៏​ជា​យុទ្ធសាស្ត្រ​វែងឆ្ងាយ​មួយ​របស់​លោក ក្នុង​កិច្ចការពារ​ព្រំដែន​ផង​ដែរ​។ បញ្ហា​ព្រំដែន ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​បង្ហាញ​ក្នុង​រដ្ឋសភា ជាង ៥ ម៉ោង កាលពី​ថ្ងៃ​ទី​៩​សីហា ត្រូវ​បាន​បោះពុម្ព​ជាង ២០ ម៉ឺន​ច្បាប់ ជា​អត្ថបទ​គោល​។ ចំណែក​អត្ថបទ ដែលមាន​អត្ថាធិប្បាយ​របស់​លោក ត្រូវ​បាន​បោះពុម្ព​មួយ​ម៉ឺន​ច្បាប់ សម្រាប់​ចែកចាយ ទៅ​តាម​បណ្តា​ខេត្ត និង​ស្ថាប័នរដ្ឋ​នានា​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ