អានតួអត្ថបទ
កម្ពុជា

អ្នក​ការ​ពារ​ព្រៃ​ឈើ​សំនូម​ពរ​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​ជា​សាធារណៈ​លើ​ដី​​សម្បទាន​

ប្រ​​ជា​​សហ​​គមន៍​​អ្នក​​ការ​​ពារ​​ព្រៃ​​ឈើ ​​និង​​ជន​​ជាតិ​​ដើម​​ភាគ​​តិច​​ បាន​​ស្នើ​​សុំ​​ឲ្យ​​រដ្ឋា​​ភិ​បាល​​កម្ពុជា​​ដេញ​​ថ្លៃ​​ជា​​សា​ធារណៈ​​ នូវ​​គំ​​រោង​​ផ្តល់​​ដី​​សម្ប​ទាន​​ទៅ​​ឲ្យ​​ក្រុម​​ហ៊ុន​​ វិនិ​​យោគ​​ផ្សេង​ៗ​។​ ការ​​សំនូមពរ​​បែប​​នេះ ​​បាន​ធ្វើ​​ឡើង​ ​ដោយ​​សារ​​តែ​​កន្លង​​មក​​រដ្ឋា​ភិ​​បាល​​មិន​​បាន​​ដាក់​​ដេញ​​ថ្លៃ​​នូវ​​គំ​​រោង​​ផ្តល់​​ដី​​សម្ប​ទាន​​ជា​​សា​​ធារ​​ណៈ​​នោះ​​ទេ​​។ ​​ចំណែក​​ឯ​​ព្រៃ​​ឈើ​​មួយ​​ភាគ​​ធំ​​ត្រូវ​​បាន​​បំ​​ផ្លាញ​​យ៉ាង​​អនា​​ធិប​តេយ្យ​ ​ក្រោម​​ហេតុ​​ផល​ ​នៃ​​ការ​​ផ្តល់​​ដី​​សម្ប​ទាន​​ដោយ​​មាន​​អាជ្ញា​​ប័​ណ្ឌ​​ពី​​រដ្ឋា​ភិបាល​​។ ​

ការកាប់ឆ្ការព្រៃ​ធ្វើផ្លូវ​ទៅតំបន់​ដីសម្បទាន​សេដ្ឋកិច្ច​នៅស្រុករវៀង​ខេត្តព្រះវិហារ​
ការកាប់ឆ្ការព្រៃ​ធ្វើផ្លូវ​ទៅតំបន់​ដីសម្បទាន​សេដ្ឋកិច្ច​នៅស្រុករវៀង​ខេត្តព្រះវិហារ​ © RFI-NAvin-Im-អ៊ឹម​ ណាវិន
ផ្សាយពាណិជ្ជកម្ម

ប្រ​ជា​ពលរដ្ឋ​តំ​ណាង​សហគម៍​មក​ពី​តំបន់​ ដែល​រង​ការ​ប៉ះ​ពាល់​ដោយ​សារ​ការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​ បាន​បង្ហាញ​នូវ​ក្តី​កង្វល់ ​និង​សំនូម​ពរ​របស់​ខ្លួន​ទៅ​កាន់​រដ្ឋាភិបាល​តាម​រ​យៈ​សន្និ​សីទ​​កាសែត​មួយ​នៅ​ព្រឹក​នេះ​ក្នុង​រាជ​ធានី​ភ្នំពេញ​។ ​ជា​សន្និ​សិទ​កាសែត​ ស្តី​ពី​ក្តី​កង្វល់​របស់​ប្រ​ជា​សហ​គមន៍​ ទៅ​លើ​ការ​កាប់​ឈើ​ខុស​ច្បាប់​ និង​ការ​បំផ្លាញ​ធន​ធាន​ធម្ម​ជាតិ​នៅ​កម្ពុជា ​ហើយ​មាន​អ្នក​ចូល​រួម​ប្រមាណ​១០០​នាក់​ ដែល​ពួក​គាត់​ភាគ​ច្រើន​ជា​ជន​ជាតិ​ភាគ​តិច​ តំណាង​សហ​គមន៍​ និង​អ្នក​កា​សែត​ផង​ដែរ​។ ​

លោក ​ស្វាយ ​ភឿង​ ជា​តំណាង​សហ​គមន៍​ព្រៃ​ឡង់​ បាន​ថ្លៃង​ថា​ការ​កាប់​ព្រៃ​ឈើ​កន្លង​មក​នេះ ​មាន​ការ​កើន​ឡើង​ជា​លំ​ដាប់​ ដោយ​សារ​តែ​ក្រុម​ហ៊ុន ​ដែល​ទទួល​បាន​អាជ្ញា​ប័ណ្ឌ​លើ​ដី​សម្បទាន​​បាន​កាប់​ព្រៃឈើ​ដោយ​ខុស​ច្បាប់​។ ​លោក​បាន​សំនូម​ពរ​ឲ្យ​រដ្ឋា​ភិបាល​បញ្ឃប់​ការ​ផ្តល់​អាជ្ញា​ប័ណ្ឌ​ដល់​ក្រុម​ ហ៊ុន​ ដែល​ចង់​បាន​ដី​សម្បទាន​ ហើយ​រដ្ឋ​ត្រូវ​តែ​បញ្ឈប់​ ឬ​ដក​ហូត​នូវ​អាជ្ញាបណ័្ឌ​ពី​ក្រុម​ហ៊ុន ​ដែល​កាប់​ព្រៃឈើ​ខុស​ច្បាប់​កន្លង​មក​ និង​ជា​ពិសេស​រដ្ឋ​គួរ​តែ​ដាក់​ឲ្យ​សាធារណៈ​បាន​ដឹក​ពី​ការ​ដេញ​ថ្លៃ​ដី​សម្បទាន​ទាំង​នោះ​។

អ្នកស្រី​ មុំ ​សុគីន​ តំណាង​សហ​គមន៍​ខែត្រ​ក្រចេះ​ បាន​សំនូម​ពរ​ដល់​រដ្ឋា​ភិបាល​ថា ​ឲ្យ​មាន​ការ​ស្រាវ​ជ្រាវ​ឡើង​វិញ​ឲ្យ​បាន​ច្បាស់​លាស់​លើ​អាជ្ញា​ប័ណ្ឌ​កន្លង​មក​ ថា​តើ​រដ្ឋ​ពិត​ជា​ផ្តល់​ដី​សម្បទាន​ ​ឬ​ព្រៃ​សម្បទាន​។

លោក​កែម ​ឡី ​អ្នកស្រាវជ្រាវ​បញ្ហា​សង្គម​ថ្លែង​ក្នុង​ស​ន្និសិទ​កាសែត​ដដែល​នោះ​ថា​គំ រោង​ដេញថ្លៃ​ផ្តល់​ដី​សម្បទាន​ដល់​ក្រុម​ហ៊ុន​ ផ្សេង​របស់​រដ្ឋា​ភិបាល​មិន​ត្រូវបាន​ដេញ​ថ្លៃ​ជា​សាធារណៈ​នោះ​ទេ ​ហើយ​នេះ​គឺ​ជា​រឿង​ដែល​ខុស​នឹង​ច្បាប់​ផង​ដែរ​។ ​លោក​បាន​កត់​សម្គាល់​ថា ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ព្រៃឈើ​ក្នុងប្រទេស​កម្ពុជា​មាន​ប្រហែល​៣៨ភាគ​រយ​តែ​ប៉ុណ្ណោះ ​ហើយ​នៅ​ឆ្នាំ​២០២០​ ខាង​មុខ​នេះ ​ព្រៃ​ឈើ​របស់​កម្ពុជា​នឹង​នៅ​សល់​ប្រហែល​ពី១៧​ភាគរយ​ ទៅ​២០​ភាគរយ។

សូម​បញ្ជាក់​ថា​ក្រៅ​ពី​ស្នើ​សុំ​ឲ្យ​រដ្ឋា​ភិបាល​ដាក់​ដេញ​ថ្លៃ​ជា​សាធារណៈ​នូវ​គំ​រោង​ផ្តល់​ដី​សម្បទាន​ ក្រុម​សង្គម​ស៊ីវិល​ក៏​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ពង្រឹង​ឡើង​វិញ​នូវ​ការ​អនុវត្តន៍​ច្បាប់​ការ​ពារ​ព្រៃ​ឈើ ​លុបចេញ​នូវ​អាជ្ញា​ប័ណ្ឌ​របស់​ក្រុម​ហ៊ុន​មួយ​ចំនួន ​យក​ចិត្ត​ទុក​ដាក់​លើ​ជន​ជាតិ​ភាគ​តិច​ ពន្លឿន​ការ​ទទួលស្គាល់​ព្រៃ​សហ​គមន៍ ​និង​ត្រួត​ពិនិត្យ​អាជ្ញា​ប័ណ្ឌ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ