អានតួអត្ថបទ
ចិន-ជប៉ុន

ចិនចំអក​ជប៉ុន​ដែលបាន​ផ្តល់ឈ្មោះ​អោយ​បណ្តាកោះ​ជម្លោះ​ នៅ​សមុទ្រចិន​

នៅថ្ងៃ​អាទិត្យ​នេះ ​ចិន​​​បាន​ចំអក​ជប៉ុន​​ ​ពី​​ការ​ដែល​ជប៉ុន​​​បាន​សម្រេច​​ដាក់ឈ្មោះ​អោយ​ដល់​បណ្តាកោះ​​​នានា នៅ​សមុទ្រចិនខាងកើត។ ​សារព័ត៌មាន​រដ្ឋ​ចិន​បានចាត់ទុក​​ទង្វើ​ជប៉ុន ថា​ជា​ឆាកកំប្លែង និង​បាន​​​​រំលឹក​ជប៉ុន​ឡើងវិញថា បណ្តាកោះ​ទាំងនោះ​មាន​ឈ្មោះ​របស់​ខ្លួន​ជា​ភាសា​ចិន​យូរណាស់​មកហើយ។

យន្តហោះ​ជប៉ុន​ត្រួតពិនិត្យ​​កោះសេនកាគូ កាលពី​ខែ​ធ្នូ ឆ្នាំ​២០១១។
យន្តហោះ​ជប៉ុន​ត្រួតពិនិត្យ​​កោះសេនកាគូ កាលពី​ខែ​ធ្នូ ឆ្នាំ​២០១១។ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃ​សុក្រ ​​ជប៉ុន​បាន​ផ្តល់ឈ្មោះ​ដល់​កូនកោះប្រមាណ​១៦០ នៅ​សមុទ្រ​ចិនខាងកើត​ ​ក្នុង​នោះ​ មាន​កោះទាំង​៥ ​នៃ​​ប្រជុំកោះសេនកាគូ​ផងដែរ។ ​កោះសេនកាគូ ដែល​ចិន​ហៅថា កោះ​ទៀវយូ​នោះ ​ស្ថិត​ក្រោម​​ការគ្រប់គ្រង​របស់​ជប៉ុន តែ​ចិន​បាន​ដណ្តើមបូរភាពប្រជុំកោះ​នេះ។ ​​ថ្ងៃអាទិត្យ​នេះ ​ក្រុងប៉េកាំង​បាន​ប្រតិកម្ម​នឹង​ក្រុងតូក្យូដែល​បាន​សម្រេចដាក់ឈ្មោះ​អោយ​បណ្តាកោះ​ នៅ​សមុទ្រ​ចិន​​ ដោយបាន​លើកឡើង​ថា ទង្វើ​នេះ​ជា​ឆាកកំប្លែង និង​មិន​បាន​ផ្លាស់ប្តូរ​​អ្វី​ទាក់ទង​នឹង​បូរភាព​​ទឹកដី​ចិន ចំពោះ​​​ប្រជុំកោះ​ទៀវយូ​ និង​កោះ​ផ្សេងៗ​ទៀត​​ដែល​ជា​​​របស់ចិនទេ។  

សារព័ត៌មាន​រដ្ឋ​ចិន​​ ​បាន​លើកឡើង​ថា ជប៉ុន​បាន​ដាក់ឈ្មោះដល់​កោះ​ទាំងនេះ ដើម្បី បង្ហាញ​ថា កោះ​ទាំងនេះ​ជាបូរភាព​ជាតិ​ខ្លួន ប៉ុន្តែត្រូវតែ​រំលឹក​ដល់ជប៉ុន​ថា ​កោះ​ទាំងនេះ ​សុទ្ធ​តែ​​មាន​ឈ្មោះ​ខ្លួន ​​ជា​ភាសា​ចិន​រួចមកហើយ។ ក្រសួង​ការបរទេស​ចិន​បាន​បរិហារ​សកម្មភាព​​​ជប៉ុន​ក្នុង​ការ​​ដាក់ឈ្មោះ​កោះ​​ទាំងនេះ ថា​ជា​ទង្វើ​​ខុសច្បាប់ និង​គ្មាន​សុពលភាព​អ្វីឡើយ។ យោងតាម​ក្រុងប៉េកាំង ​កោះទៀវយូ ​ដែល​ជប៉ុន​ហៅថា កោះ​សេនកាគូនោះ​ ​​ មាន​វត្តមាន​​ជា​លាយលក្ខណ៍​​អក្សរ​ដំបូងបំផុត​​​នៅ​ដើម​សតវត្ស​ទី​១៥ ដូច្នេះ​មានន័យ​ថា ចិន​បាន​រកឃើញ​កោះទាំងនេះ យូរលង់​​មកហើយ ហើយ​ក៏បាន​ដាក់​ឈ្មោះ​​​កោះទាំងនេះ ​យូរយារ​​មកហើយ​ដែរ។ ​

ទំនាក់ទំនង​រវាង​ចិន​និង​ជប៉ុន​បាន​ធ្លាក់​ដុនដាប​ខ្លាំង ក្នុងរយៈ​ពេល​២ឆ្នាំ​ចុងក្រោយ​នេះ ដោយសារ​​​តែ​ជម្លោះ​បូរភាព​ដែនទឹក នៅសមុទ្រ​ចិន ពិសេស​ចាប់​ពី​ពេល​​ជប៉ុនបាន​ទិញ​យក​កោះ​ចំនួន​៣ នៅប្រជុំកោះ​សេនកាគូ​ ​ដាក់ជា​កម្មសិទ្ធិ​ជាតិ​ជប៉ុន​ កាលពី​ឆ្នាំ២០១២៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ