អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​ភ្នំពេញ​សម្ពោធ​ស្ពាន​២​ទៀត​នៅ​​កោះពេជ្រ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ករណី​រត់ជាន់​គ្នា​ស្លាប់​ ក្នុង​ពិធីបុណ្យ​អុំទូក​

ដោយ​មាន​បទ​ពិសោធន៍​ដ៏​ជូរ​ចត់ ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា បណ្តាល​ឲ្យ មនុស្ស​ចំនួន​៣៥៣​នាក់​ស្លាប់ នៅ​កណ្តាល​រាជ​ធានី​ភ្នំ​ពេញ លើ​ស្ពាន​ពេជ្រ ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​មុន​នោះ អាជ្ញាធរ​និង​តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់កោះ​ពេជ្រ បាន​ដាក់​សម្ពោធ​ស្ពាន​២​បន្ថែម​ទៀត ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការនៅ​ព្រឹកថ្ងៃ​ចន្ទ ទី ៧ វិច្ឆិកា​នេះ ដើម្បី​សម្រួល​ចរាចរណ៍ និង​ការពារ​កុំ​ឲ្យ​មាន​ឧបទ្ទវ​ហេតុ​អាក្រក់​ជា​ថ្មី​ម្តង​ទៀត។

អាជ្ញាធរភ្នំពេញសម្ពោធស្ពាន២ទៀត នៅតំបន់កោះពេជ្រ ដើម្បីការពារកុំឲ្យមានករណីរត់ជាន់គ្នាស្លាប់ ក្នុងពិធីបុណ្យអុំទូក
អាជ្ញាធរភ្នំពេញសម្ពោធស្ពាន២ទៀត នៅតំបន់កោះពេជ្រ ដើម្បីការពារកុំឲ្យមានករណីរត់ជាន់គ្នាស្លាប់ ក្នុងពិធីបុណ្យអុំទូក ©RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​តែ​មាន​អារម្មណ៍​ភ័យខ្លាច ថា​ឧបទ្ទវ​ហេតុ​រត់​ជាន់​គ្នា ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ អាច​នឹង​កើត​ឡើង​ជា​ថ្មី​ម្តង​ទៀត ក្នុង​ពិធី​បុណ្យ​អុំ​ទូក ដែល​មាន​មនុស្សម្នា​ច្រើន​កុះករ​មក​កំសាន្ត​នៅ​ភ្នំពេញ។

 
អភិបាល​រាជធានី​ភ្នំ​ពេញ លោក កែប ជុតិមា និង​លោក ពុង ឃាវ​សែ ប្រធាន ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​កោះពេជ្រ សម្រេច​សម្ពោធ​ស្ពាន​២​បន្ថែម​ទៀត ឲ្យ​ប្រើ​ប្រាស់ ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មុន​ពិធី​បុណ្យ​អុំ​ទូក​២​ថ្ងៃ​មក​ដល់ បើ​ទោះ​បី​ជា ស្ពាន​នោះ​មិន​ទាន់​សង់​រួច​ស្ថាពរ​ក្តី។

ស្ពាន​ថ្ម​នាគ​ភ្លោះ ដែល​មាន​រចនា​បទ​ខ្មែរ​បុរាណ មាន​ទទឹង​១២,៥​ម៉ែត្រ និង​បណ្តោយ​១០០​ម៉ែត្រ ធ្វើ​ស្រប​នឹង​ស្ពាន​ពេជ្រ ត​ភ្ជាប់​ពី​តំបន់​កោះពេជ្រ មក​សួនច្បារ ហ៊ុន សែន ឆ្ពោះ​ត្រង់​ទៅ​វិមាន​ឯករាជ្យ ។ ស្ពាន​នាគ​មួយគូ​នេះ​ត្រូវការ​ចំណាយ ថវិកា​ជាង​២​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ វា​មិន​ទាន់​មាន​រូប​ចម្លាក់​នាគ​ដូច​ឈ្មោះ នៅ​ឡើយ ទេ​ដោយ​ត្រូវ​ប្រញិប​ប្រញាប់​ដាក់​ឲ្យ​ប្រើប្រាស់​មុន​ការ​កំណត់ ដើម្បី​ការពារ​កុំ​ឲ្យ​មាន ការរត់​ជាន់​គ្នា​ស្លាប់​ជា​ថ្មី​ម្តង​ទៀត និង​ដើម្បី​សម្រួល​ចរាចរណ៍​ក្នុង​រាជ​ធានី ភ្នំពេញ។

ពិធី​បុណ្យ​អុំ​ទូក​នឹង​ចាប់ផ្តើម ពី​ថ្ងៃ​ទី​៩​ដល់​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ហើយ​ថ្ងៃ​បុណ្យ ឯក​រាជ្យ​ជាតិ ក៏​ធ្វើ​ចំថ្ងៃ​បុណ្យ​អុំ​ទូក​ផង​ដែរ តែ​អាជ្ញាធរ​មិន​រំពឹង​ថា នឹង មាន​មនុស្សម្នា​ពី​តាម​បណ្តា​ខេត្ត​នានា មក​កំសាន្ត​កុះករ​ដូច​រាល់​ឆ្នាំ​នោះឡើយ ដោយសារ​រដ្ឋ​បាន​កាត់​ពិធី​ប្រណាំង​ទូក​ចេញ​ពី​ពិធី​បុណ្យ​នេះ។ ការ​ប្រគំតន្រ្តី​របស់​ស្ថានីយ​ទូរទស្សន៍ នានា និង​ស្តង់​លក់​ដូរ​ទំនិញ​ជា​ច្រើន ដែល​រាល់​ឆ្នាំ​ត្រៀម​ទុក​សម្រាប់​បុណ្យ​អុំ​ទូក នឹងអវត្ត​មាន នៅ​ក្នុង​ឆ្នាំ​នេះ។

ទោះ​ជា​យ៉ាង​ណា សមត្ថកិច្ច​នៅ​តែ​ត្រៀម​កម្លាំង​ជាង​៥០០០​នាក់ ចែកចេញ​ជា ៧៧​គោលដៅ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ក្នុង​ពិធី​បុណ្យ​អុំ​ទូក និង​ពិធី​បុណ្យ​ឯក​រាជ្យ ជាតិ​ដដែល។ ចំណុច​សំខាន់​ដែល​សមត្ថកិច្ច​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​នោះ គឺ​តំបន់​កោះពេជ្រ​ដែល​មាន​ការប្រគំ​តន្រ្តី និង​មណ្ឌល​កំសាន្ត​Dream Land ដែល​អាច​មាន​មនុស្ស ជា​ច្រើន​ប្រជ្រៀត​គ្នា ចូល​កំសាន្ត។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ