អានតួអត្ថបទ
ឥណ្ឌា

វះ​កាត់​ពន្យារ​កំណើត​​នៅ​ឥណ្ឌា ៖ ថ្នាំផ្សះ​ក្លែងក្លាយ​អាច​ជា​ដើមហេតុ​នាំ​ស្ត្រី​១៣​នាក់​ស្លាប់

ឥណ្ឌា​កំពុង​បន្ត​ធ្វើ​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​​មរណភាព​របស់​ស្ត្រី​១៣​នាក់ ក្រោយ​ពេល​វះកាត់ លែង​ឱ្យ​មាន​កូនក្នុង​ក្រប​ខ័ណ្ឌ​នៃ​យុទ្ធនាការ​​ពន្យារ​កំណើត។ វេជ្ជបណ្ឌិត​ដែល​ជា​គ្រូពេទ្យ​ផ្នែកវះកាត់​ ចង​ស្បូន​ស្ត្រី​ ៨៣​នាក់ ក្នុង​រយៈ​ពេល​តែ​ប្រមាណ​បួន​ម៉ោង​ ត្រូវ​បាន​ឃាត់​ខ្លួន​ កាលពី​ថ្ងៃពុធ ពី​បទ​​ធ្វេសប្រហែល​បង្ក​ឱ្យ​​មាន​ស្លាប់។ ប៉ុន្តែ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ក្រុមអ្នក​ស៊ើប​អង្កេត​បាន​ផ្ចង់​ការ​ស្រាវជ្រាវ​ទៅ​លើ​ដាន​ថ្មី​មួយ​ទៀត គឺ​ថ្នាំ​ផ្សះ ដែល​ស្ត្រី​រង​គ្រោះ​បាន​លេប​ក្រោយ​ការ​វះកាត់។

ស្ត្រី​ឥណ្ឌា​ក្រោយ​ពេល​វះកាត់​លែង​ឱ្យ​មាន​កូន​
ស្ត្រី​ឥណ្ឌា​ក្រោយ​ពេល​វះកាត់​លែង​ឱ្យ​មាន​កូន​ REUTERS/Anindito Mukherjee
ផ្សាយពាណិជ្ជកម្ម

ការ​អង្កេត​រក​មូលហេតុ​ដែលបង្ក​ឱ្យ​ស្ត្រី​១៣​នាក់​ស្លាប់​​ ក្រោយ​ប្រតិបត្តិការ​សាធារណៈ​វះកាត់​ចង​ស្បូន​ បញ្ចប់​ការ​​បង្ក​កំណើត​កូន​ នៅ​ភាគ​កណ្តាល​ប្រទេស​ឥណ្ឌា​ បាន​ឈាន​ចូល​ដល់​ដំណាក់​កាល​ថ្មី និង​អាច​ធ្លាយ​ជា​រឿង​អាស្រូវ​មួយ​ប្រភេទ​ផ្សេង​ទៀត។

 

បន្ទាប់​ពី​បានចាប់​ និង​ឃុំ​ខ្លួន​​គ្រូពេទ្យ​វះ ពី​បទ​ធ្វើ​ប្រហែស​ឧក្រិដ្ឋកម្ម ប៉ូលិស​ឥណ្ឌា​កំពុង​ចាប់​អារម្មណ៍​នឹង​​សម្មតិកម្ម​ថ្មី​មួយ​ទៀត ​ដោយ​ចុះ​ទៅ​ស្រាវជ្រាវ​ដល់​កន្លែង​​​ផលិត និង​ផ្គង់ផ្គង់​​ថ្នាំ​ផ្សះ​ និង​ថ្នាំ​បំបាត់​ការ​ឈឺចាប់​​ ដែល​ស្ត្រី​ត្រូវ​លេប​ក្រោយ​វះកាត់​រួច។ អ្វី​ជា​ភ្ញាក់​ផ្អើល​ គឺ​មណ្ឌល​ផលិត​ថ្នាំ​មានបុគ្គលិក​តែ​ពីរ​នាក់ កំពុង​ខ្ចប់​ថ្នាំរាយៗ ក្នុង​បន្ទះ។ ថ្នាំ​ទាំង​នោះ​ទំនង​ជា​​​​​នាំ​មក​ពី​កន្លែងផ្សេង។

ម្ចាស់​ក្រុមហ៊ុន​ ដែល​រក​ស៊ី​របរ​នេះ​តាំង​ពី​ជាង​១០​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាម​ពី​បទ​ផលិត​ថ្នាំ​ក្លែងក្លាយ​និង​ថ្នាំ​ហាមឃាត់​មិន​ឱ្យ​លក់​លើ​ទី​ផ្សារ។ គ្រាប់​ថ្នាំ​អេសង់ទីយ៉ុង ត្រូវ​បាន​រឹប​អូស​យក និង​នាំ​ទៅ​កាន់​វិភាគ។ ក្រុម​អ្នក​អង្កេត​កំពុង​សង្ស័យ​យ៉ាង​ខ្លាំង នឹង​ប្រសិទ្ធិភាព​ និង​គុណភាព​ព្រម​ទាំង​ផលវិបាក​បង្ក​ឡើង​ដោយ​ថ្នាំនេះ ព្រោះ​ស្ត្រី​រងគ្រោះ​ម្នាក់​កំពុង​​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ រង​ប្រតិកម្ម​ស្រដៀង​អ្នក​ស្លាប់​មុនៗ បន្ទាប់​ពី​បាន​លេប​ថ្នាំ​ផ្សះ​របស់​ក្រុមហ៊ុន​មួយ​នេះ។

​អ្នក​ទទួល​ជាន់​ខ្ពស់​ក្រសួង​សុខាភិបាល​​ឥណ្ឌា បាន​អំពាវនាវ​នៅ​ថ្ងៃ​នេះ ឱ្យ​ប្រព័ន្ធ​ឃោសនា​សារព័ត៌មាន​ ជួយ​ផ្សព្វផ្សាយ​​ កុំ​ឱ្យ​ទិញ​ថ្នាំ​ផ្សះ ciprofloxacin ​ នេះ​ទៀត ព្រោះ​ជា​ថ្នាំ​ដែល​អាច​មាន​លាយ​ផ្សំ​សារធាតុ​គីមី ជា​ថ្នាំ​ពុល​សម្លាប់​សត្វ​កណ្តុរ។

ប្រសិន​បើ​សេចក្តី​សន្និដ្ឋាន​នេះ​ត្រូ​វ​បាន​បញ្ជាក់ នោះ​ពេទ្យ​វះកាត់ ដែល​បាន​អះអាង​ ធ្វើ​ការតាម​ជំនាញ​​ដោយ​ត្រឹម​ត្រូវ នឹង​អាច​រួច​ទោស​ និង​ប្រកាស​ពី​ភាព​បរិសុទ្ធ​ផ្នែក​វិជ្ជាជីវៈ​របស់​ខ្លួនបាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ