អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ចិន​និង​ឥណ្ឌា៖ ការ​ប្រកួត​ប្រជែង​គ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​បន្ត​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​ភូមិសាស្រ្ត​នយោបាយ​របស់​ប្រទេស​ឥណ្ឌា​ត​ទៅ​ទៀត ដោយ​សូម​បន្ត​និយាយ​បក​ស្រាយ​ពី​ទំនាក់​ទំនង​រវាង​ឥណ្ឌា​និង​ចិន។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ បាន​ពន្យល់​ថា ឥណ្ឌា​និង​ចិន​បាន​សាកល្បង​បំភ្លេច​រឿង​ចាស់ និង​គំនុំ​គំកួន​គ្នា​ពី​អតីតកាល ដើម្បី​ងាក​មក​ឱ្យ​តម្លៃ​ដល់​ការ​អភិវឌ្ឍន៍​និង​ប្រយោជន៍​សេដ្ឋកិច្ច។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ មហា​ប្រទេស​អាស៊ី​ទាំង​ពីរ​នឹង​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​តែ​ពី​ប្រកួត​ប្រជែង​គ្នា។

ខ្សែក្រវ៉ាត់សន្តិសុខរបស់ចិនពីឈូងសមុទ្រពែរ្សដល់មហាសមុទ្រប៉ាស៊ីហ្វិកដោយឆ្លងកាត់តាមមហាសមុទ្រឥណ្ឌា ដើម្បីឡោមព័ទ្ធឥណ្ឌា។
ខ្សែក្រវ៉ាត់សន្តិសុខរបស់ចិនពីឈូងសមុទ្រពែរ្សដល់មហាសមុទ្រប៉ាស៊ីហ្វិកដោយឆ្លងកាត់តាមមហាសមុទ្រឥណ្ឌា ដើម្បីឡោមព័ទ្ធឥណ្ឌា។ រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

ដូច​បាន​លើក​ឡើង​រួច​ហើយ​ថា ក្នុង​បច្ចុប្បន្នកាល ឥណ្ឌា​ក៏​ដូច​ចិន​ដែរ ឱ្យ​អាទិភាព​ទៅ​លើ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ម្ល៉ោះ​ហើយ​ក៏​ដូច​ចិន​ដែរ ឥណ្ឌា​ត្រូវ​ការ​ស្ថិរភាព​នៅ​ក្នុង​តំបន់ និង​ត្រូវ​ការ​បន្ធូរ​ភាព​តាន​តឹង​នៅ​ក្នុង​ទំនាក់​ទំនង​ជាមួយ​ចិន ដោយ​ត្រូវ​ទុក​មួយ​ឡែក​សិន​ទំនាស់​ព្រំ​ដែន និង​គំនុំ​គំ​កួន​ពីអតីតកាល។ 

មិន​តែ​ប៉ុណ្ណោះ ថ្នាក់ដឹកនាំ​ទីក្រុង​ញូវ ដេលី(New Delhi) ថែម​ទាំង​បាន​លួច​សិក្សា​ទៅ​លើ​របៀប​គ្រប់គ្រង​ការ​អភិវឌ្ឍន៍​របស់​ថ្នាក់ដឹកនាំ​ចិន​ទៀត​ផង។ ត្រង់​នេះ ចំពោះ​ឥណ្ឌា មហា​យក្ស​ចិន​គឺ​ជា​គំរូ​មួយ ល្អ​ផង​និង​អាក្រក់​ផង។ គឺ​ជា​គំរូ​ល្អ​នៅ​លើ​វិស័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​ជា​គំរូ​ល្អ ត្រង់​ថា​ប្រទេស​អាស៊ី​ដ៏​ធំ​មួយ​នេះ​ប៉ិន​ប្រសប់​ខ្លាំង​ណាស់​ក្នុង​ការ​ប្រែ​ក្លាយ​ជា​កំពូល​មហា​អំណាច​ដោយ​ប្រើ​ពេល​វេលា​តែ​ជាង​៣០​ឆ្នាំ​ប៉ុណ្ណោះ។
 
ទន្ទឹម​នេះ សម្រាប់​ទីក្រុង​New Delhiចិន​ក៏​ជា​គំរូ​អាក្រក់​ដែរ ដ្បិត​ប្រទេស​នេះ​កាន់​អំណាច​ផ្តាច់ការ​កុម្មុយនិស្ត​ដែល​ឥណ្ឌា​ក្នុង​នាម​ជា​ប្រទេស​ប្រជាធិបតេយ្យ​ធំ​ជាង​គេ​នៅ​ក្នុង​លោក មិន​អាច​ទទួល​បាន​ទេ។ ចិន​ជា​គំរូ​អាក្រក់ ពីព្រោះ​ជា​មហា​អំណាច​នយោបាយ​និង​យោធា​មួយ​ដែល​បណ្តា​ប្រទេស​អាស៊ី​មួយ​ចំនួន​ផ្តើម​វាយ​តម្លៃ​ថា កាច អាង​មាឌ និង​វាតទី​និយម។
 
យ៉ាង​ណា​ក៏​ដោយ ឥណ្ឌា​ដែល​ជា​មហាយក្ស​ប្រជាធិបតេយ្យ មិន​ដូច​ចិន​កុម្មុយនិស្ត និង​ឥណ្ឌា​ដែល​មាន​ប្រជាជន​ច្រើន​ដូច​ស្រមោចមិន​ចាញ់​ចិន​ប៉ុន្មាន​ទេ ក៏​ចង់​ក្លាយ​ទៅ​ជា​មហា​អំណាច​តំបន់​មួយ​ដូច​ចិន​ដែរ។ ម្ល៉ោះ​ហើយ​មហាយក្ស​អាស៊ី​ទាំង​ពីរ​ចៀស​មិន​រួច​ពីប្រកួតប្រជែង​គ្នា។

ការ​ប្រកួត​ប្រជែង​គ្នា​នេះ​បាន​ផ្តើម​ឡើង នៅ​ទសវត្សរ៍​ទី​៥០។ កាល​នោះ ​ឥណ្ឌា​និង​ចិន
នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​នេរុ​(Nehru) និង​នាយក​រដ្ឋមន្ត្រី​ចិន ជូ អេន​ឡាយ (Chou En Lai)
ដណ្តើម​គ្នា​ធ្វើ​ជា​អ្នក​ដឹក​នាំ​តតិយលោក នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​បណ្តា​ប្រទេស​មិន​ចូល​បក្ស
សម្ព័ន្ធ។

ដោយ​ឡែក នៅ​សម័យ​ទសវត្សរ៍​ទី​៥០​ដដែល​នោះ អគ្គមគ្គទេសក៍​ចិន​ម៉ៅ សេទុង មិន​សប្បាយ​ចិត្ត​សោះ​ឡើយ នៅ​ចំពោះ​មុខ​ឥទ្ធិពល​ខ្លាំង​ពេក​របស់​ឥណ្ឌាទៅ​លើ​នេប៉ាល់ និង
​ប៊ូតង់។ ម៉ៅ សេទុង មិន​សប្បាយ​ចិត្ត​សោះ​ឡើយ ពីព្រោះ​ឥណ្ឌា​បាន​ផ្តល់​សិទ្ធិ​ជ្រកកោន​នយោបាយ ឱ្យ​ប្រមុខ​ពុទ្ធសាសនា​ទីបេ ដាឡៃ ឡាម៉ា(Dalaï Lama)។

រី​ឯ​ឥណ្ឌា​វិញ​អន់​ចិត្ត ពីព្រោះ​ចិន​បាន​លេប​យក​ទីបេ ពីព្រោះ​ចិន​បាន​ឈ្លានពាន​យក​តំបន់​Aksai Chin នៅ​ប៉ែក​ឦសាន​នៃ​Cachemire។ ភាព​រកាំរកូស​ទាំង​អស់​នេះ បាន​បង្កឱ្យ​មាន
​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ឆ្នាំ​១៩៦២។ សង្គ្រាម​នេះ​បាន​បំពុល​ទំនាក់ទំនង​រវាង​ចិន​និង​ឥណ្ឌា​អស់​ជា​ច្រើន​ឆ្នាំ និង​ធ្វើឱ្យ​ប្រទេស​ទាំង​ពីរ​លែង​ទុក​ចិត្ត​គ្នា រហូត​មក​ទល់​សព្វ​ថ្ងៃ។ សង្គ្រាម​នៅ​ឆ្នាំ​១៩៦២ ក៏​បាន​ញ៉ាំងឱ្យ​ចិន​មាន​គំនិត​ឡោមព័ទ្ធ​ឥណ្ឌា​ដែរ។ នៅ​ក្នុង​ន័យ​នេះ ចិន​បាន​យក​ចិត្ត​បង់ក្លាដែស ស្រីលង្កា និង​ភូមា បាន​ផ្តល់​ជំនួយ​យោធា​និង​សេដ្ឋកិច្ច​ដល់
​បណ្តា​ប្រទេស​ទាំង​នេះ។ ដូច​គ្នា​អ៊ីចឹង​ដែរ នៅ​ក្នុង​សង្គ្រាម​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន លើក​ទី​មួយ​នៅ​ឆ្នាំ​១៩៦២ និង​លើក​ទី​ពីរ​នៅ​ឆ្នាំ​១៩៧១ ចិន​កាន់​ជើង​និង​ជួយ​ប៉ាគីស្ថាន។

គំនាប​និង​នយោបាយ​ឡោមព័ទ្ធ​បែប​នេះ​របស់​ចិន បាន​បង្ខំ​ថ្នាក់​ដឹក​នាំ​ឥណ្ឌាឱ្យ​ចាយ​ថវិកា​ជាតិ ទៅ​លើ​តែ​វិស័យ​យោធា ដោយ​មិន​សូវ​បាន​គិតគូរ​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។

គឺ​ប្រហែល​ជា​ការ​ភ័យ​ព្រួយ​នៅ​ចំពោះមុខ​ប្រទេស​ចិន​នេះ​ហើយ ដែល​បាន​ជម្រុញ​ថ្នាក់​ដឹកនាំ​ឥណ្ឌា​ឱ្យ​ខ្នះខ្នែង​បង្កើត​គ្រាប់បែក​បរមាណូ។ នៅ​ឆ្នាំ​១៩៧៤ ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​ក្រោយ​ពី​ចិន​បាន​ក្លាយ​ជា​មហា​អំណាច​បរមាណូ ឥណ្ឌា​បាន​បំផ្ទុះ​សាកល្បង​គ្រាប់បែកបរមាណូ​ជា​លើក​ទី​មួយ​បង្អស់។ ប៉ុន្តែ​២៤​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​១៩៩៨ ទើប​ឥណ្ឌា​ដាច់​ចិត្ត​ប្រកាស​ប្រាប់​ពិភពលោក​ឱ្យ​ដឹង​ជា​ផ្លូវការ​ថា ខ្លួន​មាន​អាវុធ​នុយក្លេអ៊ែរ។

គឺ​នៅ​ឆ្នាំ​១៩៩៨​នោះ​ហើយ ដែល​ឥណ្ឌា​ចាប់​ផ្តើម​ហ៊ាន​វាយ​ឫក​ដាក់​ចិន ដោយ​បាន​ប្រកាស​យ៉ាង​ចំហ​ថា សត្រូវ​ធំ​របស់​ឥណ្ឌា​គឺ​ចិន មិនមែន​ប៉ាគីស្ថាន​ទេ។ ក៏​ដូច​គ្នា​អ៊ីចឹង​ដែរ នៅ​ឆ្នាំ​២០០១ នា​ឱកាស​ទស្សនកិច្ច​នៅ​ទីក្រុង​ញូវដែលី(New Delhi)​របស់​លី ប៉េង(Li Peng) ដែល​ជា​នាយករដ្ឋ​មន្ត្រី​ចិន​សម័យ​នោះ ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា កាលនោះ គឺវ៉ាប៉ាយេ(​​Vapayee) បាន​ហ៊ាន​រហូត​ដល់ទៅឱ្យ​លី ប៉េង​អង្គុយ​ចាំ​ជួប ជាហេតុប៊ីសតែធ្វើឱ្យ​ឧប្បតិ្តហេតុ​ទូត​កើត​ឡើង​ផង។ លើស​ពី​នេះ​ទៅ​ទៀត នៅ​ថ្ងៃ​ដែល​លី ប៉េង​ចេញ​ដំណើរ​ត្រឡប់​ទៅ​ចិន​វិញ ស្រាប់​តែ​ឥណ្ឌា​បាន​បាញ់​សាកល្បង​កាំជ្រួច​មីស្ស៊ីល​ដែល​អាច​ពាំ​ក្បាល​នុយក្លេអ៊ែរ​បាន។

*

មាន​មាឌ​ធំ​ដូច​គ្នា មាន​ប្រជាជន​ច្រើន​ដូច​គ្នា និង​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង​ដូច​គ្នា ឥណ្ឌា​និង​ចិន​នៅ​អាស៊ី គឺ​ជា​ភ្នំ​មួយ​ខ្លា​ពីរ។ ប្រទេស​ទាំង​ពីរ​បាន​និង​កំពុង​បន្ត​ប្រជែង​ឥទ្ធិពល​គ្នា​នៅ​អាស៊ី​ខាង​ត្បូង​ដែល​ឥណ្ឌា​ចាត់​ទុក​ថា ជា​ដែន​អំណាច​ផ្តាច់មុខ​របស់​ខ្លួន។

ទន្ទឹម​នេះ​ ថ្នាក់​ដឹក​នាំ​ចិន​បាន​និង​កំពុង​បន្ត​ឃ្លាំ​មើល​សកម្មភាព​របស់​ឥណ្ឌា​ដែល​ទីក្រុង​
ប៉េកាំង(Pékin) ជឿ​ជាក់​ថា មាន​មហិច្ឆតា​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ចេញ​ហួស​ពី​ព្រំដែន​នៃ​តំបន់​អាស៊ី​ខាង​ត្បូង​ទៅ​កាន់​ភូមិភាគ​ដទៃ​នៅ​អាស៊ី ជា​អាទិ៍​ទៅ​កាន់​អាស៊ី​អាគ្នេយ៍។

ដោយ​ឡែក ឥណ្ឌា​ដែល​ជា​សត្រូវ​របស់​ចិន​ក្នុង​អតីតកាល និង​ជា​គូ​ប្រជែង​របស់​ចិនក្នុង​បច្ចុប្បន្នកាល បាន​និង​កំពុង​បន្ត​រក​បង្អែក ដើម្បី​ទប់ទល់​នឹង​ចិន និង​សាកល្បង​កាត់​បន្ថយ​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់។ ក្នុង​ន័យ​នេះ ឥណ្ឌា​ត្រូវ​គ្នា​ជាមួយ​​អាមេរិក​កាន់​តែ​ខ្លាំង​តាំង​ពី​មហា​ភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា ឆ្នាំ​២០០១​មក។ ក្នុង​គោលដៅ​ទប់​ទល់​នឹង​ចិន​ដូច​គ្នា ឥណ្ឌា​បាន​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​ជប៉ុននា​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ឥណ្ឌា​ក៏​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​យោធា​ជាមួយ​ឥណ្ឌូនេស៊ី និង​ជាមួយ​វៀតណាម​ដែរ។

ក៏​មាន​ដែរ ការ​ប្រកួត​ប្រជែង​នៅ​លើ​វិស័យ​យោធា។ ជា​ការ​ពិត ទ័ព​ឥណ្ឌា​ខ្សោយ​ជាង​ទ័ព​ចិន តែ​ឥណ្ឌា​ក៏​មិន​បណ្តោយ​ឱ្យ​ចិន​បន្ត​មាន​ប្រៀប​ជាង​ខ្លួន​អ៊ីចឹង​យូរ​លង់​ត​ទៅ​ទៀត​ដែរ។ ជាក់​ស្តែង ពី​ឆ្នាំ​២០០១​រហូត​ដល់​ឆ្នាំ​២០១១ ថវិកា​យោធា​របស់​ឥណ្ឌា​បាន​កើន​ឡើង​៦៤%។ ហើយ​ក្នុង​ចន្លោះ​ឆ្នាំ​២០០៦​និង​ឆ្នាំ​២០១០ ឥណ្ឌា​ថែម​ទាំង​បាន​ទិញ​អាវុធ​ពី​បរទេស​ច្រើន​ជាង​ចិន​ទៅ​ទៀត។ មិន​តែ​ប៉ុណ្ណោះ ក្រសួង​ការពារ​ជាតិ​ឥណ្ឌា​បាន​ប្រកាស​កន្លង​ទៅ​ថ្មីៗ​នេះ​ថា ចាប់​ពី​ឆ្នាំ​២០១៥​ទៅ កញ្ចប់​ថវិកា​របស់​ខ្លួន​នឹង​កើន​ទៅ​ដល់​៨​ម៉ឺន​លាន​ដុល្លារ។

ដូច​គ្នា​អ៊ីចឹង​ដែរ ចិន​មាន​ប្រៀប​ជាង​ឥណ្ឌា​នៅ​លើ​វិស័យ​សេដ្ឋកិច្ច។ ចិន​ជា​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​ពីរ រី​ឯ​ឥណ្ឌា​វិញ​ជាប់​លេខ​៩​នៅ​ឡើយ។ ប៉ុន្តែ​តាម​ការ​អះអាង​របស់​ក្រុម​អ្នក​ជំនាញ ឥណ្ឌា​នឹង​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​៣​ឬ​ទី​៤ នា​រយៈពេល​២០​ឆ្នាំ​ទៀត​ខាង​មុខ​នេះ។ ម្ល៉ោះ​ហើយ ចាប់​ពី​ពេល​នេះ​ត​ទៅ ឥណ្ឌា​និង​ចិន​ចៀស​មិន​រួច​ពី​ប្រកួត​ប្រជែង​គ្នា​ក្នុង​ការ​ស្វែង​រក​ថាមពល​នៅ​គ្រប់​ទិសទី​ក្នុង​សកលលោក ដើម្បី​យក​មក​បំប៉ន​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​នៃ​ប្រទេស​របស់​គេ​រៀងៗ​ខ្លួន។

ក្រៅ​ពី​ការ​ប្រកួត​ប្រជែង​គ្នា ឥណ្ឌា​និង​ចិន​មាន​ជម្លោះ​ព្រំដែន​នឹង​គ្នា។ គឺ​ជា​ជម្លោះ​រ៉ាំរ៉ៃ ដ្បិត​ទាំង​សង​ខាង សុទ្ធ​តែ​ជា​អ្នក​ទាមទារ​ទឹក​ដី។ ឥណ្ឌា​នៅ​តែ​បរិហារ​ថា ចិន​បាន​ឈ្លាន​ពាន​យក​ទឹក​ដី​របស់​គេ​មួយ​ដុំ​ធំ​នៅ​Cachemire នោះ​គឺ​ទឹក​ដី​Aksaï Chin។ ចិន​វិញ មិន​ទទួល​ស្គាល់​អាធិបតេយ្យ​របស់​ឥណ្ឌា​ទៅ​លើ​រដ្ឋ​Arunachal Pradesh ដោយ​អះអាង​ថា រដ្ឋ​នេះ​ជា​ទឹក​ដី​របស់​ទីបេ ម្ល៉ោះ​ហើយ​វា​ជា​ទឹក​ដី​របស់​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ