អានតួអត្ថបទ
ឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី​​ប្រហារ​​ជីវិត​​អ្នក​​ទោស​​៨​​នាក់ ក្រោម​​សំឡេង​​ថ្កោល​​ទោស​​ពី​​សហគមន៍​​អន្ដរជាតិ​

ឥណ្ឌូនេស៊ី កាត់​ទោស​ប្រហារ​ជីវិត​អ្នក​ទោស​បរទេស​ចំនួន​៧​នាក់ និង​អ្នក​ទោស​ជន​ជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រត់​ពន្ធ​គ្រឿង​ញៀន​ខុស​ច្បាប់​។ ការ​ប្រហារ​ជីវិត​នេះ ធ្វើ​ឡើង​ដោយ​បាញ់​សម្លាប់ នៅ​រំលង​​អាធ្រាត​យប់​ថ្ងៃ​អង្គារ ឈាន​ចូល​ថ្ងៃ​ពុធ​នេះ នៅ​ពន្ធនាគារ​លើ​កោះ Nasakambangan ភាគ​កណ្ដាល​ប្រទេស​ឥណ្ឌូនេស៊ី​។ គួរ​ជម្រាប​ជូន​ថា ការ​កាត់​ទោស​នេះ ទទួល​រង​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្ដរជាតិ ជា​ពិសេស​អូស្ត្រាលី និង​បារាំង ព្រោះ​ក្នុង​ចំណោម​អ្នក​ទោស​បរទេស​ទាំង​៧​នាក់​ដែល​ត្រូវ​ប្រហារ​ជីវិត​នោះ ក៏​មាន​ផង​ដែរ អ្នក​ទោស​ជន​ជាតិ​អូស្ត្រាលី​ចំនួន​២​នាក់​ និង​អ្នក​ទោស​បារាំង​ម្នាក់​។

រថយន្តដឹកសាកសពអ្នកទោសអូស្ត្រាលីពីរនាក់ ដែល​ទើបប្រហារ​ជីវិត​នៅថ្ងៃទី២៩មេសា២០១៥។
រថយន្តដឹកសាកសពអ្នកទោសអូស្ត្រាលីពីរនាក់ ដែល​ទើបប្រហារ​ជីវិត​នៅថ្ងៃទី២៩មេសា២០១៥។ REUTERS/Darren Whiteside
ផ្សាយពាណិជ្ជកម្ម

ឥណ្ឌូនេស៊ី មាន​គម្រោង​ប្រហារ​ជីវិត​អ្នក​ទោស​ចំនួន​៩​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រត់​ពន្ធ​គ្រឿង​ញៀន​ខុស​ច្បាប់ នៅ​ពេល​រំលង​អាធ្រាត​យប់​ថ្ងៃ​អង្គារ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ពុធ​នេះ​។ ប៉ុន្តែ​នៅ​ម៉ោង​១១​យប់ ម៉ោង​ក្នុង​តំបន់ អ្នក​ទោស​ស្រី​ហ្វីលីពីន​ឈ្មោះ Mary Jane Veloso ​ត្រូវ​បាន​លើក​លែង​ទោស​ប្រហារ​ជីវិត ក្រោយ​ពី​ជន​សង្ស័យ​ម្នាក់​បាន​ប្រគល់​ខ្លួន​ឲ្យ​អាជ្ញាធរ​ហ្វីលីពីន ដោយ​បាន​សារភាព​ថា ខ្លួន​ជា​អ្នក​ប្រើ​ល្បិច​បោក​ប្រាស់ Mary Jane Veloso ឲ្យ​យក​គ្រឿង​ញៀន​ចូល​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​។

នៅ​ទី​បំផុត មាន​អ្នក​ទោស​តែ​៨​នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ចោល នៅ​ពន្ធនាគារ​លើ​កោះ Nasakambangan ភាគ​កណ្ដាល​ប្រទេស​ឥណ្ឌូនេស៊ី ដោយ​ក្នុង​នោះ​មាន​អ្នក​ទោស​បរទេស​ចំនួន​៧​នាក់ និង​អ្នក​ទោស​ជន​ជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​។

ការ​កាត់​ទោស​នេះ ទទួល​រង​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្ដរជាតិ ជា​ពិសេស​អូស្ត្រាលី និង​បារាំង ព្រោះ​ក្នុង​ចំណោម​អ្នក​ទោស​បរទេស​ទាំង​៧​នាក់​ដែល​ត្រូវ​ប្រហារ​ជីវិត​នោះ ក៏​មាន​ផង​ដែរ អ្នក​ទោស​ជន​ជាតិ​អូស្ត្រាលី​ចំនួន​២​នាក់​ និង​អ្នក​ទោស​បារាំង​ម្នាក់​។

ភ្លាម​ៗ​ក្រោយ​កាត់​កាត់​ទោស​នេះ ប្រទេស​អូស្ត្រាលី​បាន​កោះ​ហៅ​ឯក​អគ្គរដ្ឋទូត​របស់​ខ្លួន ​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ជា​បន្ទាន់​ និង​​បាន​ហៅ​ការ​កាត់​ទោស​នេះ​ថា ជាអំពើ​​ឃោឃៅ និង​មិន​ចាំ​បាច់​។ ទំនាក់ទំនង​រវាង​ទីក្រុង​កង់បេរ៉ា​និង​ចាកាតា​ប្រែ​ជា​ល្អក់​កករ​យ៉ាង​ដូច្នេះ គឺ​ជា​លទ្ធផល​​ទទួល​បាន​ពី​ទង្វើ​ដែល​ឥណ្ឌូនេស៊ី​បាន​ធ្វើ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មានម៉ោង​ចុង​ក្រោយ​នេះ​។ ប្រទេស​បារាំង​ឯ​ណោះ​វិញ ក៏​បាន​ថ្កោល​ទោស​ការ​ប្រហារ​ជីវិត​នេះ​ដែរ​។ តាម​រយៈ​អ្នក​​នាំ​ពាក្យ​ក្រសួង​ការបរទេស រដ្ឋាភិបាល​បារាំង​បាន​រំលឹក​ឡើង​វិញ​នូវ​ការ​ប្រឆាំង​ជំទាស់​របស់​ខ្លួន ចំពោះ​ការ​កាត់​ទោស​ប្រហារ​ជីវិត​នៅ​ក្នុង​ករណី​ទាំង​អស់ និង​គ្រប់​កាលៈទេសៈ​ទាំងអស់​។

គួរ​ជម្រាប​ជូន​ដែរ​ថា ក្រៅ​ពី​អ្នក​ទោស​ជន​ជាតិ​អូស្ត្រាលី​២​នាក់ និង​អ្នក​ទោស​បារាំង​ម្នាក់ អ្នក​ទោស​បរទេស​ដែល​ត្រូវ​បាន​ប្រហារ​ជីវិត​ដោយ​ឥណ្ឌូនេស៊ី កាល​ពី​យប់​រំលង​អាធ្រាត​ថ្ងៃ​អង្គារ ឈាន​ចូល​ព្រឹក​ថ្ងៃ​ពុធ​នេះ ក៏​មាន​ផង​ដែរ ជន​ជាតិ​ប្រេស៊ីល​ម្នាក់ និងជន​ជាតិ​នីហ្សេរីយ៉ា​៣​នាក់ និង​ម្នាក់​ទៀត​មក​ពី​ទ្វីប​អាហ្វ្រិក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ