អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

សង្រ្គាមលោក​លើកទី២៖ ​ការ​ដួលរលំ​នៃ​របប​មូសូលីនី​នៅ​អ៊ីតាលី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​លើកឡើង អំពី​សង្រ្គាម​លោកលើកទី២ ដោយ​និយាយ​អំពី​​​​បរាជ័យ​របស់​របប​ហ្វាស៊ីស​​អ៊ីតាលី​ ដែល​ត្រូវ​កងទ័ព​អាមេរិក​​និង​សម្ព័ន្ធមិត្ត​ចូល​ឈ្លានពាន នៅ​ឆ្នាំ​១៩៤៣។

មូសូលីនី ប្រមុខដឹកនាំ​របបហ្វាស៊ីស​អ៊ីតាលី
មូសូលីនី ប្រមុខដឹកនាំ​របបហ្វាស៊ីស​អ៊ីតាលី
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​បាន​វាយបណ្តេញ​កងទ័ព​អាល្លឺម៉ង់ និង​អ៊ីតាលី ចេញ​ពី​តំបន់​អាហ្វ្រិក​ខាងជើង នៅ​ចន្លោះ​ចុងឆ្នាំ​១៩៤២ និង​ដើម​ឆ្នាំ​១៩៤៣ សហរដ្ឋ​អាមេរិក អង់គ្លេស និង​ប្រទេស​សម្ព័ន្ធមិត្ត​ ក៏​បាន​ចាប់ផ្តើម​រៀបចំ​យុទ្ធសាស្រ្ត ដើម្បី​វាយលុក​ចូល​រំដោះ​តំបន់​អឺរ៉ុប និង​ឈាន​ទៅ​សម្រេច​គោលដៅ​ចុងក្រោយ គឺ​យក​ជ័យជម្នះ​លើ​កងទ័ព​របស់​អាល្លឺម៉ង់​ណាហ្ស៊ី។

នៅ​ពេលនោះ ក្រុមសម្ព័ន្ធមិត្ត​ត្រូ​វ​ប្រឈមមុខ​នឹង​ជម្រើស​ពីរ៖ ទីមួយ គឺ​វាយលុក​តាម​ច្រកសមុទ្រ​អង់គ្លេស (English Chhanel) ទៅលើ​កងទ័ព​អាល្លឺម៉ង់ នៅ​ប៉ែក​ខាងជើង​ប្រទេស​បារាំង និង​ទីពីរ វាយលុក​តាម​សមុទ្រ​មេឌីទែរ៉ាណេ ទៅលើ​ប្រទេស​អ៊ីតាលី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ហ៊ីត្លែរ ហើយ​ដែល​នាយករដ្ឋមន្រ្តី​អង់គ្លេស គឺ​លោក​ Winston Churchill ចាត់ទុក​ថា​ជា​​ចំណុច​ខ្សោយ​នៃ​ខ្សែក្រវ៉ាត់​ការពារ​តំបន់​អឺរ៉ុប។

ក្រោយ​ពី​មាន​ការ​ជជែកគ្នា​យ៉ាង​ច្រើន ជាពិសេស រវាង​អាមេរិក និង​អង់គ្លេស នៅទីបំផុត ក្រុម​សម្ព័ន្ធមិត្ត​ក៏​បាន​ឯកភាព​គ្នា​ទៅលើ​ជម្រើស​ទីពីរ គឺ​វាយលុក​ចូល​តាម​ប្រទេស​អ៊ីតាលី ដោយ​បញ្ជូន​កងទ័ព​ដែល​ភាគច្រើន​កំពុង​ស្ថិត​នៅ​ក្នុង​តំបន់​មេឌីទែរ៉ាណេ​ស្រាប់ ឲ្យ​ចូល​ឈ្លានពាន​ទៅលើ​តំបន់​​ស៊ីស៊ីល (Sicile) ដែល​ជា​កោះ​​ស្ថិត​នៅ​​​​ចុង​ខាង​ត្បូងបំផុត​នៃ​ប្រទេស​អ៊ីតាលី។ មុននឹង​បើក​ការ​វាយលុក​ទៅលើ​​តំបន់​ស៊ីស៊ីល អង់គ្លេស​បាន​រៀបចំ​គម្រោងការណ៍​សម្ងាត់ ដើម្បី​បង្វែងដាន​បញ្ឆោត​ហ៊ីត្លែរ។

នៅខែ​មេសា ឆ្នាំ​១៩៤៣ អង់គ្លេស​បាន​យក​សាកសព​ជន​អនាថា​ម្នាក់ មក​ស្លៀកពាក់​ក្លែងខ្លួន​ជា​ទាហាន​អង់គ្លេស ​ដោយ​ដាក់​ខ្នោះ​ដៃ​ភ្ជាប់​ទៅនឹង​វ៉ាលីស​មួយ ដែល​ផ្ទុកពេញ​ទៅ​ដោយ​ឯកសារ​សម្ងាត់​ក្លែងក្លាយ រួចហើយ​យក​ទៅ​ផ្លុងចោល​នៅ​ក្នុង​សមុទ្រ​ក្បែរ​ឆ្នេរសមុទ្រ​អេស្ប៉ាញ ដែល​នៅ​ពេលនោះ មានឈ្មោះ​ជា​ប្រទេស​អព្យាក្រឹត តែ​លួច​សហការ​ដោយ​សម្ងាត់​ជាមួយ​អាល្លឺម៉ង់។

នៅពេល​ដែល​សាកសព​ទាហាន​អង់គ្លេស​ក្លែងក្លាយ​​ត្រូវ​បាន​គេ​ប្រទះឃើញ ហើយ​ស្រង់ចេញ​ពី​ទឹក វ៉ាលីស​ផ្ទុក​ឯកសារ​សម្ងាត់​​ក្លែងក្លាយ​ ​ក៏​ត្រូវ​បាន​អេស្ប៉ាញ​លួច​បញ្ជូន​បន្ត​ទៅ​ឲ្យ​​ភ្នាក់ងារ​ចារកិច្ច​អាល្លឺម៉ង់។ នៅ​ក្នុង​ឯកសារ​សម្ងាត់​ក្លែងក្លាយ​នេះ​មាន​សរសេរ​រៀបរាប់​លម្អិត​អំពី​គម្រោងការណ៍​របស់​​កងទ័ព​សម្ព័ន្ធមិត្ត ក្នុងការ​វាយលុក​ទៅលើ​អ៊ីតាលី ក៏ប៉ុន្តែ ទិសដៅ​នៃ​ការ​វាយលុក គឺ កោះ Corse និង Sardaigne ដែល​ស្ថិត​នៅ​ខាងលិច​អ៊ីតាលី ​ឆ្ងាយ​ពី​តំបន់​ស៊ីស៊ីល ដែល​ជា​គោលដៅ​ពិតប្រាកដ។ ដោយនឹកស្មាន​ថា ឯកសារ​សម្ងាត់​នេះ គឺ​ជា​ឯកសារ​ពិត ហ៊ីត្លែរ និង​មូសូលីនី ​ក៏​បាន​បង្វែរកម្លាំង​ទ័ព​​ភាគច្រើន​ឲ្យ​ទៅចាំការពារ​កោះ Corse និង Sardaigne ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​តំបន់​ស៊ីស៊ីល​ត្រូវ​ថយកម្លាំង​ការពារ។ នៅ​ពេល​ដែល​ប្រតិបត្តិការ​វាយលុក​លើ​តំបន់​ស៊ីស៊ីល​បាន​ចាប់ផ្តើម​ឡើង អាល្លឺម៉ង់​ទុក​កងទ័ព​តែ​២កងពល​ប៉ុណ្ណោះ នៅ​ស៊ីស៊ីល​ ដើម្បី​ជួយ​កងទ័ព​អ៊ីតាលី។
 

ប្រតិបត្តិការ​វាយលុក​ទៅលើ​តំបន់​ស៊ីស៊ីល​របស់​អ៊ីតាលី ដែល​ត្រូវ​បាន​គេឲ្យឈ្មោះ​សម្ងាត់​ថា “ប្រតិបត្តិការ Husky” បាន​ចាប់ផ្តើម​ឡើង នៅ​ព្រឹកព្រលឹម​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​១៩៤៣ ដោយ​មាន​ការ​ចូលរួម​ពី​កងទ័ព​ចំនួន ១៥ម៉ឺននាក់ នាវាចម្បាំង ៣ពាន់គ្រឿង ​យន្តហោះចម្បាំង ៤ពាន់គ្រឿង ព្រមទាំង​រថក្រោះ​ជាច្រើន​គ្រឿងផ្សេងទៀត។ គិតត្រឹម​រសៀល​ថ្ងៃ​ដដែល​នោះ កងកម្លាំង​សម្ព័ន្ធមិត្ត​​ទាំង ១៥ម៉ឺននាក់ ចែកចេញ​ជា ៧​កងពល គឺ​ ៣កងពល​មក​ពី​អាមេរិក ៣កងពល​មក​ពី​អង់គ្លេស និង​១កងពល​មក​ពី​កាណាដា បាន​ចូល​ទៅដល់​តំបន់​ឆ្នេរសមុទ្រ​ប៉ែក​ខាង​ត្បូង​តំបន់​ស៊ីស៊ីល​ ដោយ​នាំទៅជាមួយ​នូវ​រថក្រោះ​ប្រមាណ ៦០០គ្រឿង។ កងទ័ព​សម្ព័ន្ធមិត្ត​ក៏​បាន​ធ្វើ​ការ​​​វាយលុក​រុល​ទៅមុខ ដោយ​ជួប​នឹង​ឧបសគ្គតិចតួចបំផុត ដោយសារ​តែ​នៅពេលនោះ កងទ័ព​ពូកែៗ​របស់​អាល្លឺម៉ង់​ត្រូវ​បាន​គេ​បង្វែរ​ទៅ​ការពារ​ទីតាំង​ផ្សេង ដោយសារ​ចាញ់ឧបាយកល​របស់​អង់គ្លេស។

តាមការពិត ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ឃើញ​​ក្រុម​សម្ព័ន្ធមិត្ត​បើក​ការ​វាយប្រហារ​ទៅលើ​តំបន់​ស៊ីស៊ីល ហ៊ីត្លែរ​​នៅតែ​​រក្សា​កម្លាំង​ទ័ព​នៅ​ចាំ​ការពារ​កោះ Corse និង​កោះ Sardaigne ដោយ​មិន​ព្រម​បង្វែរ​កម្លាំង​​ឲ្យ​មកស៊ីស៊ីល​វិញនោះទេ ដោយសារ​តែ​​ពេលនោះ​ ហ៊ីត្លែរ​នៅតែ​ជឿ​ថា ឯកសារសម្ងាត់​ដែល​គេ​យក​បាន​ពី​សាកសព​ទាហាន​អង់គ្លេស គឺ​ជា​​ឯកសារ​ពិត ហើយ​នឹកស្មាន​ថា​ ការណ៍​ដែល​ក្រុម​សម្ព័ន្ធមិត្ត​បើក​ការ​វាយប្រហារ​​នៅ​តំបន់​ស៊ីស៊ីល គ្រាន់តែ​ជា​ការ​បង្វែង​ដានទៅវិញ។ ទម្រាំ​តែ​ហ៊ីត្លែរ និង​មូសូលីនី​ភ្ញាក់ដឹងខ្លួន កងកម្លាំង​សម្ព័ន្ធមិត្ត​បាន​វាយ​ដណ្តើម​កាន់កាប់​តំបន់​ស៊ីស៊ីល​បាន​ស្ទើរតែ​ទាំងស្រុង ហើយ​ជំហាន​បន្ទាប់ គឺ​ប្រទេស​អ៊ីតាលី​ទាំងមូល​ ដែល​ត្រូវ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់។

បរាជ័យ​នៅ​ស៊ីស៊ីល​បាន​ធ្វើ​ឲ្យ​របបហ្វាស៊ីស​មូសូលីនី​ត្រូវ​ធ្លាក់​ដុនដាប ដោយ​ត្រូវ​​​​បាត់បង់​​នូវការគាំទ្រ​ពីសំណាក់​ប្រជាជន ​ព្រះមហាក្សត្រ និង​មេដឹកនាំ​យោធា​កំពូលៗ​របស់​អ៊ីតាលី ហើយ​​​នៅថ្ងៃ​ទី​២៤ ខែ​កក្កដា មូសូលីនី​ក៏​ត្រូវ​គេ​ដកតំណែង និង​ចាប់ឃុំខ្លួន ហើយ​​តំណែង​នាយករដ្ឋមន្រ្តី​ត្រូវ​បាន​ព្រះមហាក្សត្រ​អ៊ីតាលី ប្រគល់​ទៅ​ឲ្យ​សេនាប្រមុខព្យេត្រូ បាដូហ្គ្លីយ៉ូ (Pietro Badoglio) ដែល​ជា​ឥស្សរជន​ធ្លាប់តែ​មាន​ជំហរ​ប្រឆាំង​នឹង​ការ​ចងសម្ព័ន្ធមិត្ត​ជាមួយ​នឹង​ហ៊ីត្លែរ។

គ្រាន់តែ​បាន​ឡើង​អំណាច​ភ្លាម សេនាប្រមុខ​បាដូហ្គ្លីយ៉ូ ក៏​បាន​ចាប់ផ្តើម​បើក​ការចរចា​​ជាមួយ​អាមេរិក និង​អង់គ្លេស ដើម្បី​ឈាន​ទៅ​បញ្ចប់​សង្រ្គាម។ ក៏ប៉ុន្តែ ការចរចា​​នេះ​​ត្រូវ​បាន​ធ្វើឡើង​ដោយ​លាក់ការណ៍​យ៉ាង​សម្ងាត់​បំផុត ដោយសារ​តែ​នៅពេលនោះ កងទ័ព​របស់​ហ៊ីត្លែរ​មាន​វត្តមាន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពាសពេញ​​ក្នុង​ទឹកដី​អ៊ីតាលី។

នៅ​​​ថ្ងៃ​ទី៣ កញ្ញា ១៩៤៣ អ៊ីតាលី​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​សម្ព័ន្ធមិត្ត ដោយ​សុខចិត្ត​ចុះចាញ់​សង្រ្គាម ហើយ​ផ្តាច់ខ្លួន​ចេញ​ពី​បក្សសម្ព័ន្ធត្រីភាគី​ជាមួយ​ហ៊ីត្លែរ។​ ក៏ប៉ុន្តែ គ្រាន់តែ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ភ្លាម អាល្លឺម៉ង់​ ដែល​មាន​កងទ័ព​នៅ​ក្នុង​ប្រទេស​អ៊ីតាលីស្រាប់ ក៏​បាន​ចាប់ផ្តើម​វាយដណ្តើម​កាន់កាប់​ទីតាំង​ទ័ព​សំខាន់ៗ​របស់​​​អ៊ីតាលី ហើយ​បន្ទាប់មក​ទៀត ហ៊ីត្លែរ​បាន​បញ្ជូន​កងកុម្ម៉ង់ដូ​មួយ​ក្រុម​​ឲ្យ​ទៅ​រំដោះ​មូសូលីនី​ចេញ​ពី​ពន្ធនាគារ​អ៊ីតាលី ដើម្បី​យក​ទៅ​បន្តុប​ឲ្យ​ធ្វើ​ជា​មេដឹកនាំ​រដ្ឋាភិបាល​អាយ៉ងមួយ ដែល​ហ៊ីត្លែរ​បាន​រៀបចំ​ឡើង នៅ​ដែនដី​ប៉ែកខាងជើង​អ៊ីតាលី។

ចាប់ពីពេលនោះមក អ៊ីតាលី​ជា​ប្រទេស​ដែល​មាន​ត្រឹមតែ​ឈ្មោះ​ប៉ុណ្ណោះ ក៏ប៉ុន្តែ ទឹកដី​អ៊ីតាលី​ស្ទើរតែ​ទាំងមូល​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ហ៊ីត្លែរ។ ​កងទ័ព​សម្ព័ន្ធមិត្ត ដែល​ចង់​ចូល​កាន់កាប់​ទឹកដី​អ៊ីតាលី ក៏​ត្រូវ​កងទ័ព​អាល្លឺម៉ង់​វាយស្ទាក់ជាប់​នៅ​ត្រឹម​​ខ្សែត្រៀម​ខាងត្បូង​ទីក្រុង​រ៉ូម​ លែង​អាច​រុលទៅមុខទៀតបាន។ យុទ្ធសាស្រ្ត​របស់ Winston Churchill ដែល​ចង់​យក​អ៊ីតាលី​ធ្វើ​ជា​ច្រក​ផ្លូវ សំដៅ​ទៅវាយ​លុក​រំដោះ​តំបន់​អឺរ៉ុប​ពីដៃ​ហ៊ីត្លែរ​ត្រូវ​បរាជ័យ។ នៅខែ​មិថុនា ឆ្នាំ​១៩៤៤ ក្រុមសម្ព័ន្ធមិត្ត​ក៏​អនុវត្ត​​​ជម្រើសយុទ្ធសាស្រ្ត​​ជំហានទីពីរ គឺ​ការ​វាយលុក​ឆ្លងកាត់តាម​ច្រកសមុទ្រ​អង់គ្លេស ទៅលើ​កងទ័ព​អាល្លឺម៉ង់ នៅ​​​ប៉ែក​ខាងជើង​ប្រទេស​បារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ