អានតួអត្ថបទ
ចិន-ជប៉ុន

ចិន​និង​ជប៉ុន​ចរចាគ្នា​បន្ធូរបន្ថយ​ភាពតានតឹង​ជុំវិញ​ជម្លោះ​ព្រំដែន

ចិន និង​ជប៉ុន​បាន​ជួប​ចរចា​គ្នា នៅថ្ងៃ​អង្គារ​នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​បន្ធូរបន្ថយ​ភាព​តានតឹង ដែល​កើត​ចេញ​ពី​ជម្លោះ​​ដណ្តើម​ប្រជុំ​កោះ Senkaku (Diaoyu តាម​ភាសា​ចិន)។ ប្រទេស​ទាំងពីរ​សុទ្ធតែ​យល់​ថា ជម្លោះ​ការទូត​នឹង​ធ្វើ​ឲ្យ​ខូចប្រយោជន៍​ទាំង​សងខាង។ ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយ​គ្នា សង្រ្គាម​ពាក្យសម្តី នៅតែ​បន្ត​កើត​មាន​ឡើង​រវាង​ប្រទេស​ទាំងពីរ។

ទិដ្ឋភាព​ទូទៅ​នៃ​ប្រជុំ​កោះ​ Senkaku ហៅតាម​ជប៉ុន ឬ​ Diaoyu ជា​ភាសា​ចិន។
ទិដ្ឋភាព​ទូទៅ​នៃ​ប្រជុំ​កោះ​ Senkaku ហៅតាម​ជប៉ុន ឬ​ Diaoyu ជា​ភាសា​ចិន។ Reuters/Yomiuri Shimbun/Kanji Tada
ផ្សាយពាណិជ្ជកម្ម

02:09

សេចក្តីរាយការណ៍​របស់ សេង ឌីណា

ការ​ចរចា នៅថ្ងៃ​អង្គារនេះ ត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្នុង​ទីក្រុង​ប៉េកាំង រវាង​អតីត​ប្រធាន​រដ្ឋសភា​ជប៉ុន ដែល​ជា​អ្នក​ស្និទ្ធ​នឹង​នាយករដ្ឋមន្រ្តី​ជប៉ុន និង​​រដ្ឋមន្រ្តី​ការបរទេស​ចិន លោក យ៉ាង ជៀឈី (Yang Jiechi)។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន ឈ្មោះ Jiji Press ។​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​បញ្ជាក់ថា ជំនួប​​នេះ​ពិត​ជា​កើតមាន​មែន ក៏ប៉ុន្តែ វា​ជា​ជំនួប​ក្រៅ​ផ្លូវការ​​ប៉ុណ្ណោះ។

យោងតាម​​ទីភ្នាក់ងារ​ព័ត៌មាន Jiji Press ចិន និង​ជប៉ុន​បាន​ព្រមព្រៀង​គ្នា​ថា លោក​ ណាអូតូ កាន់ (Naoto Kan) នាយករដ្ឋមន្រ្តី​ជប៉ុន និង​លោក​ វេន ជៀប៉ាវ (Wen Jiabao) នាយករដ្ឋមន្រ្តី​ចិន គួរ​តែ​​ជួប​ពិភាក្សា​គ្នា នៅ​ក្នុង​អំឡុង​​ពេល​ធ្វើ​ជំនួបកំពូល​អាស៊ាន នៅ​វៀតណាម នាចុងខែ​តុលា​ខាងមុខនេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ កុំ​ឲ្យ​ខូចខាត​ដល់​ប្រយោជន៍​ទាំង​សងខាង។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ទទួល​ស្គាល់ថា ទំនាក់ទំនង​ល្អ​រវាង​ចិន និង​ជប៉ុន ពិត​ជាមាន​សារៈប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ​មែន ក៏ប៉ុន្តែ បាន​រិះគន់​​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ជប៉ុន​ថា​បាន​ប្រើ​ពាក្យ​មិនសមរម្យ​មក​លើ​ចិន។

គួរ​រំឭក​ថា កាល​ពីថ្ងៃ​ចន្ទ ម្សិលមិញ រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន​បាន​រិះគន់​ចិន​ថា​បាន​រឹតត្បឹត​ការនាំចេញ​ធនធានធម្មជាតិ​កម្រ​មួយ​ចំនួន​ទៅ​ឲ្យ​ជប៉ុន ដោយ​បាន​ហៅ​វិធានការ​នេះ​ថា មាន​លក្ខណៈ​ជ្រុលហួសហេតុ ធ្វើ​ឡើង​ទៅ​តាម​ចិត្ត​ខឹង​ ខ្វះ​ការពិចារណា។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​​ប្រាប់​អ្នក​សារព័ត៌មាន នៅ​ថ្ងៃ​អង្គារនេះ​ថា លោក​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដែល​រដ្ឋមន្រ្តី​ក្រសួងការបរទេស​របស់​ប្រទេសមួយ​​អាច​ប្រើ​ពាក្យ​សម្តី​​​មិន​សមរម្យ​បែបនេះ ហើយ​ថា ការប្រើពាក្យ​សម្តីបែបនេះ គឺជា​ឧបសគ្គ​ក្នុង​ការ​​​​ស្តារ​ទំនាក់ទំនង​ចិន-ជប៉ុន។

គួរ​រំឭកឡើងវិញ​ថា ជម្លោះ​ការទូត​រវាង​ចិន និង​ជប៉ុន​បាន​ផ្ទុះ​ឡើង កាល​ពី​ដើមខែ​កញ្ញា ក្រោយ​ពី​ជប៉ុន​បាន​ចាប់​ខ្លួន​អ្នក​បើកបរ​នាវា​ចិន​ម្នាក់ ដោយ​ចោទ​ថា​បាន​ឆ្លង​ដែន​ខុសច្បាប់ ចូល​ទៅ​ក្នុង​​ប្រជុំកោះ Senkaku ។ ប្រជុំកោះ​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ជប៉ុន ក៏ប៉ុន្តែ ចិន​​កំពុង​តែ​ទាមទារ។

កាល​ពី​ថ្ងៃ​​សៅរ៍ ថ្ងៃ​អាទិត្យ និង​ថ្ងៃ​ចន្ទ កន្លងទៅនេះ ជនជាតិ​ចិន​ក្មេងៗ​រាប់​ពាន់​នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ នៅ​តាម​បណ្តា​ក្រុង​មួយ​ចំនួន ក្នុង​ប្រទេស​ចិន ដោយ​បាន​​វាយបំផ្លាញ​ក្រុមហ៊ុន​ជប៉ុន​មួយ​ចំនួន​ផង។ រដ្ឋាភិបាល​ជប៉ុន​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​ជនជាតិ​ជប៉ុន ដែល​កំពុង​រស់​នៅ​លើ​ទឹកដី​ចិន ហើយ​បាន​​ជំរុញ​ឲ្យ​អាជ្ញាធរ​ចិន​ ធ្វើ​យ៉ាងណា​រក្សា​សុវត្ថិភាព​ជនជាតិ​ជប៉ុន​ឲ្យ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ