អានតួអត្ថបទ
ជប៉ុន-មជ្ឈិមបូព៌ា

លោក​ស្ហ៊ីនហ្សូ អាបេ​ទៅ​មជ្ឈិមបូព៌ា​ដើម្បី​ព្យាយាម​លក់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល

លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ ចាប់ផ្តើម​ដំណើរទស្សនកិច្ច​រយៈពេល ៦ថ្ងៃ ទៅកាន់​តំបន់​មជ្ឈិមបូព៌ា នៅថ្ងៃ​សៅរ៍នេះ។ បើតាម​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ជប៉ុន នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ស្ហ៊ីនហ្សូ អាបេ នឹង​ព្យាយាម​ទាក់ទាញឲ្យ​គេ​ទិញ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​របស់​ជប៉ុន ក្នុងពេល​ដែល​ជប៉ុន​ខ្លួនឯង​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​នុយក្លេអ៊ែរ​ធ្ងន់ធ្ងរ នៅ​ហ៊្វូគូស្ហ៊ីម៉ា។

លោក​ស្ហ៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្រ្តី​ជប៉ុន (រូបថតឯកសារ)
លោក​ស្ហ៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្រ្តី​ជប៉ុន (រូបថតឯកសារ) EUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ដំណើរទស្សនកិច្ច​រយៈពេល ៦ថ្ងៃ​នេះ លោក​ស្ហ៊ីនហ្សូ អាបេ នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​បារ៉ែន កូវ៉ែត ជីប៊ូទី និង​កាតារ ហើយ​បញ្ហា​នុយក្លេអ៊ែរ គឺ​ជា​របៀបវារៈ​សំខាន់​ជាងគេ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ។

ចាប់តាំង​ពី​ឡើង​កាន់តំណែង​​ជា​នាយករដ្ឋមន្រ្តី​ជប៉ុន​មក លោក​ ស្ហ៊ីនហ្សូ អាបេ ដែល​ជា​អ្នកមាន​គំនិត​គាំទ្រ​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល បាន​ព្យាយាម​ដុតដៃ​ដុតជើង ​នាំ​ចេញ​​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ជប៉ុន​ទៅក្រៅប្រទេស បើទោះបី​ជា​ជប៉ុន​ខ្លួន​ឯង បាន​ជួប​នឹង​គ្រោះថ្នាក់​នុយក្លេអ៊ែរ​យ៉ាង​ធ្ងន់ធ្ងរ នៅ​ហ៊្វូគូស្ហ៊ីម៉ា ក៏ដោយ។

កាលពីខែ​ឧសភា​កន្លងទៅ​ថ្មីៗ​នេះ លោក​ស្ហ៊ីនហ្សូ អាបេ បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​តួកគី ហើយ​បាន​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​តួកគី​ឲ្យ​ចុះ​កិច្ចសន្យា​ប្រគល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន និង​ក្រុមហ៊ុន​បារាំង ជា​អ្នក​សាងសង់​រោងចក្រ​អគ្គិសនី​នុយក្លេអ៊ែរ​ចំនួន ៤​កន្លែង។ មុន​ចុះ​កិច្ចសន្យា​ជាមួយតួកគី ជប៉ុន​ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​​សហប្រតិបត្តិការ​ក្នុង​វិស័យ​នុយក្លេអ៊ែរ​ស៊ីវិល​ជា​មួយ​ប្រទេស​អារ៉ាប់រួម​​ផងដែរ។

ដំណើរទស្សនកិច្ច​​ជាថ្មី​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​ ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ពី​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ជប៉ុន​ពេលនេះ ធ្វើ​ឡើង នៅ​ចំពេល​ដែល​ជប៉ុន​ខ្លួនឯង​ កំពុង​ប្រឈមមុខ​កាន់តែ​ខ្លាំង​នឹង​បញ្ហា​​លេចធ្លាយ​ធាតុ​វិទ្យុសកម្ម​ ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ៊្វូគូស្ហ៊ីម៉ា ហូរ​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ។ ក៏ប៉ុន្តែ បើ​តាម​ការ​អះអាង​របស់​មន្រ្តី​ក្រសួង​ការបរទេស​ជប៉ុន បញ្ហា​នៅ​ហ៊្វូគូស្ហ៊ីម៉ា​នេះ​ទំនង​ជា​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ទស្សនកិច្ច​របស់​លោក​ស្ហ៊ីនហ្សូ អាបេ​នេះ​ទេ។

គួររំឭកឡើងវិញ​ថា ចាប់តាំង​ពី​មាន​គ្រោះថ្នាក់​នុយក្លេអ៊ែរ​នៅ​ហ៊្វូគូស្ហ៊ីម៉ា​មក ជប៉ុន​បាន​ផ្អាក​ដំណើរការ​​ស្ទើរតែ​ទាំងស្រុង នូវ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ទាំង ៥០​កន្លែង​របស់​ខ្លួន។ ការជាប់គាំង​នៃ​ទីផ្សារ​នុយក្លេអ៊ែរ​ក្នុងស្រុក​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន ងាក​ទៅ​ផ្តោត​លើ​ការ​នាំចេញ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ទៅ​ក្រៅប្រទេស​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ