អានតួអត្ថបទ
ជប៉ុន-ចិន

ជប៉ុន​តវ៉ា នៅ​ចំពោះមុខ​ទង្វើ​ប្រថុយប្រថាន​ពេក​របស់​ទ័ព​ចិន

ជា​ថ្មី​ម្តង​ទៀត នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​៨​មីនា​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​បាន​តវ៉ា​ជា​ផ្លូវការ​សូម​ឲ្យ​កងទ័ព​ចិន​បញ្ឈប់ ​ជា​បន្ទាន់​រាល់​ទង្វើ​ដែល​ទីក្រុង​តូក្យូ​វាយ​តម្លៃ​ថា ប្រកប​ទៅ​ដោយ​«គ្រោះ​ថ្នាក់​ជា​ទី​បំផុត»។ ការ​ប្រកាស​តវ៉ា​បែប​នេះ ត្រូវ​បាន​ធ្វើ​ឡើង ក្រោយ​ពី​ឧទ្ធម្ភាគចក្រ​យោធា​មួយ​គ្រឿង​របស់​ចិន​បាន​ហោះ​ចូល​មក​ជិត​នាវា​ ចម្បាំង​របស់​ជប៉ុន​ពេក កាល​ពី​ថ្ងៃ​ចន្ទ​ទី​៧​មីនា​ម្សិលមិញ។

កោះ​ដែល​ជា​ប្រធានបទ​នៃ​ជម្លោះ​ព្រំដែន​រវាង​ជប៉ុន និង​ចិន
កោះ​ដែល​ជា​ប្រធានបទ​នៃ​ជម្លោះ​ព្រំដែន​រវាង​ជប៉ុន និង​ចិន ©Reuters
ផ្សាយពាណិជ្ជកម្ម

 

01:33

សេចក្តី​រាយការណ៍​​​របស់​​ តាន់ ហ្សង់​-ហ្វ្រង់ស្វ័រ

អ្វី​ដែល​បាន​កើត​ឡើង កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ គឺ​ជា​«ទង្វើ​មួយ​គ្រោះថ្នាក់​ជា​ទី​បំផុត» នេះ​ជា​សំដី​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ជប៉ុន Toshimi Kitazawa ។ កាល​ពី​ម្សិលមិញ ឧទ្ធម្ភាគចក្រ​យោធា​មួយ​គ្រឿង​របស់​ចិន​បាន​ហោះ​បន្ទាប​ខ្លួន​ចូល​មក​ជិត​នាវា​destroyers របស់​ជប៉ុន នៅ​ប៉ែក​ខាង​ត្បូង​នៃ​សមុទ្រ​ចិន ម្តុំ​ទីតាំង​នៃ​អណ្តូង​ឧស្ម័ន​ធម្មជាតិ​មួយ ដែល​ចិន​និង​ជប៉ុន​ដណ្តើម​គ្នា​កាន់កាប់​ជា​យូរ​មក​ហើយ។

ឧប្បត្តិហេតុ​បែប​នេះ ធ្លាប់​បាន​កើត​ឡើង​ជា​ច្រើន​ដង​មក​ហើយ។ ឧទាហរណ៍ កាល​ពី​ខែ​មេសា​ឆ្នាំ​ទៅ​មិញ ឧទ្ធម្ភាគចក្រ​យោធា​ចិន​បាន​បន្ទាប​ខ្លួន​មក​ជិត​នាវា​យាម​ល្បាត​របស់​ជប៉ុន​ចំនួន​ពីរ​លើក។

ក៏​ប៉ុន្តែ​ពីរ​សប្តាហ៍​ចុង​ក្រោយ​នេះ ចិន​ហាក់​ដូច​ជា​បាន​និង​កំពុង​បន្ត​បង្កើន​ទង្វើ​របៀប​នេះ។ ក្រៅ​ពី​ប្រទេស​ជប៉ុន វៀតណាម​និង​ហ្វីលីពីន​ក៏​បាន​លើក​ឡើង​ដែរ​ថា នាវា​ចម្បាំង​ឬ​ក៏​នាវា​យាមល្បាត​របស់​ចិន​បាន​ចេញ​ពី​ដែន​ទឹក​របស់​ខ្លួន​ហើយ​ចូល​មក​កៀក​ទី​ប្រជុំ​កោះSpratly ដែល​បណ្តា​ប្រទេស​អាស៊ី​មួយ​ចំនួន​រួម​ទាំង​ចិន​ផង​ទាមទារ​ចង់​បាន។ ដូច​គ្នា​អ៊ី​ចឹង​ដែរ កាល​ពី​សប្តាហ៍​មុន យន្តហោះ​ប្រដេញ​ពីរ​គ្រឿង​របស់​ចិន​បាន​ហោះ​ចូល​មក​ជិត​ទីប្រជុំ​កោះ​Senkaku ជាហេតុ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​យោធា​ជប៉ុន​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​កាន់​ទី​នោះ​ដែរ ពីព្រោះ​Senkaku ដែល​ឋិត​នៅ​ក្រោម​ការ​កាន់កាប់​របស់​ជប៉ុន​កំពុង​ត្រូវ​ប្រទេស​ចិន​ទាមទារ​ចង់​បាន។

ចំពោះ​ក្រុម​អ្នក​សង្កេតការណ៍ អាជ្ញាធរ​ចិន​ប្រហែល​ជា​បាន​ចេញ​បញ្ជា​ឲ្យ​កងទ័ព​បង្ក​ឧប្បត្តិហេតុ​បែប​នេះ​ឡើង ក្នុង​គោលដៅ​បំផុសបំផុល​មនោសញ្ចេតនា​ជាតិ​និយម និង​បង្វែរ​អារម្មណ៍​របស់​មហាជន​ចិន​ចេញ​ពី​បដិវត្តន៍​ផ្កាម្លិះ​នៅ​ពិភព​អារ៉ាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ