អានតួអត្ថបទ
ជប៉ុន

ជប៉ុន​និង​កូរ៉េខាងត្បូង​ត្រូវ​និយាយ​ចុះសម្រុង​គ្នា​មុន​ទស្សនកិច្ច​របស់​លោក​អូបាម៉ា នៅ​អាស៊ី

មន្រ្តីជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង និងជប៉ុន​ត្រូវ​ជួប​ប្រជុំ​គ្នា នៅ​ក្នុង​សប្តាហ៍នេះ ដើម្បី​ដោះស្រាយ​ចំណុច​ខ្វែងគំនិត​ដែល​ប្រទេស​ទាំងពីរ​មាន​ជាមួយគ្នា។ ចំណុច​ធូរ​ស្រាល​រវាង​ប្រទេស​​សម្ព័ន្ធ​ទាំងពីរ​របស់​អាមេរិក​ត្រូវ​រក​ឲ្យ​ឃើញ នៅមុន​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ដែល​នឹង​ត្រូវ​ធ្វើ នៅ​ទីក្រុង​តូក្យូ នៅថ្ងៃ​ទី ២៣​មេសា ខាងមុខ។

កិច្ចប្រជុំ​ត្រីភាគី អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង នៅទីក្រុង​ឡាអេ​ បន្ទាប់​ពី​កូរ៉េខាងជើង​បាញ់​មីស៊ីល
កិច្ចប្រជុំ​ត្រីភាគី អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង នៅទីក្រុង​ឡាអេ​ បន្ទាប់​ពី​កូរ៉េខាងជើង​បាញ់​មីស៊ីល © REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

 

រដ្ឋាភិបាល​របស់​ប្រទេស​ទាំងពីរ​បាន​សម្រេច​ចិត្ត​ជួប​ពិភាក្សា​គ្នា ដើម្បី​បន្ធូរ​ភាព​តានតឹង​ដែល​ប្រទេស​ទាំងពីរ​មាន​ជាមួយ​គ្នា នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។ នោះ គឺ​ក្រៅតែ​ពីរឿង​ដណ្តើម​ដីប្រជុំកោះ ជប៉ុន និង​កូរ៉េខាងត្បូង ដែល​ជា​ប្រទេស​ជិតខាង​នឹង​គ្នា នៅ​មើល​មុខ​គ្នា​មិនចំ ដោយសារ​ស្លាកស្នាម​ប្រវត្តិសាស្រ្ត ក្នុង​អតីតកាល ជាពិសេស រឿង​​ស្រ្តី​កូរ៉េ​ខាងត្បូង ដែល​ជប៉ុន​បាន​ចាប់​យក​ទៅ​ធ្វើ​ទាសករ​ផ្លូវភេទ នៅក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទីពីរ។

តាម​លោក​ជូនីឈិ អិហារ៉ា មន្រ្តី​ទទួល​បន្ទុក​កិច្ចការ​អាស៊ី និង​អូសេអានី របស់​ក្រសួង​ការបរទេស​​ជប៉ុន ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​សេអ៊ូល នៅ​ថ្ងៃ​ពុធ រដ្ឋាភិបាល​ជប៉ុន និង​កូរ៉េខាងត្បូង នឹង​ពិភាក្សា​រាល់គ្រប់​ប្រធានបទ ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​ឈ្លោះ មិន​ចុះសម្រុង​នឹង​គ្នា​រហូតមក ក្នុងនោះ ក៏​មាន​និយាយ​ពី​នារីទាសករ​ផ្លូវភេទ ដែល​ទាហាន​ជប៉ុន​ចាប់​បង្ខំ​ដែរ។ នារី​កំដរ​អារម្មណ៍ ជា​ឈ្មោះ ដែល​ទាហាន​ជប៉ុន​ហៅសំដៅ​នារី​អាស៊ី ដែល​ទាហាន​ជប៉ុន​ចាប់យក​មក​ពី​កូរ៉េ ចិន ឥណ្ឌូណេស៊ី ដើម្បី​បម្រើ​តណ្ហា​របស់​ទាហាន​ជប៉ុន នៅ​ក្នុង​អំឡុង​សង្រ្គាម​លោក។ អ្នកប្រវត្តិសាស្រ្ត​បាន​វាយតម្លៃថា មាន​នារី​ប្រមាណ ២សែន​នាក់ នៅ​អាស៊ី ត្រូវ​ទាហាន​ជប៉ុន​ចាប់​ឲ្យ​ធ្វើ​ទាសករ​ផ្លូវភេទ​នៅ​សម័យ​នោះ។

ជម្លោះខ្វែង​គំនិត​គ្នា​រវាង​កូរ៉េខាងត្បូង និង​ជប៉ុន​ត្រូវ​តែ​ដោះស្រាយ​ឲ្យ​ចេញ នៅមុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​អូបាម៉ា នៅ​អាស៊ី។ លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ចង់​ឲ្យ​សម្ព័ន្ធ​មិត្ត​រួម​របស់​អាមេរិក​ឈប់​ឈ្លោះគ្នា និង​រួមគ្នា ជាពិសេស នៅក្នុង​ពេល​ដែល​ការគំរាមកំហែង​ពី​សំណាក់​សត្រូវរួម គឺ​កូរ៉េខាងជើង មាន​កាន់តែខ្លាំងឡើងៗនោះ។ កាលពី​ជំនួប​ប្រជុំ​នៅ​ប្រទេស​ហូឡង់ លោកអូបាម៉ា​ថែម​ទាំង​បាន​ជំរុញ​ឲ្យ​មេដឹកនាំ​ជប៉ុន និង​កូរ៉េខាងត្បូង​ជួប​ពិភាក្សាគ្នា។

កូរ៉េខាងត្បូង ដែល​ធ្លាប់​រងអាណានិគមកិច្ច​របស់​ជប៉ុន ក្នុង​អតីតកាល ចាប់ផ្តើម​ថ្នាំងថ្នាក់​ចិត្ត​នឹង​ជប៉ុន កាន់តែខ្លាំង។ ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ បាន​ឡើង​ដល់​កម្រិត​កំពូល​បន្ទាប់​ពី​នាយក​រដ្ឋមន្រ្តី​ជប៉ុន ស៊ីនហ្សូ អាបេ បាន​ទៅគោរពសព ឧក្រិដ្ឋជន​សង្រ្គាម នៅ​វិហារ​យ៉ាស៊ូគូនី។ កូរ៉េខាងត្បូង​បាន​បន្ទោស​លោក​អាបេ ចំពោះ​នយោបាយជាតិ​និយម។ កន្លងមក លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​សំដែង​ការព្រួយ​បារម្ភ​ចំពោះ​នយោបាយ​របស់​រដ្ឋាភិបាល​ជប៉ុន​ដែល​ចង់ សើរើ ឡើងវិញ ពាក្យ​សុំទោស ដែលជប៉ុន​ធ្លាប់​បាន​ធ្វើ ទៅកាន់​នារី​រងគ្រោះ កូរ៉េ កាលពី​ឆ្នាំ ១៩៩៣៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ