អានតួអត្ថបទ
ជប៉ុន-គ្រោះមហន្តរាយ

ជំនួប​ប្រចាំ​ទសវត្ស​របស់​អ.ស.ប.​ស្តីពី​គ្រោះមហន្តរាយ​បើក​នៅ​ជប៉ុន

អ្នករៀបចំ​គោលនយោបាយ​ទាំងឡាយ​បាន​មក​ជួបជុំ​គ្នា​ដើម្បី​ពិភាក្សា​នៅ​ថ្ងៃ​សៅរ៍​នេះ​ អំពី​ការកាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះ​មហន្តរាយ។ ​ពួកគេ​មាន​សង្ឃឹម​ខ្លាំង​ថា ​សន្និសីទ​នៅ​ប្រទេស​ជប៉ុន​ដែល​រងគ្រោះ​ដោយ​រលក​យក្ស​ស៊ូណាមិ​នោះ​ អាច​បង្កើត​បាន​នូវ​ចំណុច​ចាប់​ផ្តើម​មួយ​សម្រាប់​ការ​ប្រឹងប្រែង​ដ៏​ពិតប្រាកដ​ ដើម្បី​ដោះស្រាយ​គ្រោះមហន្តរាយ​ធម្មជាតិ​នានា​ក៏ដូចជា​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ជា​អនេក​នា​ពេល​បច្ចុប្បន្ន។

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ឡើង​ថ្លែង​នៅថ្ងៃ​បើក​សន្និសីទ ស្តីពីការកាត់បន្ថយ​គ្រោះធម្មជាតិ នៅ​ទីក្រុង​សេនដៃ ប្រទេស​ជប៉ុន ថ្ងៃទី ១៤ មីនា ២០១៥ 14/03/2015.
លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ឡើង​ថ្លែង​នៅថ្ងៃ​បើក​សន្និសីទ ស្តីពីការកាត់បន្ថយ​គ្រោះធម្មជាតិ នៅ​ទីក្រុង​សេនដៃ ប្រទេស​ជប៉ុន ថ្ងៃទី ១៤ មីនា ២០១៥ 14/03/2015. REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

កិច្ច​ប្រជុំ​ស្តីពី​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​នោះ​ចូល​មកដល់​ចំពេល​ដែល​ព្យុះសង្ឃរា​មួយ​បាន​ឆ្លងកាត់​ប្រទេស​វ៉ានុយអាទុយ​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងត្បូង។ ​ព្យុះ​កំណាច​នោះ​បាន​ធ្វើ​ឱ្យ​អ្នក​ស្រុក​ភ័យ​ជា​ខ្លាំង​ និង​បង្ក​ក្តី​បារម្ភ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​ វា​អាច​សម្លាប់​មនុស្ស​ដល់​ទៅ​រាប់សិប​នាក់។

លោក​ បាន​ គី មូន ​(Ban Ki-moon) ​ប្រាប់​ថា​បាន​ជួប​ប្រធានាធិបតី​វ៉ានុយអាទុយ​នៅ​ព្រឹក​នេះ ​និង​បាន​បង្ហាញ​នូវ​«ការ​រំលែក​ទុក្ខ​ដ៏​ជ្រាលជ្រៅ​បំផុត» ​ក៏ដូចជា​សាមគ្គីភាព​ជាមួយ​ប្រជាជន​នៅលើ​ប្រជុំ​កោះ​នោះ។

លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ថ្លែង​ដូច្នេះ​ថា​៖ «អ្វី​ដែល​យើង​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​នេះ​គឺ​ជាក់​ស្តែង​ណាស់​សម្រាប់​ប្រជាជន​រាប់លាន​នាក់​នៅ​ក្នុង​ពិភពលោក។ ​វា​ជា​ការ​វិនិយោគ​ដ៏​ឈ្លាសវៃ​ដើម្បី​អាជីវកម្ម​ និង​ជា​ការ​វិនិយោគ​ប្រកបដោយ​គតិបណ្ឌិត​ដើម្បី​សង្គ្រោះ​ជីវិត»។

លោក​ បាន គី មូន ​ដែល​បាន​គូស​បញ្ជាក់​អំពី​កំណើន​នៃ​ធាតុអាកាស​ពិបាក​ទ្រាំ​នៅ​ពេល​ដែល​កំដៅ​ផែនដី​រិតតែ​បង្កើន​ល្បឿន​ក្នុង​រយៈពេល​១០ឆ្នាំ​កន្លងទៅ ​ក៏​បាន​អះអាង​ផងដែរ​ថា​៖ «ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះ​មហន្តរាយ​គឺ​ជា​ខ្សែត្រៀម​ជួរ​មុខ​នៃ​ការការពារ​ទប់ទល់​នឹង​ផលប៉ះពាល់​បង្កឡើង​ដោយ​បម្រែបម្រួល​អាកាសធាតុ»។

របាយការណ៍​មួយ​របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ​សម្រាប់​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​ (UNISDR) ​បាន​លើក​ឡើង​ថា​ ការ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​នៅ​ទូទាំង​សាកលលោក​ ដោយសារ​តែ​គ្រោះមហន្តរាយ​នានា​ មាន​តម្លៃ​ជា​មធ្យម​ពី​២៥០ពាន់​លាន​ដុល្លារ​ ទៅ៣០០ពាន់​លានដុល្លារ​ក្នុង​មួយ​ឆ្នាំ​។

លោក ឡូរ៉ង់ ហ្វាប៊ីយឺស ​(Laurent Fabius) ​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​មុនពេល​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា៖ «ពីរ​ភាគបី​នៃ​គ្រោះមហន្តរាយ​ធម្មជាតិ​បង្ក​ឡើង​ដោយ​បម្រែបម្រួល​អាកាសធាតុ»។

លោក ​ហ្វាប៊ីយឺស​ គឺជា​ប្រធាន​នៃ​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ ​(COP 21) ​ដែល​នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅ​រដ្ឋធានី​ប៉ារីស ​ក្នុង​ខែ​ធ្នូ​ ឆ្នាំ​២០១៥​នេះ។
លោក​រដ្ឋមន្ត្រី​ការបរទេស​បារាំង​រូបនេះ​និយាយ​ទៀត​ថា៖ ​«ជោគជ័យ​នៅក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​សេនដាយ ​(Sendai) [នៃ​ប្រទេស​ជប៉ុន​ថ្ងៃ​សៅរ៍​នេះ] នឹង​បង្ហាញ​អំពី​រូបភាព​នៃ​សន្និសីទ​ទីក្រុង​ប៉ារីស»។ ​លោក ឡូរ៉ង់ ​ហ្វាប៊ីយឺស ​បាន​បន្ថែម​ថា​ លោក​ចង់​គូរ​ប្លង់​មួយ​ដែល​នៅ​ក្នុង​នោះ​រាល់​ប្រទេស​និង​ប្រជាជន​ងាយ​រងគ្រោះ​នឹង​ទទួល​បាន​ប្រព័ន្ធ​នៃ​ការ​ជូន​ដំណឹង​ជាមុន​អំពី​គ្រោះមហន្តរាយ។

សន្និសីទ​ស្តីពី​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​សេនដាយ​ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​ប្រទេស​ជប៉ុន​ប្រារព្ធ​ខួប​ទី៤នៃ​ការ​រញ្ជួយ​ដី​កម្លាំង​៩រិចទ័រ។ ​ការរញ្ជូយដី​ក្រោម​បាតសមុទ្រ​នៅ​ថ្ងៃទី១១​ ខែមីនា ​ឆ្នាំ២០១១​ បាន​បង្កើត​រលក​យក្ស​ស៊ូណាមិ​ ដែល​បាន​សម្លាប់​មនុស្ស​ប្រហែល​១៩០០០នាក់​ និង​បាន​បង្ក​មហន្តរាយ​នុយក្លែអ៊ែរ​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ