អានតួអត្ថបទ
កម្ពុជា

អ្នក​សារព័ត៌មាន ជា​មុខ​សញ្ញា​ទាក់​ទាញ​ការ​ពាក់​មួក​សុវត្ថិភាព​

ប្រព័ន្ធផ្សព្វផ្សាយ​ មាន​សារៈសំខាន់ណាស់ ក្នុងការ​ទាក់ទាញ​មតិគាំទ្រ​លើការ​ពាក់មួកសុវត្ថិភាព សម្រាប់កុមារ នៅទូទាំងប្រទេសកម្ពុជា។ នេះគឺជាខ្លឹម​សារនៅក្នុង​វេទិកាថ្នាក់​និពន្ធនាយក​សារព័ត៌មាន ស្តីពីការ​រួមគ្នា​ជំរុញ​ការ​ពាក់មួក​សុវត្ថិភាពនៅកម្ពុជា ដែល​បាន​រៀបចំ​នៅសណ្ឋាគារ អ៊ិនធឺកុងទីណង់តាល់ ក្រុងភ្នំពេញ នាថ្ងៃទី ១៥កក្កដានេះ​។​ ជាវេទិកា​ ដែល​មានការ​ចូលរួមស្តាប់មតិយោបល់ ពីក្រសួងព័ត៌មាន ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន អង្គការមូលនិធិបង្ការរបួសអាស៊ី រួម​នឹង​ក្លឹប​អ្នក​កាសែតកម្ពុជា។

វេទិកាថ្នាក់និពន្ធនាយកសារព័ត៌មាន​ស្តីពីរួមគ្នាជំរុញការពាក់មួកសុវត្ថិភាពនៅកម្ពុជា នៅថ្ងៃទី ១៥កក្កដា ឆ្នាំ ២០១៥។
វេទិកាថ្នាក់និពន្ធនាយកសារព័ត៌មាន​ស្តីពីរួមគ្នាជំរុញការពាក់មួកសុវត្ថិភាពនៅកម្ពុជា នៅថ្ងៃទី ១៥កក្កដា ឆ្នាំ ២០១៥។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ពាក់ព័ន្ធនានា រួម​ជាមួយ​ក្លឹប​អ្នក​កាសែតកម្ពុជា នៅថ្ងៃពុធនេះ បាន​រួមគ្នា​រៀបចំ​វេទិកាមួយ ដើម្បី​ផ្តល់អនុសាសន៍ ក៏ដូចជាពង្រឹងប្រព័ន្ធផ្សព្វផ្សាយ​ ឲ្យបំផុស​​ការ​​ចូលរួម ដល់ពលរដ្ឋ និង​កុមារ ក្នុងការ​​ ​ពាក់មួក​សុវត្ថិភាព នៅ​កម្ពុជា។ ការ​ពាក់មួក​សុវត្ថិភាព ដែល​ភាគីទាំងអស់យល់ថា ជាផ្នែក​មួយ​ដ៏សំខាន់ ក្នុងការ​ចូលរួម​កាត់បន្ថយ​អត្រាស្លាប់ និងរបួស​ ដោយ​សារ​គ្រោះថ្នាក់ចរាចរណ៍ ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ។

ថ្លែងនៅក្នុង​វេទិកានោះ និពន្ធនាយកនៃសារព័ត៌មាន​ផ្សេងៗ បាន​លើកឡើងថា អ្នក​សារព័ត៌មាន ជាក្រុមមួយ ដែល​អាចទាក់ទាញ​ពលរដ្ឋឲ្យ​យល់ដឹងពីគុណតំលៃនៃការ​ពាក់មួកសុវត្ថិភាព។ តាម​មតិ​របស់ក្រុម​និពន្ធនាយក​ទាំងនោះ ពួកគេ​ចង់ឲ្យ​អ្នក​សារព័ត៌មាន​ ត្រូវតែ​ផ្សាយ​ដំណឹង​អប់រំពលរដ្ឋ​​ ដើម្បីបញ្ចៀសកុំឲ្យ​មាន​គ្រោះថ្នាក់ចរាចរណ៍ មិន​មែនគ្រាន់តែ​​ផ្សាយ​​ព័ត៌មានពីគ្រោះថ្នាក់ចរាចរណ៍នោះទេ។

និពន្ធនាយក​គេហទំព័រ និងកាសែតធំៗនៅកម្ពុជា ក៏ចង់ឲ្យ​មាន​យុទ្ធនាការ​ធំមួយ ដោយ​​មានការ​ចូលរួម​ពីក្រសួង​ពាក់ព័ន្ធនានា ដើម្បីបណ្តុះ​បណ្តាល​អ្នក​សារព័ត៌មាន​ថែមទៀត ឲ្យ​យល់កាន់តែច្បាស់ពីយុទ្ធសាស្រ្ត ក្នុងការ​បញ្ច្រាប​ព័ត៌មានពីគ្រោះថ្នាក់ចរាចរណ៍ និង​ការការពារ។ លើសពីនេះ ក៏មានការ​សំណូម​ពរ ឲ្យ​មាន​ការ​ពង្រឹងច្បាប់ ពីសំណាក់ក្រសួង​ដែល​ធ្វើការ​លើផ្នែក​ចរាចរណ៍ផងដែរ។

លោក​គឹម បញ្ញា នាយកប្រតិបត្តិអង្គការ​មូលនិធិបង្ការរបួសអាស៊ី បាន​ថ្លែងក្នុង​វេទិកានោះដែរ​ថា ក្នុងរយៈពេល ៩ឆ្នាំ​ចុងក្រោយនេះ ចំនួនអ្នក​ស្លាប់ដោយ​គ្រោះថ្នាក់ចរាចរណ៍ បាន​កើនឡើង ១០០ភាគរយ ពោល​គឺមាន​មនុស្សប្រមាណ ២ម៉ឺន២ពាន់នាក់ បាន​ស្លាប់​​។ ក្នុងឆ្នាំ ២០១៤ ចំនួនអ្នក​ស្លាប់ដោយ​គ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជា មាន​ចំនួន ៣០ដង ច្រើនជាង ចំនួនអ្នក​ស្លាប់ដោយ​សារ​ជំងឺគ្រុនចាញ់ គ្រុន​ឈាម និងគ្រាប់មីនជាដើម​។ តាម​លោក​គឹម បញ្ញា​ ការ​ពាក់មួកសុវត្ថិភាព បាន​ត្រឹម​ត្រូវ អាចកាត់បន្ថយ​ហានិភ័យនៃការរងរបួសក្បាល​ធ្ងន់ធ្ងរ បាន ៦៩ភាគរយ និង​កាត់បន្ថយ​ហានិភ័យនៃការ​ស្លាប់ បាន ៤២ភាគរយ។​

តំណាងឲ្យ​អង្គការ​មូលនិធិបង្ការរបួសអាស៊ី លោក​គឹម បញ្ញា​ ចង់ឲ្យ​អ្នក​សារព័ត៌មាន​ចូលរួម​ផ្សព្វផ្សាយ​លើយុទ្ធសាស្ត្រ ឆ្នាំ ២០១៥-២០២០ ចំនួន ៣គម្រោង ដែលរួមមាន គម្រោង​មួក​សុវត្ថិភាពមួយ ជួយ​ជីវិតបាន​ម្នាក់ គម្រោង​សុវត្ថិភាពចរាចរណ៍លើដងផ្លូវ-សហគមន៍មានសុវត្ថិភាព​ និង​គម្រោង​ភ្នាក់ងារជំរុញឲ្យ​មានការ​ប្រែប្រួលជាវិជ្ជមាន។ គម្រោង​ទាំងនេះ គឺ​នឹង​​រួម​ចំណែក ក្នុង​កិច្ច​ខិតខំជំរុញការពាក់មួកសុវត្ថិភាព ដល់​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ រួមនឹង​កុមារផង​ ឲ្យ​បាន ៨០ភាគរយ នៅឆ្នាំ ២០២០៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ