អានតួអត្ថបទ
អន្តរជាតិ

ទិវា​ពិភពលោក​ប្រឆាំងនឹង​ការ​ប្រើ​យុទ្ធសាស្ត្រ​រំលោភ​ផ្លូវភេទ​ ធ្វើជា​អាវុធ​សង្គ្រាម​

ការ​ប្រើ​យុទ្ធសាស្ត្រ​ចាប់រំលោភ​ ធ្វើជា​អាវុធ​សង្គ្រាម ជា​ប្រធានបទ​ដ៏សំខាន់​សម្រាប់​ពិភពលោក​​ នៅ​ថ្ងៃ​អាទិត្យ​១៩មិថុនា​នេះ។  ជា​លើកទី១ ថ្ងៃ​អាទិត្យនេះ ​នៅ​ទូទាំង​ពិភពលោក​ មាន​ការ​រៀបចំ​​ទិវា​ប្រយុទ្ធ​ប្រឆាំង​នឹង​​អាវុធ​សង្គ្រាម​ប្រភេទ​នេះ។ ​ការ​ប្រើ​យុទ្ធសាស្ត្រ​ចាប់​រំលោភ​ភេទ ធ្វើជា​អាវុធ​សង្គ្រាម​ត្រូវបាន​​អង្គការ​សហប្រជាជាតិ​បាន​ចាត់ទុក តាំង​ពី​ឆ្នាំ​២០០៨​មក ថា​ជា​​​​បទឧក្រិដ្ឋ​​​ប្រឆាំង​មនុស្សជាតិ។ ប៉ុន្តែ បច្ចុប្បន្ន ​យុទ្ធសាស្ត្រ​អសីលធម៌ បែបនេះ នៅតែកើត​មាន​ នៅឡើយ​ នៅ​តាម​ប្រទេស​​ប្រហែល​ជាង១០ ក្នុង​ពិភពលោក។

ជនភៀសខ្លួន​ Yézidis នៅ​ជំរុំជនភៀសខ្លួន​​ភាគខាងត្បូង​តួកគី ខែមិថុនា ឆ្នាំ២០១៥
ជនភៀសខ្លួន​ Yézidis នៅ​ជំរុំជនភៀសខ្លួន​​ភាគខាងត្បូង​តួកគី ខែមិថុនា ឆ្នាំ២០១៥ REUTERS/Umit Bektas
ផ្សាយពាណិជ្ជកម្ម

យុទ្ធសាស្ត្រ​​ចាប់រំលោភ​ផ្លូវភេទ​ ធ្វើ​ជា​អាវុធ​​​សង្គ្រាម ជា​យុទ្ធសាស្ត្រ​ដែល​គេ​ប្រើប្រាស់​តាំងពី​យូរយារ​ណាស់មកហើយ តែ​ទើបតែ​ថ្មីៗនេះទេ ទើប​គេចាប់អារម្មណ៍​ថា វា​ក៏​ជា​​បញ្ហាចំបង​មួយ​ដែរ។ ទិសដៅ​ធំ​សំខាន់ នៃ​អាវុធ​អសីលធម៌​ភេទ​នេះ គឺបង្ក​​ការ​​ភ័យខ្លាច​ដល់​ប្រជាជន​ ​ដើម្បី​បំបាក់​​​គូប្រឆាំង​នយោបាយ។ នេះ​បើយោងតាម​​អង្គការអន្តរជាតិ​​ We are not Weapons of War ប្រែថា ​យើង​មិនមែន​​ជា​អាវុធ​​​សង្គ្រាម។

នៅដើម​បូព៌ា ក្នុង​បដិវត្តន៍​បះបោរ​​​លីប៊ីកន្លងមក ទាហាន​របប​លោក​​ខាដាហ្វ៊ី បាន​ចាប់រំលោភ​​ទាំងស្ត្រី ទាំង​បុរស។ ករណី​បែបនេះ​ ក៏ធ្លាប់​កើតមាន​ដូចគ្នា នៅ​តាម​ប្រទេស​អាហ្វ្រិក​ដូចជា​ ​កេនយ៉ា ហ្ស៊ីមបាវេ រឺ​ក៏​ នៅ​តំបន់​Darfour។ ស្ត្រី​អាហ្វ្រិក​រាប់ម៉ឺន រាប់សែន​នាក់​ត្រូវបាន​គេ​បំពាន​ភេទ​។ ដោយ​ការភ័យខ្លាច ​ស្ត្រីខ្លះ​សុខចិត្ត​នៅស្ងៀម មិនហ៊ាន​​ប្តឹង​ជនឧក្រិដ្ឋ​ទេ។

ក្នុង​យុទ្ធសាស្ត្រ​រំលោភភេទ ជនល្មើស​មិនសម្លាប់​ជនរងគ្រោះ​ទេ។ ទិសដៅ​សំខាន់ គឺចាប់​រំលោភ​​ភេទ​​រហូត​ដល់ប្រជាជន​ក្នុងស្រុក​ភ័យខ្លាច រត់ចោល​ផ្ទះសម្បែង​ ទីកន្លែង​​ដែល​ពួកគេ​រស់នៅ។ ប្រជាជន​នឹង​ផ្សព្វផ្សាយ​ដំណឹង​ភ័យខ្លាច​នេះ គ្រប់ទិសទី​ ធ្វើអោយ​ប្រជាជន​គ្រប់​កន្លែង​​ភ័យខ្លាច ហើយ​​គូសត្រូវ​នយោបាយអាច​​នឹង​ចុះចាញ់ នៅ​ទីបញ្ចប់។

​យុទ្ធសាស្ត្រប្រភេទ​នេះ​​ក៏ត្រូវបាន​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​យកធ្វើជា​ជា​​យុទ្ធសាស្ត្រ​ផ្តាច់មុខ​របស់​ខ្លួនដែរ។ ក្រុមជីហាត​បាន​​​ចុះផ្សាយ​សៀវភៅ ក្រោមខ្លឹមសារ​ថា ការរំលោភ​ផ្លូវ​ភេទ ​និង​ទាសភាព​ផ្លូវភេទ​ ជា​​អាវុធ​ ប្រើសម្រាប់​​ដាក់ទណ្ឌកម្ម។

កន្លងមក សកម្មជន​ក្រុមជីហាត​រដ្ឋអ៊ីស្លាម បាន​រំលោភ​បំពាន​ផ្លូវភេទ​លើ​​ជនជាតិ​ភាគតិច យេហ្ស៊ីឌី ក្នុង​ទិសដៅ​បំបាត់​ពូជសាសន៍។ ​​ស្ត្រី​ដែល​គ្មានលក្ខណៈ​សមស្របតាម​លក្ខន្តិកៈ​​​របស់​ក្រុម​ជីហាត ក៏​ទទួល​រង​ការរំលោភ​បំពាន​ភេទដូចគ្នា​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ