អានតួអត្ថបទ
កម្ពុជា

សាលាក្តី​ខ្មែរក្រហម​ខ្វះ​ថវិកា​បើកប្រាក់ខែ​ឲ្យ​បុគ្គលិក​ជនជាតិ​ខ្មែរ​ទៀតហើយ

វិបត្តិ​ថវិកា​របស់​សាលាក្តី​ខ្មែរក្រហម​បាន​មកដល់​ទៀតហើយ។ នៅ​ដំណាច់​ខែឧសភា​នេះ បុគ្គលិក​ជនជាតិខ្មែរ​មួយចំនួន​នៃ​សាលាក្តី​នេះ​បានទទួល​ប្រាក់ខែ​ពេញ ប៉ុន្តែ មួយចំនួនទៀត​បាន​ត្រឹម​ពាក់កណ្តាល​ប៉ុណ្ណោះ​ដោយសារតែ​សាលាក្តី​ខ្វះ​ថវិកា។ ចាប់ពីពេលនេះ​តទៅ ប្រសិនបើ​គ្មាន​ជំនួយ​ថ្មី​ទៀត​ទេ សាលាក្តី​នេះ​នឹង​គ្មាន​ថវិកា​បើក​ឲ្យ​បុគ្គលិក​ជនជាតិខ្មែរ​ទៀតឡើយ។ ចំណែកឯ​ភាគី​អន្តរជាតិ​វិញ​នៅមាន​ថវិកា​រហូតដល់​ខែកញ្ញា។

ច្រកចូល​អគារ​អង្គជំនុំជម្រះ​វិសាមញ្ញ (តុលាការ​ខ្មែរក្រហម)
ច្រកចូល​អគារ​អង្គជំនុំជម្រះ​វិសាមញ្ញ (តុលាការ​ខ្មែរក្រហម)
ផ្សាយពាណិជ្ជកម្ម

បុគ្គលិក​ជនជាតិខ្មែរ​នៃ​សាលាក្តី​ខ្មែរក្រហម​មិន​បានទទួល​ប្រាក់ខែ​ពេញលេញ​គ្រប់គ្នា​ទេ​នៅ​ដំណាច់​ខែឧសភា​នេះ។ មានតែ​បុគ្គលិក​ថ្នាក់ក្រោម​មួយចំនួន​ប៉ុណ្ណោះ​ដែល​បានទទួល​ប្រាក់ខែ​ពេញលេញ ចំណែកឯ​បុគ្គលិក និង​មន្ត្រី​ថ្នាក់ខ្ពស់​ដែលមាន​ប្រាក់ខែ​ច្រើន​បានទទួល​ត្រឹម៦០ភាគរយ​​តែប៉ុណ្ណោះ។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា ចាប់ពីពេលនេះ​តទៅ ប្រសិនបើ​គ្មាន​ជំនួយ​ធ្លា​ក់មក​ទេនោះ ភាគី​កម្ពុជា​នឹង​គ្មាន​ថវិកា​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​ទៀតឡើយ។ ចំណែកឯ​ភាគី​អន្តរជាតិ​នៅមាន​ថវិកា​រហូតដល់​ខែកញ្ញា។ សូមបញ្ជាក់ថា ថវិកា​សម្រាប់​បើកប្រាក់​ខែ​ឲ្យ​បុគ្គលិក​ជនជាតិខ្មែរ​បាន​រហូតដល់​ពេលនេះ​គឺជា​កញ្ចប់​ថវិកា​សង្គ្រោះបន្ទាន់​ដែល​ផ្តល់​ដោយ​ភាគី​អន្តរជាតិ​តែប៉ុណ្ណោះ។ ប៉ុន្តែ កញ្ចប់​ថវិកា​សង្គ្រោះបន្ទាន់​នេះ​ត្រូវបាន​ប្រើប្រាស់​អស់​ទៅហើយ។

ដើម្បី​ព​ន្លឿ​ន​សវនាការ សាលាក្តី​ខ្មែរក្រហម​បាន​សម្រេច​បំបែក​សំណុំរឿង ០០២ ជា​ផ្នែកតូចៗ។ ប្រសិនបើ​ដំណើរការ​ប្រព្រឹត្ត​ទៅតាម​ការគ្រោងទុក សំណុំរឿង០០២ ផ្នែក​ទី១ ដែល​កំហិត​ត្រឹម​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ទាក់ទង​នឹង​ការជម្លៀស​ប្រជាជន​ដោយ​បង្ខំ នឹងត្រូវ​បិទ​បញ្ចប់​នៅក្នុង​អ​ឡុង​ខែកក្កដា ឬ​សីហា​ខាងមុខនេះ។ សាលក្រម​ទី១នេះ​ត្រូវគេ​គ្រោង​នឹង​ប្រកាស​នៅក្នុង​អំឡុង​ត្រីមាស​ទី១ដើមឆ្នាំ ២០១៤ ។ ប៉ុន្តែ វិបត្តិ​ថវិកា និង​បញ្ហា​សុខភាព​របស់​ជនជាប់ចោទ​ដែលមាន​វ័យ​កាន់តែ​ចាស់ជរា​ណាស់​ទៅហើយនោះ​អាចជា​ឧបសគ្គ​ក្នុងការ​សម្រេច​តាម​កាលកំណត់​នេះ។

ដើម្បី​កាត់បន្ថយ​ការចំណាយ សាលាក្តី​ខ្មែរក្រហម​ក៏​គ្រោង​នឹង​កាត់បន្ថយ​បុគ្គលិក​មិនចាំបាច់​មួយចំនួន​ផងដែរ។ បើ​យោងតាម​អ្នកនាំពាក្យ​សាលាក្តី នៅ​ដំណាច់​ខែមិថុនា​នេះ បុគ្គលិក​ចំនួន ១០ភាគរយ​ក្នុងចំណោម​បុគ្គលិក​សរុប​ជិត ៣០០ នាក់ នឹងត្រូវ​កាត់បន្ថយ។ បុគ្គលិក ១០ ភាគរយ​ទៀត​នឹងត្រូវ​បញ្ឈប់​កិច្ចសន្យាការងារ​នៅ​ដំណាច់ឆ្នាំ ២០១៣ ។ បើ​យោងតាម​លោក នេត្រ ភក្ត្រា ភាគី​កម្ពុជា​ត្រូវការ​ថវិកា​ចំនួន​ជាង ៣ លាន​ដុល្លារ​អាមេរិក​ទៀត​ដើម្បី​អាច​បន្តការងារ​រហូត​ដល់​ដំណាច់ឆ្នាំ២០១៣នេះ។

រដ្ឋបាល​របស់​សាលាក្តី​កំពុងធ្វើការ​យ៉ាង​មមាញឹក​ជាមួយ​ប្រទេស​ជា​មិត្ត​របស់​សាលាក្តី​ដើម្បី​កៀងគរ​ថវិកា ប៉ុន្តែ កិច្ចខិតខំ​ជាច្រើន​ខែ​កន្លងទៅនេះ​ហាក់​មិនទាន់បាន​ទទួលលទ្ធផល​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ