អានតួអត្ថបទ
កម្ពុជា

​ព​ល​ករ​ខ្មែរ​កំ​ពុ​ង​ធ្វើកា​រនៅថៃ​បច្ចុ​ប្ប​ន្ន​ មា​នជិ​ត ៧​០ ម៉ឺន​នាក់

បច្ចុប្បន្ន​ពល​ករ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ​ និង​ ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​ មាន​ចំនួន​ជិត​ ៧០​ ម៉ឺន​នាក់​ក្នុង​នោះ​ ជាង​ ៤២​ ម៉ឺន​នាក់ ​ជា​ពល​ករ​ស្រប​ច្បាប់​អចិន្ត្រៃយ៍​ និង​ ជាង​ ២៧​ ម៉ឺន​នាក់​ផ្សេង ទៀត​កំពុង​ស្ថិត​ក្នុង​ភាព​ស្រប​ច្បាប់​បណ្តោះ​អាសន្ន ​។​ ប៉ុន្តែ​ចំនួន​នេះ​ មិន​រាប់​បញ្ចូល​ទាំង​ពលករ​ខ្មែរ​ដែល​ត្រូវ​ថៃ​ចាប់​បញ្ជូន​មក​វិញ​នោះ​ទេ​។​ នេះ​ បើ​តាម​បញ្ជាក់​របស់​លោក​ កុយ​ គួ​ង អ្នក​នាំ​ពាក្យ​ក្រ​សួង​ការ​បរ​ទេស​កម្ពុជា។ ​លោក​ កុយ​ គួង បាន​បញ្ជាក់​ដូច្នេះ​ក្រោយ​ជំ​នួប​រវាង​ ​លោក​ ឧប​នាយក​រដ្ឋ​មន្ត្រី​ ហោ ​ណាំ​ហុង ជា​មួយ​លោក ​ទូច​ឆៃ​យុទ្ធ​ ភក្តី​ ឯក​អគ្គ​រាជ​ទូ​​ត​ថៃ​ប្រ​ចាំ​នៅ​កម្ពុជា​នៅ​ទី​ស្តី​ការ​ក្រសួង​ការ​បរ​ទេស​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​ ២១​ សី​ហា​នេះ​​​។

លោក​ កុយ ​គូង ​ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​ជំនួប​រវាង​លោក ​ហោ ​ណាំ​ហុង ​ជាមួយ​អគ្គ​រាជទូត​ថៃ​នៅ​ព្រឹក​ថ្ងៃ​ទី ​២១ ​សីហា​។
លោក​ កុយ ​គូង ​ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​ជំនួប​រវាង​លោក ​ហោ ​ណាំ​ហុង ​ជាមួយ​អគ្គ​រាជទូត​ថៃ​នៅ​ព្រឹក​ថ្ងៃ​ទី ​២១ ​សីហា​។ RFI
ផ្សាយពាណិជ្ជកម្ម

លោក​ ​កុយ​ ​គួង​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា ​គិត​ត្រឹម​ថ្ងៃ​ទី ​១៩ ​សី​ហា កន្លង​ទៅ ពល​ករ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ​ ​និង​ ធ្វើ​ស្រប​ច្បាប់​អចិន្ត្រៃយ៍​នៅ​ប្រទេស​ថៃ​បច្ចុប្បន្ន មាន​ចំនួន​ប្រមាណ​ជាង ៤២ ម៉ឺន​នាក់ ។ ​ចំណែក​ពលករ​ទទួល​បាន​ភាព​ស្រប​ច្បាប់​បណ្តោះ​អា​សន្ន​វិញ​នោះ ​មាន​ចំនួន​ជាង ២៧ ម៉ឹ​ន​នាក់។

អ្នក​នាំ​ពាក្យ​ក្រ​សួង​ការ​បរ​ទេស​កម្ពុជា​ ​បាន​​បន្ថែម​ថា ​ក្នុង​ចំ​ណោម​ពល​ករ​ដែល​ស្រប​ច្បាប់​អចិន្ត្រៃយ៍ជាង​៤២​ ម៉ឺន​នាក់​នោះ ​គឺ ​ជាង​៣៩​ ម៉ឺន​នាក់​ជា​ពល​ករ​ស្រប​ច្បាប់​ស្រាប់ និង ជាង ២ម៉ឺ​ន ៧ ពាន់​នាក់​ទៀត ជា​ពល​ករ​ដែល​ស្រប​ច្បាប់​តាម​ការ​ធ្វើ​កំណត់​ទូត​របស់​ក្រសួង​ការ​បរ​ទេស​កម្ពុជា​ទៅ​រដ្ឋា​ភិ​បាល​ថៃ។ ​ចំ​ពោះ​ពល​ករ​ស្រប​ច្បាប់​បណ្តោះ​អា​សន្ន​វិ​ញ​ ត្រូវ​បាន​លោក​ កុយ​ គួង ពន្យល់​ថា ​ពួក​គេ​បាន​ទៅ​ចុះ​បញ្ជី​ទទួល​បាន​បណ្ណ​ស៊ី​ជម្ពូរ​ដែល​ប​ញ្ជាក់​ថា ពួក​គេ​កំពុង​រៀបចំ​ទទួល​ភាព​ស្រប​ច្បាប់​ពេញ​លេញ​ពី​កា​រិយា​ល័យ​ច្រក​ចេញ​ចូល​តែមួយ​ដែល​មាន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​របស់​ថៃ។

សូម​បញ្ជាក់​ថា ​កាល​ពី​អំ​ឡុង​ខែ​មិថុ​នា ​កន្លង​ទៅ ​អា​ជ្ញា​ធរ​ថៃ​បាន​ចាប់​បញ្ជូន​ទាំង​បង្ខំ​នូវ​ពលករ​ខ្មែរ​ខុស​ច្បាប់​ប្រ​មាណ​ជាង ២៥ ម៉ឺន​នាក់​មក​កាន់​ប្រ​ទេស​កម្ពុ​ជា​វិញ។ ​ពលករ​ខ្មែរ​ទាំង​នោះ មួយ​ចំនួន​បាន​សម្រុក​រៀប​ចំ​បែប​បទ​ស្រប​ច្បាប់​ដើម្បី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ​ និង​ មួយចំនួន​ទៀត​ដែល​នៅក្នុង​ប្រទេស​ថៃ​ស្រាប់​បាន​ទៅ​ចុះ​បញ្ជី​នៅ​កា​រិ​យា​ល័យ​ច្រក​ចេញ​ចូល​តែមួយ​ ​ដើ​ម្បី​ស្វែង​រក​ភាព​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ។​ ជា​ការ​សម្រួល​ដល់​ពល​ករ​ទាំង​នោះ រដ្ឋា​ភិ​បាល​កម្ពុជា​បាន​បញ្ចុះ​តម្លៃ​ធ្វើ​លិ​ខិត​ឆ្លង​ដែន​មក​ត្រឹម​តែ ​៤ ​ដុល្លារ​ប៉ុណ្ណោះ។

ដោយ​ឡែក​ ចំ​ពោះ​ កម្មករ​ខ្មែរ​ចំនួន​ ៣ ​នាក់​ដែល​បាន​ស្លាប់​ និង​ ម្នាក់​ទៀត​បាន​រង​របួស​ក្នុង​ហេតុ​ការណ៍​បាក់​អា​គារ​នៅ​ក្នុង​ប្រទេស​ថៃ​នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ​មិន​ទាន់​ទទួល​សំណង​ពេញ​លេញ​នៅ​ឡើយ​ទេ។ ​ក៏​ប៉ុន្តែ​បើ​តាម​ លោក​ កុយ​ គួង អា​ជ្ញាធរ​ថៃ​បាន​សង​សំណង​បឋម​ដល់​ជន​រង​គ្រោះ ​ដោយ​ក្នុង​ម្នាក់​ទទួល​បាន​៦ ​ម៉ឹន ៥ ពាន់​បាត​ សម្រាប់​អ្នក​ស្លាប់ ​និង ៥ ម៉ឹន​បាត​សម្រាប់​អ្នករងរបួស។ លោក កុយ គួ​ង បាន​សង្កត់ធ្ងន់ថា ពេលនេះ​អគ្គ​កុង​សុល​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​កំពុង​រៀប​ចំ​មេ​ធាវី ​ដើម្បី​ប្តឹង​ទាម​ទារ​សំណង​បន្ថែម​ពី​ក្រុមហ៊ុន​ដែល​ជួល​កម្មករ​ខ្មែរ​ទៅធ្វើ​ការ​នោះ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ