អានតួអត្ថបទ
កម្ពុជា

កូរ៉េ​ខាងជើង​យល់ព្រម​ចូល​តុ​ចរចា៦​ភាគី

យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ស្តី​ពី​ជំនួប​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង និង​លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​ហ៊ីលឡារី គ្លីនតុន​នោះ រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​យល់ព្រម​ត្រឡប់​មក​ចូល​តុ​ចរចា៦​ភាគី​វិញ​ហើយ ស្តី​ពី​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង។ ប្រមុខ​ការទូត​ទាំងពីរ​ក៏​បាន​និយាយ​អំពី​បញ្ហា​ដំណោះស្រាយ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែរ។

លោក អគ្គមគ្គុទ្ទេសក៍កូរ៉េខាងជើង គីម ជុងអ៊ុន
លោក អគ្គមគ្គុទ្ទេសក៍កូរ៉េខាងជើង គីម ជុងអ៊ុន ©KCNA/AFP
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​វេទិកា​តំបន់​អាស៊ាន​នៅ​ក្នុង​ខែ​កក្កដា​នៅ​កម្ពុជា​នោះ​ហើយ រដ្ឋមន្ត្រី​ក្រសួង​ការបទេស​កូរ៉េ​ខាងជើង ក៏​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​៦​ភាគី​ឡើង​វិញ និង​ព្រម​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​ដែរ។ នេះ​គឺ​ជា​ប្រសាសន៍​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ។

ការ​បញ្ជាក់​អំពី​ការ​វិល​ត្រឡប់​របស់​ទីក្រុង​ព្យុងយ៉ាង​មក​តុ​ចរចា៦​ភាគី របស់​លោក​ហោ ណាំហុង​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការ​ជួបគ្នា​រវាង​លោកហោ ណាំហុង និងលោកស្រី​ប្រមុខ​ការទូត​អាមេរិក។

ការ​ចរចា៦​ភាគី​ស្តី​ពី​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​បាន​អាក់ខាន​តាំងពី​ឆ្នាំ​២០០៩ បន្ទាប់​ពី​មាន​ជម្លោះ​រវាង​កូរ៉េ​ខាងជើង​និង​សហរដ្ឋអាមេរិក។ ភាគី​ទាំង​៦​នោះ​រួមមាន សត្រូវ​បងប្អូន​កូរ៉េ​ទាំងពីរ អាមេរិក ចិន រុស្ស៊ី និង​ប្រទេស​ជប៉ុន។

ទាំងទងនឹង​ការ​សម្រេចចិត្ត​របស់​កូរ៉េ​ខាងជើង​នេះ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក​កុយ គួង​បាន​អត្ថាធិប្បាយ​ថា កម្ពុជា​សម្តែង​ការ​សប្បាយ​រីករាយ​ចំពោះ​ឆន្ទៈ​ជា​វិជ្ជមាន​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងជើង ដែល​បាន​យក​ចិត្តទុក​ក្នុង​បញ្ហា​សន្តិសុខ​តំបន់។

ក្រៅ​ពី​នេះ បញ្ហា​តំបន់​មួយ​ទៀត​ទាក់ទង​នឹង​សមុទ្រ​ចិន​ខាង​ត្បូង​ក៏​ប្រមុខ​ការ​ទូត​កម្ពុជា និង​អាមេរិក​លើក​យក​មក​ជជែក​ដែរ។ លោក​ហោ ណាំហុង​បាន​ថ្លែង​ប្រាប់​លោកស្រី​គ្លីនតុន​ថា កម្ពុជា​បាន​ខិតខំ​ជំរុញ​អោយ​មាន​ការ​តាក់តែង​ក្រមប្រតិបត្តិ​ស្តី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ហើយ ហើយ​ថា​បញ្ហា​ទំនាស់​នៅ​កោះ​ស្កាបូរាហ្វ​ក្នុង​រយៈ​ពេល​ចុងក្រោយ​នេះ គឺ​ជា​បញ្ហា​រវាង​ចិន​និង​ហ្វីលីពីន។

គួរ​បញ្ជាក់​ថា អាមេរិក​ធ្លាប់​ប្រកាស​ការពារ​ហ្វីលីពីន ប្រសិន​បើ​ប្រទេស​ចិន​គំរាមកំហែង​ហ្វីលីពីន​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ