អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​បង្រួបបង្រួម​គណបក្ស​រាជានិយម៖ ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទីបំផុត​ទៅ​គណបក្ស ហ៊្វុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណ​ឬ​ទ្ធិ​ដែលជា​បំណែក​ចុងក្រោយ​នៃ​គណបក្ស​រាជានិយម​បាន​ស្រុះស្រួល​បង្រួបបង្រួម​គ្នា​ឡើងវិញ​ហើយ។ ការចុះហត្ថលេខា​លើ​សេចក្តីប្រកាស​រួម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​បង្រួបបង្រួម​គណបក្ស​ទាំងពីរ​បានធ្វើ​ឡើង​នៅ​ខណៈដែល​គណបក្ស​រាជានិយម​ស្ទើរតែ​បាត់ឈ្មោះ​ពី​ឆាកនយោបាយ​ទៅហើយ។ ជា​ពិសេស​​ទៅទៀត ការរួម​រួមគ្នា​នេះ​អាច​សម្រេច​ទៅបាន​ដោយសារតែ​មានការ ស​ប្រម​សម្រួល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ តើ​ព្រឹត្តិការណ៍​នេះ​មាន​អត្ថន័យ​បែបណាខ្លះ​សម្រាប់​ប្រទេស​កម្ពុជា?

លោក ញឹក ប៊ុនឆៃ​ប្រធាន​ប្រតិបត្តិ​គណប​ក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ ចុះ​ហត្ថាលេខា​ជាមួយ​សម្តេច​ក្រុម​ព្រះ​នរោតមរាប្​ទ្ឋិ​
លោក ញឹក ប៊ុនឆៃ​ប្រធាន​ប្រតិបត្តិ​គណប​ក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ ចុះ​ហត្ថាលេខា​ជាមួយ​សម្តេច​ក្រុម​ព្រះ​នរោតមរាប្​ទ្ឋិ​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ពី​គណបក្ស​មួយ​ដែល​មាន​៥៨កៅអី​នៅ​ក្នុង​រដ្ឋសភា​កាលពី​ឆ្នាំ១៩៩៣ ទៅ​ជា​គណបក្ស​ដែល​មាន​សំឡេង​តែ២កៅអី​នា​ពេល​បច្ចុប្បន្ន គឺ​ជា​បទពិសោធន៍​ដ៏​ជូរចត់​បំផុត​របស់​គណបក្ស​រាជានិយម ហ្វ៊ុនស៊ិនប៉ិច។ មូលហេតុ​នៃ​បរាជ័យ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​នេះ​ គឺ​ការ​បែប​បាក់​នេះ​ឯង។ ការ​បែក​បាក់​បាន​ធ្វើ​ឲ្យ​ឈាម​របស់​ចលនា​រាជានិយម​ដ៏​ធំ​មួយ​នេះ​ហូរ​ចេញ​បន្តិចម្តងៗ រហូត​ស្ទើរ​តែ​សោះ​ខ្លួន។

ទីបំផុត នៅ​ពេល​ដែល​គណបក្ស​នយោបាយ​ដែល​បង្កើត​ឡើយ​ដោយ​សម្តេចឪ​មួយ​នេះ​ហៀប​នឹង​បាត់​ឈ្មោះ​ពី​ភូមិសាស្ត្រ​នយោបាយ​ប្រទេស​កម្ពុជា​ទៅ​ហើយ​នោះ គណបក្ស​អតីត​បងប្អូន​គូសត្រូវ​ពីរ​ដែល​ជា​បំណែក​សេសសល់​ចុង​ក្រោយ​នៃ​ចលនា​រាជានិយម​ ក៏​បាន​យល់ព្រម​រួបរួមគ្នា​ឡើង​វិញ។ ការ​យល់​ព្រម​រួបរួម​គ្នា​នេះ​ទៀត​សោត ​ក៏​មិនមែន​កើត​ឡើង​ដោយ​ចិត្ត​ឯង​នោះ​ដែរ តែ​វា​គឺ​ជា​លទ្ធផល​នៃ​កិច្ច​អន្តរាគមន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៃ​គណបក្ស​ប្រជាជន​ដ៏​មាន​ឥទ្ធិពល។

ក្រុម​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​ប្រទេស​កម្ពុជា​បាន​មើល​ឃើញ​ថា ព្រឹត្តិការណ៍​នេះ​មាន​អត្ថន័យ​សំខាន់​ពីរ​យ៉ាង៖

អត្ថន័យទី១៖ ការ​រួបរួម​គណបក្ស​រាជានិយម​មិន​ត្រឹម​តែ​មាន​ផលប្រយោជន៍​សម្រាប់​គណបក្ស​រាជានិយម​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏​ផ្តល់​ប្រយោជន៍​សម្រាប់​គណបក្ស​កាន់​អំណាច​ផង​ដែរ។ ប្រយោជន៍​នៅ​ត្រង់​ថា ការ​បែក​បាក់​នៃ​គណបក្ស​រាជានិយម​ជា​ច្រើន​ឆ្នាំ​ទៅ​នេះ​ បាន​ធ្វើ​ឲ្យ​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា​មាន​ការ​ប្រែប្រួល។ បម្រែបម្រួល​ដ៏​សំខាន់​ជាង​គេ​ គឺ​នៅ​ពេល​ដែល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បែកបាក់ ទាំង​អ្នកនយោបាយ​រាជានិយម និង​ទាំង​អ្នក​គាំទ្រ​គណបក្ស​នេះ​បាន​បែកខ្ញែក​គ្នា​ទៅ​គ្រប់​ទិសទី។ អ្នក​ខ្លះ​បែរ​ទៅ​គាំទ្រ​គណបក្ស​កាន់​អំណាច និង​អ្នក​ខ្លះទៀត​បែរ​ទៅ​គាំទ្រ​គណបក្ស​ប្រឆាំង។

ជាក់ស្តែង គណបក្សប្រឆាំង​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី​បាន​លេចធ្លោ​ឡើង​នៅ​ខណៈ​ដែល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​ស្រុតចុះ។ នេះ​ជា​របត់​នយោបាយ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​មួយ​ដែល​កើត​ចេញពី​ផលវិបាក​នៃ​ការ​បែក​បាក់​នៃ​ចលនា​រាជានិយម។ បច្ចុប្បន្ន​នេះ ផលវិបាក​នេះ​ទំនង​ជា​មិនទាន់​ចប់​នៅ​ឡើយ​ទេ។ អតីត​អ្នក​បោះឆ្នោត​ឲ្យ​គណបក្ស​រាជានិយម​មួយ​ចំនួន​កំពុង​ស្ថិត​ក្នុង​សភាព​មិន​ច្បាស់លាស់​នៅ​ឡើយ​ទេ​ថា តើ​ខ្លួន​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​ណា ? នៅ​ក្នុង​បរិបទ​បែប​នេះ​ហើយ​ដែល​ការ​រួបរួម​គ្នា​របស់ «អ្នក​រាជានិយម» នៅ​ក្រោម​ដំបូល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឡើង​វិញ​ គឺ​ជា​ការ​ចាំបាច់​ដើម្បី​ផ្តល់​កម្លាំងចិត្ត​ជា​ថ្មី​ដល់​អ្នក​ទាំង​នោះ។ ម្យ៉ាងទៀត ការ​រួបរួម​របស់​គណបក្ស​រាជានិយម​ក៏​ត្រូវ​គេ​សង្ឃឹម​ថា​ អាច​នឹង​ទាក់ទាញ​អ្នកបោះឆ្នោត​របស់​ខ្លួន​ខ្លះ​ដែល​បាន​បែក​ចេញ​ទៅ​គាំទ្រ​បក្សប្រឆាំង​ផ្សេងៗ​នោះ​ ឲ្យ​ត្រឡប់​មក​វិញ​ផង​ដែរ?

អត្ថន័យទី២៖ ទោះ​បី​ជា​គណបក្ស​រាជានិយម​ចុះខ្សោយ​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ក៏​ដោយ ប៉ុន្តែ រូបភាព​រាជានិយម​នៅ​តែ​ជា​តំណាង​នៃ​ការ​គោរព​ដែល​ដិតដាម​ជាប់​យ៉ាង​ជ្រៅ​ក្នុង​អារម្មណ៍​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ឡើយ។ ជា​រឿយៗ គណបក្ស​កាន់​អំណាច​តែង​តែ​ចេញ​មុខ​ការពារ​រាជានិយម​ដោយ​អះអាងថា ខ្លួន​ជា​អ្នក​នាំ​រាជានិយម​ត្រឡប់​មក​ក្នុង​ប្រទេស​វិញ និង​បាន​ប្តេជ្ញា​យ៉ាង​ម៉ឺងម៉ាត់​ការពារ​របប​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ​មិន​ឲ្យ​បាត់បង់​ឡើយ។ ក្នុង​ន័យ​នេះ ការ​ចេញ​មុខ​បង្រួបបង្រួម​គណបក្ស​រាជានិយម​មិន​ឲ្យ​រលាយ​សាបសូន្យ​ គឺ​ជា​រូបភាព​ដ៏​សំខាន់​មួយ​សម្រាប់​គណបក្ស​កាន់អំណាច។ តើ​នេះ​មិន​មែន​ជា​នយោបាយ​ព្រួញ​មួយ​ បាញ់​បាន​សត្វ​ពីរ​ទេ​ឬ ?

ក៏​ប៉ុន្តែ ការ​ស្តារ​ប្រជាប្រិយភាព​គណបក្ស​រាជានិយម​ឡើង​វិញ​ក្នុង​កាលៈទេសៈ​នេះ​នៅ​តែ​ជា​សញ្ញា​សួរ​ដ៏​ធំ​មួយ​ក្នុង​ក្រសែភ្នែក​ក្រុមអ្នកវិភាគ។ ម្យ៉ាង វា​ទំនងជា​យឺត​ពេល​បន្តិច​ទៅ​ហើយ​សម្រាប់​ការ​ប្រមូល​អ្នកបោះឆ្នោត​ឲ្យ​រាជានិយម​មក​វិញ និង​ម្យ៉ាងទៀត ការ​រួបរួម​ក្រោម​ការ​សម្របសម្រួល​ពី​គណបក្ស​កាន់អំណាច​អាច​ជា​រូបភាព​មួយ​ផ្សេង​ទៅ​វិញ​ក៏​ថា​បាន។ យ៉ាង​ណា​ក៏​ដោយ​ចុះ «សាមគ្គី​ជា​កម្លាំង» គឺ​ជា​ទស្សនវិជ្ជា​ដែល​នៅ​តែ​មាន​តម្លៃ​គ្រប់​កាលៈទេសៈ​ដែល​អ្នក​នយោបាយ​មិនគួរ​មើល​រំលង។ ការ​រួបរួម​គ្នា​នឹង​ផ្តល់​ប្រយោជន៍ ​បើ​ទោះ​ជា​ច្រើន ​ក៏​តិចក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ