អានតួអត្ថបទ
កម្ពុជា

​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​គ្រឿង​ស្រវឹង​នឹង​ទៅ​ដល់​រដ្ឋ​សភា​ក្នុង​ពេល​ឆាប់ៗ​នេះ

ចំ​ណុច​​សំ​ខាន់​​ៗ​នៃ​​សេច​​ក្តី​​ព្រាង​​ច្បាប់​​ស្តី​ពី​​ការ​​គ្រប់​​គ្រង​​គ្រឿង​​ស្រ​វឹង​ ​ត្រូវ​​បាន​​ដាក់​​ឲ្យ​​ជជែក​​គ្នា​នៅ​​មន្ទី​​ព្រឹទ្ធ​​សភា​​នៅ​​ព្រឹក​​ថ្ងៃ​​ពុធ​​នេះ ​​ដើម្បី​​ស្វែង​​រក​មត្តិ​​យោ​​បល់​​គាំ​ទ្រ​​បន្ថែម​​ទៀត​​ មុន​នឹង​​សេច​ក្តី​​ព្រាង​​ដែល​​ចេញ​​ដោយ​​ក្រ​សួង​​សុខា​ភិ​បាល​​នេះ​​ធ្វើ​​ដំ​ណើរ​​ទៅ​​ដល់​​អង្គ​​នីតិ​​បញ្ញតិ​​នៅ​​ពេល​ខាង​​មុខ​​នេះ​​។ ​​ការ​​តម្លើង​​ពន្ធ​​លើ​​គ្រឿង​​ស្រវឹង​​ ការ​​កំណត់​​ផ្សាយ​​ពាណិ​ជ្ជកម្ម​​គ្រឿង​​ស្រវឹង​ ឬ​​ការ​កំណត់​​អាយុ​​ដែល​​ត្រូវ​​អនុ​​ញ្ញាត​​ឲ្យ​​មាន​ការ​​ក្រេប​​គ្រឿង​​ស្រវឹង​​សុទ្ធ​សឹង​​ជា​​ប្រធាន​​បទ​​សំខាន់ៗ​ដែល​​ត្រូវ​​លើក​​យក​​ទៅ​​ជជែក​​ដោយ​​ផុត​​ផុស​​ផង​ដែរ​។​

ការសេពគ្រឿងស្រវឹង​​អាច​ធ្វើ​ឲ្យ​ខូចសុខភាព ព្រមទាំង​​ជាដើមហេតុ​នៃ​អំពើ​ហិង្សា និង​គ្រោះថ្នាក់​ចរាចរ
ការសេពគ្រឿងស្រវឹង​​អាច​ធ្វើ​ឲ្យ​ខូចសុខភាព ព្រមទាំង​​ជាដើមហេតុ​នៃ​អំពើ​ហិង្សា និង​គ្រោះថ្នាក់​ចរាចរ ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

ទន្ទឹម​គ្នា​នឹង​ការ​ជជែក​ពី​បញ្ហា​ចរាច​រណ៍ ​ដែល​មើល​ទៅ​ហាក់​ដូច​ជា​ក្តៅ​គគុក​នៅ​ក្នុង​សង្គម​ខ្មែរ​ជា​រៀង​រាល់ ​ការ​លើក​យក​បញ្ហា​គ្រឿង​ស្រវឹង​មក​ដាក់​ជា​ប្រធាន​បទ​នៅ​ព្រឹទ្ធ​សភា​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី២២​ខែតុលា​នេះ ​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​សារ​សំខាន់​ផ្សារភ្ជាប់​គ្នា​ទៅ​នឹង​គ្រោះ​ថ្នាក់ចរាចរណ៍​ដ៏​ព្រួយ​បារម្ភ​ផង​ដែរ។

 
លោក ​យង់​ គឹម​អេង​ ប្រធាន​មជ្ឈ​មណ្ឌល​ប្រ​ជា​ពល​រដ្ឋ​ដើម្បី​សន្តិ​ភាព​និង​អភិវឌ្ឍន៍ ​ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ពិ​ភាក្សា​នេះ​ដែរ​ បាន​ឲ្យ​ដឹង​ថា​ ការ​លើក​ពី​បញ្ហា​គ្រឿង​ស្រវឹង​មក​ជជែក​ ដែល​មាន​ការ​ចូល​រួម​ពី​តំណាង​រដ្ឋសភា ​ព្រឹទ្ធ​សភា ​ក្រសួង​សុខា​ភិបាល ​និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​នា​ពេល​នេះ ​គឺ​ចង់​ឲ្យ​មាន​ការ​ចូល​រួម​មតិ​បន្ថែម ​និង​បង្ហាញ​ប្រ​ជា​ពលរដ្ឋ​ឲ្យ​បាន​យល់​ដឹង​ពី​គ្រោះ​​ថ្នាក់​ និង​ការ​វិវត្ត​ទាក់​ទង​ទៅ​នឹង​បញ្ញតិ​ច្បាប់​ផ្សេងៗ​ស្តី​ពី​គ្រឿង​ស្រវឹង​។

ចំណុច​សំខាន់​ចំនួន​៤ ​ត្រូវ​បាន​លើក​យក​មក​ពិ​ភាក្សា​លម្អិត​ និង​ផ្តល់​មតិ​បន្ថែម​ រួម​មាន​ទី​មួយ​ការ​តម្លើង​ពន្ធ​លើ​គ្រឿង​ស្រ​វឹង ទី​ពីរ​ កម្រិត​ដល់​កន្លែង​លក់​គ្រឿង​ស្រវឹង​ត្រូវ​មាន​អាជ្ញា​ប័ណ្ឌ​ត្រឹម​ត្រូវ​ ហើយ​ចៀស​វាង​លក់​ដូរ​នៅ​ទីក​ន្លែង​មួយ​ចំនួន​ ដូច​ជា​ក្បែរ​សា​លា​រៀន ​វត្ត​អា​រ៉ា​ម​ មន្ទីរ​ពេទ្យ ​ឬ​កន្លែង​ធ្វើ​ការ​របស់​រដ្ឋ​ជាដើម។

រីឯ​ចំណុច​ទី​បី​នោះ​គឺ​ទាក់​ទង​ទៅ​នឹង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ គឺ​គេ​ពុំគួរ​ផ្សាយ​ពី​ស​កម្មភាព​ផឹកស៊ី ការ​បង្កើត​ភាព​សប្បាយ​រីក​រាយ ​និង​ផ្សាយ​ពី​អត្ថ​ប្រយោជន៍​របស់​គ្រឿង​ស្រវឹង​នោះ​ទេ។ ​ផ្ទុយ​ទៅ​វិញ​គឺ​ស្នើ​ឲ្យ​ផ្សាយ​តែ​ម៉ាក ​ឬ​ឡូ​ហ្គូ ​តែប៉ុណ្ណោះ។​ ដោយ​ឡែក​ចំណុច​ចុង​ក្រោយ ​គឺ​ការ​ការ​កំណត់​អាយុ​បុគ្គល​ដែល​ត្រូវ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ ដែល​មាន​អាយុ​ចាប់​ពី២១​ឆ្នាំ​ឡើង​ទៅ។

ទាក់​ទង​ទៅ​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​វិញ ​គ្រឿង​ស្រវឹង​បាន​ធ្វើ​ឲ្យ​មាន​ការ​ខាត​បង់​ថវិការ​ក្នុង​មួយ​​ឆ្នាំៗ​ប្រមាណ​ជា​៤៤​លាន​ដុល្លារ។ លោក​ ​ត្រាំ​ ​អ៊ីវ​តឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​បាន​ថ្លែង​នៅ​រដ្ឋស​ភា​កាល​ពី​ថ្ងៃ​អង្គា​រថា​គ្រោះ​ថ្នាក់​ចរាចរ​កាល​ពី​ឆ្នាំ ​២០១៣​ មាន​ចំនួន​ជិត២ពាន់​នាក់​ ក្នុង​នោះ​មាន​១៥​ភាគរយ ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ស្រវឹង។

តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ធ្វើ​ពង្រាង​ច្បាប់​និង​គោល​នយោ​បាយ​ស្តីពី​គ្រឿង​ស្រវឹង​ មិន​ត្រឹម​តែ​គ្រោះ​ថ្នាក់​ថ​រាច​រណ៍​ប៉ុណ្ណោះ​ទេ​ គ្រឿង​ស្រវឹង​បាន​បង្កើត​ឲ្យ​មាន​អំពើ​ហឹ​ង្សា​រ និង​អំពើ​ពាលា បាត់​សណ្តាប់​ធ្នាប់​ក្នុង​សង្គម​ជា​ច្រើន​ទៀត​។​ទោះ​ជា​យ៉ាង​នេះ​ក្តី​ពង្រាង​ច្បាប់​ស្តី​ពី​គ្រឿង​ស្រវឹង​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ដល់​រដ្ឋស​ភា​ក្នុង​ពេល​ឆាប់ៗ​នេះ ​ខណៈ​ដែល​ច្បាប់​នេះ​បាន​ផ្ញើរ​ទៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​រួម​ទៅ​ហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ