អានតួអត្ថបទ
នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

Raoul Jennar៖ បញ្ហាព្រំដែន បើនិយាយតាមផ្លូវច្បាប់ ខ្មែរ​មានប្រៀប​លើ​ថៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឆ្លៀត​ក្នុង​សភាពការណ៍​តានតឹង​​រវាង​កម្ពុជា និង​ថៃ ជុំវិញ​បញ្ហា​ព្រះវិហារ នៅ​ក្នុង​នាទី​យល់ដឹង​អំពី​ច្បាប់ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ សេង ឌីណា សូម​​លើក​ឡើង​​អំពី​ច្បាប់​អន្តរជាតិ​ ជាពិសេស ​គឺ​ផ្តោត​ទៅ​លើ​​​សន្ធិសញ្ញាកំណត់​ព្រំដែន​ខ្មែរ-ថៃ និង​ទៅ​លើ​​សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ​ក្រុង​ឡា​អេ ដែល​កាត់ក្តី​ឲ្យ​ខ្មែរ​ឈ្នះ​ថៃ កាល​ពី​ឆ្នាំ​១៩៦២។ ទាំងនេះ ដោយ​មាន​ការ​ពន្យល់​ពី​​សំណាក់​លោក Raoul Jennar ដែល​ធ្លាប់​​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ច្រើន​អំពី​ប្រវត្តិសាស្រ្ត និង​នយោបាយ​កម្ពុជា។ លោក​ថែម​ទាំង​បាន​សរសេរ​និក្ខេបទ​ថ្នាក់​បណ្ឌិត អំពី​បញ្ហា​ព្រំដែន​​របស់​កម្ពុជា​ទៀត​ផង។

លោក​រ៉ាអ៊ូល ជេណា (Raoul Jennar)
លោក​រ៉ាអ៊ូល ជេណា (Raoul Jennar) ©រក្សាសិទ្ធិ
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ចរចា​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ព្រះវិហារ ថៃ​តែងតែ​លើក​យក​ផែនទី ដែល​ថៃ​​គូស​ដោយ​ខ្លួន​ឯង​ ជា​ឯកតោ​ភាគី មក​ធ្វើ​ជា​សំអាង ដើម្បី​បង្ហាញ​ថា ដី​ជុំវិញ​ប្រាសាទព្រះវិហារ ចំនួន ៤,៦​គីឡូម៉ែត្រ​ក្រឡា គឺ​ជា​ដី​របស់​ថៃ។

ចំណែក​ខាង​ភាគី​កម្ពុជា​វិញ យក​ផែនទី​ ​ឧបសម្ព័ន្ធ​ទី១ មក​ធ្វើ​ជា​សំអាង។ ផ្ទុយ​ពី​ផែនទី​របស់​ថៃ ផែនទី​​ ដែល​កម្ពុជា​លើក​យក​មកធ្វើ​ជា​សំអាងនេះ គឺ​ជា​ផែនទី ដែល​កើត​ចេញ​ពី​សន្ធិសញ្ញា ចុះ​ហត្ថលេខា​ដោយ​ប្រទេស​ថៃ​ខ្លួនឯង​ផ្ទាល់ ជាមួយ​បារាំង ដែល​ជា​​តំណាង​របស់​កម្ពុជា (ព្រោះ​បារាំង​ជា​អាណាព្យាបាល​កម្ពុជា) ហើយ​មាន​សុពលភាព​គតិយុត្តិ​ ស្រប​តាម​ច្បាប់​អន្តរជាតិ។

ក្រោយៗ​មកទៀត បារាំង និង​សៀម បាន​ចុះ​​កិច្ចព្រមព្រៀង​ផ្សេងៗ​ទៀត​ ដូចជា កិច្ចព្រមព្រៀង​​មិត្តភាព​បារាំង-សៀម ឆ្នាំ​១៩២៥, កិច្ចព្រមព្រៀង​ឆ្នាំ​១៩២៦, កិច្ចព្រមព្រៀង​ឆ្នាំ​១៩៣៧ និង​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៤៦ ដែល​ក្នុង​កិច្ចព្រមព្រៀង​ទាំងនេះ រាជាណាចក្រ​សៀម​សុទ្ធតែ​បាន​បញ្ជាក់​អំពី​ការគោរព​ព្រំដែន​ ដែល​បាន​កំណត់​ក្នុង​សន្ធិសញ្ញា​ឆ្នាំ ១៩០៤ និង​១៩០៧។ ទាំងនេះ​បញ្ជាក់​ច្បាស់ថា ខ្សែបន្ទាត់ព្រំដែន​រវាង​កម្ពុជា និង​ថៃ ត្រូវ​បាន​កំណត់​​ច្បាស់លាស់​​តាំង​ពី​ឆ្នាំ​១៩០៨​ម៉្លេះ (ឆ្នាំ​ដែល​គណៈកម្មការចម្រុះ​បារាំង-សៀម បញ្ចប់​ការ​វាស់វែង​ខ្សែបន្ទាត់​ព្រំដែន) ប្រទេស​ថៃ​ក៏​បាន​ទទួល​ស្គាល់​​ជា​ផ្លូវការ​ហើយ​ដែរ នូវ​ខ្សែបន្ទាត់​ព្រំដែននេះ។

ក៏ប៉ុន្តែ នៅ​​ក្រោយ​ពេល​​កម្ពុជា​​ទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង ស្រាប់​តែ​ថៃ​​​លែងទទួល​ស្គាល់​ខ្សែព្រំដែន ដែល​ខ្លួន​ឯងបាន​ចុះហត្ថលេខា ហើយ​​បាន​​លើក​ទ័ព​ចូលមកកាន់កាប់​ប្រាសាទ​ព្រះវិហារ ដែល​ស្ថិត​នៅ​ក្នុង​ដី​កម្ពុជា។ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្តឹង​ទៅតុលាការ​​ក្រុងឡាអេ​។

នៅ​ចំពោះ​មុខ​តុលាការ​ក្រុង​ឡាអេ ដោយ​​មើល​ឃើញ​ថា បើ​និយាយ​ពី​បញ្ហា​ព្រំដែន ខាង​ផ្នែក​ច្បាប់ កម្ពុជា​មាន​ប្រៀបជាង ភាគី​ថៃ​​ក៏​បាន​បដិសេធ​មិន​​ឲ្យ​តុលាការ​លើក​យក​បញ្ហា​​ព្រំដែន​មក​ ជំនុំជម្រះ ដោយ​លើក​ឡើង​ថា ពេល​កម្ពុជា​ប្តឹង​មក ក្នុង​ពាក្យ​បណ្ដឹង​និយាយ​តែ​អំពី​ប្រាសាទ​ព្រះវិហារ ​មិន​មាន​និយាយ​ពី​រឿងព្រំដែន។

ក៏ប៉ុន្តែ ​ចៅក្រម​បាន​សម្រេច​សេចក្តី តាមរយៈ​សាលក្រម ឆ្នាំ​១៩៦១ (១​ឆ្នាំ​មុន​ពេល​សម្រេច​សេចក្តី​លើ​រឿង​ប្រាសាទ) ថា ថ្វីដ្បិត​តែ​ក្នុង​ពាក្យ​សុំ​និយាយ​អំពី​ប្រាសាទព្រះវិហារ ក៏ប៉ុន្តែ ក្នុង​ជម្លោះ​ដណ្តើម​ប្រាសាទ​គ្នា​នេះ ភាគី​ម្ខាងៗ ទាំង​ខាង​កម្ពុជា និង​ខាង​ថៃ ​សុទ្ធតែ​អះអាង​ថា ប្រាសាទនេះ​ស្ថិត​ក្នុង​ទឹកដី​របស់​ខ្លួន។ ដូច្នេះ ​ជម្លោះ​ដណ្តើម​ប្រាសាទ​នេះ​ គឺ​ជា​ជម្លោះ​ព្រំដែន ពីព្រោះ​ថា បើ​មិន​​ដឹង​ថា​ព្រំដែន​នៅត្រង់ណា​ទេ គេ​មិនអាច​ដឹង​ថា តើ​ប្រាសាទនេះ​ស្ថិត​ក្នុង​ដី​របស់​អ្នកណា​នោះទេ។

នៅ ​ឆ្នាំ​១៩៦២ តុលាការ​ក្រុងឡាអេ ក៏​បាន​សម្រេច​​ឲ្យ​កម្ពុជា​ឈ្នះ​ក្តី។ ចៅក្រម​បាន​យក​​សន្ធិសញ្ញា​បារាំង-សៀម និង​ផែនទី ដែល​ភ្ជាប់​ជា​ឧបសម្ព័ន្ធ​ទី១ មក​ធ្វើ​ជា​សំអាង ហើយ​សម្រេច​ថា ខ្សែបន្ទាត់​ព្រំដែន ដែល​មាន​គូស​លើ​ផែនទីនេះ គឺ​ជា​ខ្សែបន្ទាត់​ព្រំដែន​ស្របច្បាប់​អន្តរជាតិ រវាង​កម្ពុជា និង​ថៃ។ ដោយ​មើល​តាម​ខ្សែបន្ទាត់​ព្រំដែននេះ ​​ចៅក្រម​បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​ចុងក្រោយ​ថា ប្រាសាទព្រះវិហារ​ស្ថិត​នៅ​ក្នុង​ដី​កម្ពុជា។

ក៏ប៉ុន្តែ បើ​ទោះ​ជា​យ៉ាងនេះ​ក៏ដោយ ក៏​រហូតមកទល់នឹង​សព្វថ្ងៃនេះ ថៃ​នៅតែ​បន្តអះអាង​ថា សាលក្រម​តុលាការ​ក្រុងឡាអេ កាលពីឆ្នាំ​១៩៦២ សម្រេច​ឲ្យ​តែតួ​ប្រាសាទ​ព្រះវិហារ​ប៉ុណ្ណោះ មក​ឲ្យ​កម្ពុជា។ ចំណែក​ដី ដែល​នៅជុំវិញ​ប្រាសាទ គឺ​ជា​ដី​របស់​ថៃ។

បើថៃ​មិនព្រម​ តើ​កម្ពុជា​អាច​នាំ​សំណុំរឿង​ព្រះវិហារ​ទៅ​តុលាការ​អន្តរជាតិ​បាន​ឬទេ?
07:21

បទវិភាគ​របស់ សេង ឌីណា

ប្រសិន​បើ​ការ​ខ្វែងគំនិត​គ្នា​លើ​​អត្ថន័យ និង​វិសាលភាព​នៃ​សាលក្រម​ឆ្នាំ​១៩៦២​នេះ​​នៅតែ​បន្ត​កើតមាន ​រដ្ឋាភិបាល​កម្ពុជា​​​អាច​ស្នើ​សុំ​ឲ្យ​តុលាការ​​ក្រុងឡាអេ ធ្វើ​ការ​ពន្យល់​បកស្រាយ​ឡើងវិញ​អំពី​អត្ថន័យ​សាលក្រម​នេះ។ ប្រសិន​បើ​តុលាការ​​បញ្ជាក់​ច្បាស់​ ជា​លើក​ទី២ ទទួល​ស្គាល់​ខ្សែបន្ទាត់​ព្រំដែន តាមផែនទី ឧបសម្ព័ន្ធទី១ ប៉ុន្តែ ថៃ​នៅតែ​មិន​ទទួល​យក​ទៀត ​កម្ពុជា​អាច​ប្តឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច ធានា​ការអនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ​ក្រុងឡាអេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ