អានតួអត្ថបទ
ជប៉ុន-ការពារជាតិ

ប្រទេស​ជប៉ុន​​រៀបចំ​​ប្រើ​​ប្រព័ន្ធ​​ប្រឆាំង​​មីស្ស៊ីល​​

នៅ​ថ្ងៃសុក្រ​ទី២៣​មីនា​ឆ្នាំ២០១២នេះ​ រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជា​ឲ្យ​រៀបចំ​ប្រើ​ប្រព័ន្ធ​ប្រឆាំង​មីស្ស៊ីល។ ​ទាំងនេះ​នៅ​រយៈកាល​បីសប្តាហ៍​មុន​ការ​បាញ់​កាំជ្រួច​មីស្ស៊ីល​ដែល​គ្រោង​ធ្វើ​ដោយ​ប្រទេស​កូរ៉េ​ខាងជើង​នៅពាក់​កណ្តាល​ខែ​មេសា​ខាងមុខ។

លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​ Yoshihiko Noda
លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​ Yoshihiko Noda AFP / Kazuhiro Nogi
ផ្សាយពាណិជ្ជកម្ម

 

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ជប៉ុន​លោក​ Naoki Tanaka ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃសុក្រ​ទី២៣​មីនា​ឆ្នាំ២០១២នេះថា​ ​ “​រដ្ឋាភិបាល​ជប៉ុន​បាន​ចេញ​បញ្ជា​ឲ្យ​រៀបចំ​ប្រើ​ប្រព័ន្ធ​ប្រឆាំង​មីស្ស៊ីល​ (PAC-3) ​ហើយនិង​នាវា​ចម្បាំង​ប្រដាប់​ដោយ​កាំជ្រួច​ប្រឆាំង​មីស្ស៊ីល​ Standard ​Missile-3 ​ឬ​ (SM-3)”។

“កង​កម្លាំង​ការពារខ្លួន​ជប៉ុន​”​ ដែលជា​ឈ្មោះ​ផ្លូវការ​របស់​កងកម្លាំង​យោធា​ជប៉ុន​នឹង​ប្រកាស​ដាក់​ក្នុង​ភាពអាសន្ន​ការប្រើ​ប្រព័ន្ធ​ប្រឆាំង​មីស្ស៊ីល​ sol-air ​Patriot ​Advnced ​Capability​ (PAC-3) ​ហើយនិង​នាវា​ចម្បាំង​ប្រដាប់ដោយ​ប្រព័ន្ធ​ប្រឆាំង​មីស្ស៊ីល​ Standard ​Missile-3 ​(SM-3)។

គួរកត់​សម្គាល់ថា​ ​ ការប្រើ​ប្រព័ន្ធ​ប្រឆាំង​មីស្ស៊ីល​នៃ​កងកម្លាំង​យោធា​ជប៉ុន​មាន​ពីរគន្លាក់៖
-ទី១​ ការប្រើ​ប្រព័ន្ធ​ប្រឆាំង​មីស្ស៊ីល​ Standard ​Missile-3 ​(SM-3)​ដែលមាន​សមត្ថភាព​អាច​ស្ទាក់​ប្រឆាំង​នៅ​ក្នុង​លំហ​អាកាស​ខ្ពស់។​ ប្រព័ន្ធ​ប្រឆាំង​មីស្ស៊ីល​ Standard Missile-3 (SM-3)​នេះ​សំដៅ​ស្ទាក់​កំទេច​មីស្ស៊ីល​ដែល​ហោះបាន​ចម្ងាយ​ជិត​និង​ចម្ងាយ​មធ្យម។
-ទី២​ គឺ​ការប្រើ​ប្រព័ន្ធ​ប្រឆាំង​មីស្ស៊ីល​ sol-air ​Patriot ​Advnced ​Capability​ (PAC-3)​សម្រាប់​ស្ទាក់​កំទេច​កាំជ្រួច​មីស្ស៊ីល​របស់​បច្ចាមិត្ត​នៅ​វគ្គ​បញ្ចប់។

មូលហេតុ​ដែល​នាំឲ្យ​រដ្ឋាភិបាល​ជប៉ុន​ចេញ​បញ្ជា​ឲ្យ​រៀបចំ​ប្រើ​ប្រព័ន្ធ​ប្រឆាំង​មីស្ស៊ីល​នៅ​ពេលនេះ​ ​ មកពី​រដ្ឋាភិបាល​ជប៉ុន​បារម្ភ​ខ្លាច​កាំជ្រួច​មីស្ស៊ីល​ឬ​បំណែក​នៃ​កាំជ្រួច​មីស្ស៊ីល​របស់​ប្រទេស​កូរ៉េ​ខាងជើង​ធ្លាក់​ទៅលើ​ដែនដី​ឬ​ដែន​សមុទ្រ​ជប៉ុន។​ ហើយនៅ​រវាង​សប្តាហ៍​ក្រោយ​ ​ លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​ Yoshihiko Noda នឹង​ចេញ​បញ្ជា​ជាផ្លូវការ​ឲ្យ​កំទេច​កាំជ្រួច​មីស្ស៊ីល​របស់​ទីក្រុង​ព្យុងយ៉ាង​ ​ នៅករណី​ដែល​កាំជ្រួច​កូរ៉េខាងជើង​អាច​គំរាម​ដល់​ដែនដី​របស់​ជប៉ុន។

ទីក្រុង​ព្យុងយ៉ាង​ឯណោះវិញ​ ​បាន​ប្រកាស​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុនថា​ ​ កូរ៉េ​ខាងជើង​នឹង​បាញ់​បង្ហោះ​កាំជ្រួច​ផ្ទុក​ផ្កាយរណប​មួយ​នៅ​រវាង​ថ្ងៃទី​១២និង១៦​មេសា​ខាងមុខ។​ ហើយ​ជាន់ទី១​នៃ​កាំជ្រួច​បង្ហោះ​នោះ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​លឿង​ឋិត​នៅ​ប៉ែកខាងលិច​នៃ​ឧបទ្វីប​កូរ៉េ។​ ចំណែកឯ​ជាន់ទីពីរ​វិញ​នឹង​ត្រូវ​ធ្លាក់​នៅ​ប៉ែក​ខាងកើត​នៃ​ប្រទេស​ហ្វីលីពីន​ ឬ​អាច​ហោះ​ឆ្លងកាត់​ទីប្រជុំ​កោះ​អូគីណាវ៉ា​ដែល​ឋិត​នៅ​ប៉ែក​ខាងត្បូង​បំផុត​នៃ​ប្រទេស​ជប៉ុន។

បើយោងតាម​ទិនានុប្បវត្តិ​ Sankei Shimbun ​ ​ ក្រសួង​ការពារជាតិ​ជប៉ុន​អាចនឹង​បញ្ជូន​នាវា​ចម្បាំង​ពីរគ្រឿង​ប្រដាប់​ដោយ​ប្រព័ន្ធ​ប្រឆាំង​មីស្ស៊ីល​ទៅជិត​កោះ​អូគីណាវ៉ា​ ​ ហើយនិង​មួយគ្រឿង​ទៀត​ទៅកាន់​សមុទ្រ​ជប៉ុន​ដែលឋិត​នៅ​ចន្លោះ​ឧបទ្វីប​កូរ៉េ​និង​ទីប្រជុំកោះ​ជប៉ុន។​ រីឯ​ប្រព័ន្ធ​ប្រឆាំង​មីស្ស៊ីល​ sol-air ​Patriot ​Advnced ​Capability​ (PAC-3)​អាច​នឹង​ត្រូវ​យកទៅ​ដាក់​នៅលើ​កោះ​អូគីណាវ៉ា។

នៅ​ចំពោះមុខ​ស្ថានការណ៍​បែប​នេះ​ ​ សេតវិមាន​បាន​ធ្វើការ​ព្រមាន​នៅថ្ងៃសុក្រ​នេះថា​ ​ “​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​ នឹង​ធ្វើការ​ “ឆ្លើយតបវិញ​យ៉ាង​មុតមាំ”​ ទៅ​ប្រទេស​កូរ៉េ​ខាងជើង​ ​ បើ​ប្រសិនជា​ទីក្រុង​ព្យុងយ៉ាង​នៅតែ​រឹងរូស​ធ្វើការ​បាញ់បង្ហោះ​កាំជ្រួច​មីស្ស៊ីល​របស់ខ្លួន​ ​ ទោះបីជា​មានការ​ព្រមាន​ប្រឆាំង​ពី​សំណាក់​សហគមន៍​អន្តរជាតិ​យ៉ាងណា​ក៏ដោយ។

ចំណែកឯ​អគ្គលេខាធិការ​នៃ​អ.ស.ប.​លោក​ បាន គីមូន​ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អាស៊ី​បាន​ថ្លែង​ព្រមាន​កូរ៉េខាងជើងថា​ “​ការបាញ់​កាំជ្រួច​មីស្ស៊ីល​ដោ​ទីក្រុង​ព្យុងយ៉ាង​គឺ​ជា​ការ​រំលោភ​មួយ​យ៉ាង​ជាក់ច្បាស់​ទៅលើ​សេចក្តី​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អ.ស.ប.​ដែលបាន​ហាមឃាត់​កូរ៉េ​ខាងជើង​ពុំឲ្យ​ធ្វើការ​សាកល្បង​កាំជ្រួច​អន្តរទ្វីប។​ លោក​បាន ​គីមូន​បាន​ព្រមាន​ទៀតថា​ “​ការបាញ់​កាំជ្រួច​មីស្ស៊ីល​ដោ​ទីក្រុង​ព្យុងយ៉ាង​នេះ​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការផ្តល់​ជំនួយ​ស្បៀង​អាហារ​ឲ្យ​ប្រទេស​កូរ៉េ​ខាងជើង​ដែល​ប្រជាជន​កំពុង​រងគ្រោះ​នឹង​កង្វះ​ចំណី​អាហារ”។

គួររំលឹកថា​ ​ កាលពី​ចុងខែ​កុម្ភៈ​កន្លងទៅ​ ​ ទីក្រុង​វ៉ាស៊ីនតោន​បាន​ប្រកាស​ឲ្យដឹងថា​ ​ សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​ជំនួយ​ស្បៀងអាហារ​ប្រមាណ​២៤០ ០០០តោន​ទៅឲ្យ​កូរ៉េ​ខាងជើង​ ​ បើប្រសិន​ជា​ទីក្រុង​ព្យុងយ៉ាង​សន្យា​ថា​នឹង​ពុំ​បាញ់​សាកល្បង​កាំជ្រួច​មីស្ស៊ីល​អន្តរទ្វីប​ ​ ផ្អាក​កម្មវិធី​នុយក្លអ៊ែរ​ ​ ហើយនិង​អនុញ្ញាត​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ដោយ​អធិការ​នៃ​ទីភ្នាក់ងារ​អន្តរជាតិ​ខាងថាមពល​បរមាណូ​ AIEA ។
 

ប្រទេសចិន​ឯណេះវិញ​ ​ បាន​ប្រកាស​អំពាវនាវ​ឲ្យ​រាល់ភាគី​ពាក់ព័ន្ធ​ “រក្សា​ភាព​ស្ងប់ស្ងៀម​ ​ ចៀសវាង​កុំ​ធ្វើឲ្យ​ស្ថានការណ៍​ធ្លាក់​ចុះ​ដុនដាប​បន្ថែមទៀត”​ ​ នេះ​ជា​ពាក្យ​សម្តី​របស់​លោក​ Hong Lei ​អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន។​ ដោយហេតុថា​ ទីក្រុង​ប៉េកាំង​ពុំចង់ឲ្យ​កើតមាន​ស្ថានភាព​វិកវរ​នៅក្បែរ​ព្រំដែន​ខាងជើង​របស់​ខ្លួន​ឡើយ​ ​ ជាពិសេស​នៅខណៈពេល​ដែល​ទីក្រុង​ប៉េកាំង​កំពុង​ត្រូវការ​ “សន្តិភាព”​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​អានុភាព​របស់ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ