អានតួអត្ថបទ
កម្ពុជា

មេធាវី​​អាមេរិក​​ស្វែង​​យល់​​ផ្លូវ​​ច្បាប់​​ដើម្បី​​ទាមទារ​​វត្ថុបុរាណ​​ឲ្យ​​កម្ពុជា​​វិញ​​

មេធាវី​អាមេរិក​ស្វែង​យល់​ផ្លូវ​ច្បាប់ ដើម្បី​ទាមទារ​វត្ថុ​បុរាណ​ឲ្យ​កម្ពុជា​វិញ។ លោកស្រី Sharon Levin មេធាវី​អាមេរិក បាន​​អញ្ជើញមកកាន់កម្ពុជាដើម្បី ពិភាក្សា​អំពី​រូប​បដិមា​ក្បាល​អ្នក​តា​ក្នុង​សតវត្សរ៍​ទី១០ ដែល​គេ​លួច​ចេញ​ពី​កម្ពុជា​និង​បន្ត​លក់​នៅសហរដ្ឋអាមេរិក​ក្នុង​អំឡុង​ឆ្នាំ​១៩៧២។​

កិច្ចប្រជុំរវាងលោក​សុខអាន​និង​លោកស្រី​មេធាវីអាមេរិក​ Sharon Levin កាលពីម្សិលមិញ​នៅថ្ងៃអង្គារ២៦កុម្ភៈ២០១៣នៅភ្នំពេញ
កិច្ចប្រជុំរវាងលោក​សុខអាន​និង​លោកស្រី​មេធាវីអាមេរិក​ Sharon Levin កាលពីម្សិលមិញ​នៅថ្ងៃអង្គារ២៦កុម្ភៈ២០១៣នៅភ្នំពេញ RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

មេធាវី​អាមេរិក លោកស្រី Sharon Levin ប្រធាន​ផ្នែក​រឹបអូស​ទ្រព្យសម្បត្តិ​របស់​មេធាវី​អាមេរិក បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា និង​បាន​ចូល​ជួប​លោកសុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​ខែ​កុម្ភៈ ឆ្នាំ​២០១៣ ដើម្បី​ពិភាក្សា​​អំពី​រូប​បដិមា​ក្បាល​អ្នកតា ក្នុង​សតវត្សរ៍​ទី​១០​​នៅ​ប្រាសាទ​កោះ​កេរ ខេត្ត​សៀមរាប។ រូប​បដិមា​នោះ ត្រូវ​បាន​គេ​លួច​ចេញ​ពី​កម្ពុជា ​និង​យក​លក់​បន្ត​នៅ​សហរដ្ឋអាមេរិក​នៅ​អំឡុង​ឆ្នាំ​១៩៧២។

តាម​រយៈ​កិច្ច​ប្រជុំ ដែលអម​ដោយ​តំណាង​ស្ថានទូត​អាមេរិក​ចូល​រួម​ផង​នោះ គឺ​រដ្ឋាភិបាល​អាមេរិក​ ​បាន​ផ្តល់​មេធាវី ដើម្បី​តវ៉ា​តាម​ច្បាប់​ ទាមទារ​យក​រូប​បដិមា​នោះ ​យក​មក​កាន់​ប្រទេស​​កម្ពុជា​​វិញ។

​មេធាវី​​អាមេរិក ក៏​​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ជាក់​ស្តែង​ នៅ​ប្រាសាទ​កោះ​កេរ​ ក្នុង​ខេត្ត​សៀមរាប ដើម្បី​​ប្រមូល​​ភស្តុតាង និង​ឯកសារ​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​រូប​បដិមា​នោះ ​ដើម្បី​បង្ហាញ​នៅក្នុង​សវនា​ការ​​​​​តុលាការ​​​អាមេរិក​ ​នាពេល​​ខាង​មុខ​។

ជា​ការ​កត់​សម្គាល់ វត្ថុបុរាណ​របស់​កម្ពុជា ដែល​មាន​តម្លៃ​ពី ២ ទៅ ៣ លាន​ដុល្លារ ត្រូវ​បាន​គេ​ដាក់​តាំង​លក់ នៅ​ក្នុង​ហាង Sotheby’s នៅ​កណ្តាល​ទីក្រុង ញ៉ូវយ៉ក។ ប៉ុន្តែ​កាល​ពី​ខែ​មេសា ឆ្នាំ​មុន រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ប្តឹង​ជំទាស់​និង​ទាមទារ​យក​វត្ថុ​បុរាណ​នោះ​មក​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ