អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

យុវជន​​​មួយ​​ចំនួន​​​ត្រូវ​​​ផ្លាស់​ប្តូរ​​​អាកប្ប​​កិរិយា​​​ចំពោះមុខ​​​ទីផ្សារ​​​ការងារ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

តួលេខ​កន្លងមក​បាន​បង្ហាញ​ថា​ មាន​និស្សិត​៣០ម៉ឺន​នាក់​ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ ឬ​ត្រូវ​ចូល​ក្នុង​ទីផ្សារ​ការងារ​ជា​រៀងរាល់​ឆ្នាំ។ នេះ​គឺ​ជា​កំលាំង​ធនធាន​មនុស្ស​ដែល​វិស័យ​អប់រំ​របស់​កម្ពុជា​បាន​ផលិត​ចេញ។ ប៉ុន្តែ​ទន្ទឹមគ្នា​នេះ សមត្ថភាព​ពិត​ប្រាកដ​របស់​យុវជន​នៅតែ​ជា​បញ្ហា​ចោទ​ដដែល ​ចំពោះ​ក្រុមហ៊ុន​មួយ​ចំនួន។ នេះ​គេ​មិន​គិត​អំពី​និស្សិត​មួយ​ចំនួន​ដែល​រើស​ប្រភេទ​ការងារ​ផង។ កត្តា​ទាំងពីរ​នេះ​ សមល្មម​នឹង​ធ្វើ​អោយ​អត្រា​នៃ​យុវជន​អត់​ការងារ​ធ្វើ​មាន​កម្រិត​ខ្ពស់។

យុវជន យុវនារី​ ដែល​ត្រៀម​នឹង​ហក់​ចូល​ក្នុង​ទីផ្សារ​ការងារ​
យុវជន យុវនារី​ ដែល​ត្រៀម​នឹង​ហក់​ចូល​ក្នុង​ទីផ្សារ​ការងារ​ RFI
ផ្សាយពាណិជ្ជកម្ម

វិទ្យាស្ថាន​ស្ថិតិ​នៃ​ក្រសួង​ផែនការ​បាន​ផ្សព្វផ្សាយ​របាយ​ការណ៍​មួយ​ក្នុង​ពេល​ថ្មីៗ​នេះ ដែល​បង្ហាញ​ថា ក្នុង​ឆ្នាំ២០១២​កន្លងទៅ មាន​យុវជន​ជាង​២សែន​នាក់​ដែល​គ្មាន​ការងារ​ធ្វើ។ នេះ​គឺ​ជា​ចំនួន​ដ៏​ច្រើន​មួយ ដោយ​មិនបាច់​ប្រៀប​ធៀប​ជាមួយ​ប្រភេទ​យុវជន​ដែលជា​និស្សិត ឬក៏​ជា​យុវជន​ទូទៅ​នោះ។

នៅក្នុង​ពិភពលោក​នេះ បញ្ហា​អត់​ការងារ​ធ្វើ គឺជា​បន្ទុក​មួយ​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​ដោះស្រាយ។​ នៅ​កម្ពុជា​ក៏​មិន​ខុស​គ្នា​ដែរ។ រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​បញ្ហា​នេះហើយ ប៉ុន្តែ​ទន្ទឹមនឹង​វិធានការ​របស់​រដ្ឋាភិបាល គេ​ក៏​គួរ​និយាយ​អំពី​ស្ថានភាព​របស់​យុវជន ឬ​និស្សិត​ខ្មែរ​ដែរ។

វិស័យ​អប់រំ​នៅ​កម្ពុជា ទាំង​នៅ​ក្នុង​ថ្នាក់​មហា​វិទ្យាល័យ​ត្រូវ​បាន​មតិ​ទូទៅ​រិះគន់​អំពី​ភាព​ទន់ខ្សោយ​ និង​ការខ្វះខាត។ ខ្វះ​ការបង្រៀន​អោយ​បាន​ដិតដល់ ខ្វះខាត​ឧបករណ៍ ឬ​ការ​ស្រាវជ្រាវ​ ខ្វះខាត​ការហាត់ការ ឬ​ការធ្វើ​ការងារ​អម​ជាមួយ​នឹង​ការសិក្សា​ជាដើម។ នេះ​គេ​មិនទាន់​និយាយ​ករណី​ដែល​សូកប៉ាន់ ទិញ​សញ្ញាបត្រ​ពី​សំណាក់​និស្សិត​នៅឡើយ​ផង។ គ្រាន់តែ​លើកឡើង​នូវ​ចំនុច​ទាំងនេះ គេ​អាច​ទាញ​សេចក្តី​សន្និដ្ឋាន​អំពី​គុណភាព​នៃ​និស្សិត​ខ្មែរ​មួយចំនួន​ហើយ។ ជា​ការពិតណាស់ វា​ក៏​មាន​និស្សិត​មួយចំនួន​ដែល​បាន​ខិតខំ​ព្យាយាម រៀន​បាន​ពូកែ និង​ជា​និស្សិត​លេចធ្លោ​នៅក្នុង​ថ្នាក់​រៀន​នោះ។ ប៉ុន្តែ ​នោះ​ជា​ករណី​ភាគតិច។

គេ​គួរ​និយាយ​អំពី​ចំនុច​អវិជ្ជមាន​របស់​និស្សិត​មួយចំនួន ហើយ​ដែល​ពួកគេ​ត្រូវ​ផ្លាស់ប្តូរ​អាកប្បកិរិយា។ មាន​និស្សិត​មិន​តិច​ឡើយ ដែល​គិតថា​ខ្លួន​បាន​បញ្ចប់​ការសិក្សា​ពី​មហា​វិទ្យាល័យ​ហើយ​នោះ ពួកគេ​មិន​ដែល​ចង់​ផ្តើម​ធ្វើ​ការងារ​តូចតាច ដែល​មាន​ប្រាក់ខែ​តិច​ឡើយ ពោលគឺ​ពួកគេ រើស​ប្រភេទ​ការងារ​ដើម្បី​ធ្វើ។ មិន​ថា​នៅក្នុង​ក្រុមហ៊ុន​តូច ឬ​ក្រុមហ៊ុន​ធំ​នោះទេ យុវជន​ជា​និស្សិត​មួយចំនួន​មិនបាន​បង្ហាញ អកប្ប​កិរិយា​ដាក់ខ្លួន អោន​លំទោន​ដើម្បី​ធ្វើ​ការងារ​​ទាំងនោះ ទាំង​មិនទាន់​ប្រាកដ​ថា ​ពួកគេ​ធ្វើ​ការងារ​ទាំង​នោះបាន ឬ​មិនបាន​ផង។

ម្ចាស់​ក្រុមហ៊ុន​មួយចំនួន​បាន​ប្រាប់​អោយ​ដឹងថា និស្សិត​ដែល​បញ្ចប់​ការសិក្សា​មួយចំនួន បាន​គិត​សំដៅ​រកតែ​តួនាទី មុខដំណែង និង​ប្រាក់ខែ​ខ្ពស់​តែម្តង។ ហើយ​ថា ពេលខ្លះ​នោះ ហេតុផល​​របស់​ពួកគេ គឺ​ពួកគេ​និយាយថា ពួកគេ​រៀន​អស់​លុយ​ឪពុក​ម្តាយ​របស់​ពួកគេ​ច្រើន។ ដូច្នេះ ពួកគេ​ត្រូវការ​ប្រាក់ខែ​ច្រើន​ សម្រាប់​ការចាយ​វាយ​ដោយ​ឯករាជ្យ​ម្តង។

ម្ចាស់​ក្រុមហ៊ុន​មួយចំនួនទៀត​ដែល​បាន​ជួប​សម្ភាសន៍​និស្សិត​បញ្ចប់​ថ្នាក់​មហា​វិទ្យាល័យ​ បាន​និយាយថា និស្សិត​មួយចំនួន​ពួកគេ​ពូកែ​និយាយ និង​សូត្រ​ទ្រឹស្តី​មេរៀន​ដែល​គេ​រៀន​បានល្អ​ណាស់។ ប៉ុន្តែ​ថា ពួកគេ​មិន​អាច​មាន​សមត្ថភាព​ធ្វើ​ការងារ​ជាក់ស្តែង​ឡើយ។ នេះ​គេ​មិនទាន់​និយាយ​អំពី​ការខ្វះខាត​ស្មារតី​ទទួល​ខុសត្រូវ​ចំពោះ​ការងារ​របស់​បុគ្គលិក​ថ្មី​ទាំងនោះ​ផង។

និយាយ​សរុប​មកវិញ យុវជន​កម្ពុជា​ត្រូវ​រៀបចំខ្លួន និង​កែប្រែ​ទស្សនៈ​ជា​អវិជ្ជមាន​មួយចំនួន នៅ​ពីមុខ​ទីផ្សារ​ការងារ​ដែល​កាន់តែ​មាន​ភាព​ប្រកួត​ប្រជែង​ខ្លាំង​នោះ។ និស្សិត​គួរ​យល់ថា ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចាប់ផ្តើម​រៀបចំ​ពង្រឹង​ខ្លួន​ហើយ ជាពិសេស​ពង្រឹង​គុណភាព​តាមរយៈ​ការជ្រើសរើស និង​ទទួលយក​បុគ្គលិក​ដែល​មាន​គុណភាព​ពិត​ប្រាកដ ដើម្បី​ត្រៀម​ខ្លួន​ទៅ​ប្រកួត​ប្រជែង​ចាប់ពី​ឆ្នាំ២០១៥ទៅ ឆ្នាំ​ដែល​សេដ្ឋកិច្ច​នៃ បណ្តា​ប្រទេស​អាស៊ាន​ត្រូវ​បើក​ចំហរ​ព្រំដែន។ និស្សិត​ខ្មែរ​មិនត្រូវ​ភ្លេច​ទេ ក្រុមហ៊ុន​របស់​ប្រទេស​អាស៊ាន ជាពិសេស​ប្រទេស​អភិវឌ្ឍន៍​ដែល​នឹង​មក​វិនិយោគ​នៅ​កម្ពុជា។ ក្រុមហ៊ុន​ទាំងនោះ​នឹង​ត្រូវ​កំណត់​លក្ខខណ្ឌ​ការងារ​តឹងរ៉ឹង និង​មាន​ស្តង់ដារ​​ការងារ​ខ្ពស់ លើស​ពី​ក្រុមហ៊ុន​នៅ​កម្ពុជា​មួយចំនួន​ទៀតផង។

ដូច្នេះ នេះ​បាន​ន័យថា យុវជន​កម្ពុជា​នៅ​មាន​ការងារ​ត្រៀម​រៀបចំ​ខ្លួនឯង​ជាច្រើន និង​ច្បាស់លាស់ ដើម្បី​ចូល​ក្នុង​ទីផ្សារ​ការងារ ដែល​កាន់តែ​ប្រកួត​ប្រជែង​ខ្លាំង​ក្នុង​ពេល​ខាងមុខ។ នៅ​ពេលនោះ ពាក្យ​ខ្មែរ​មួយ​ឃ្លា​ដែល​គេ​ចំណាំ​និយាយ​ជា​សារ​មួយ​ប្រាប់​ដល់​យុវជន អាចជា​ពាក្យ​ដែល​គេ​គួរតែ​យកទៅ​ពិចារណា នោះ​គឺ គេ​មិន​ត្រូវការ​សញ្ញាបត្រ (បាត់) ទេ តែ​គេ​ត្រូវការ​សញ្ញា​ឃើញ ពោលគឺ​សមត្ថភាព​ការងារ​នេះឯង។ ក្តី​ស្រមៃ និង​សេចក្តី​ត្រូវការ​របស់​យុវជន ថា​ចង់បាន​តួនាទី និង​ប្រាក់ខែ​ខ្ពស់​នោះ វា​មិនមែន​ជា​កំហុស​របស់​យុវជន​ឡើយ ប៉ុន្តែ​យុវជន​ខ្លួនឯង​ក៏ត្រូវ​ដឹងថា តើ​ខ្លួន​មាន​អ្វី​ទៅ​ប្តូរ​នឹង​ដំណែង និង​ប្រាក់ខែ​ខ្ពស់​នោះ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ