អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

រដូវ​អាពាហ៍​ពិពាហ៍៖ សំពាធ​សេដ្ឋកិច្ចដែល​ធ្វើ​អោយខាត​បង់​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដូវ​រៀប​អាពាហ៍​ពិពាហ៍​បាន​ចាប់​ផ្តើម​ហើយ។ មនុស្ស​ម្នា​នានា ក៏​​ចាប់​ផ្តើម​​ដណ្តឹង​​សួរ​គ្នា​​អំពី​​ចំនួន​​ធៀបការ​​ដែល​​ពួក​គេ​​បាន​​ទទួល។ ការ​អញ្ជើញ​​អោយ​​ចូល​រួម​ពិធី​រៀប​អាពាហ៍​ពិពាហ៍​ ​គឺ​ជា​ប្រពៃណី​ទំនៀម​ទំលាប់​​មួយ​​របស់​​ខ្មែរ។ ប៉ុន្តែ កាលៈទេសៈ​​បាន​​អោយ​​និយម​ន័យ នៃ​សំណួរ​​សួរ​​គ្នា​​អំពី​​ចំនួន​​សំបុត្រ​​អញ្ជើញ​​ចូល​រួម​​ពិធីការ​​នេះ​ថា ជា​ការ​ធុញ​ទ្រាន់ និង​​មិន​សប្បាយ​ចិត្ត។ ពលរដ្ឋ​​កម្ពុជា​​កាន់​តែ​​ច្រើន​​ហាក់​​កំពុង​​រង​​សំពាធ​​នៃ​​ទំនាក់​ទំនង​ក្នុង​សង្គម ដោយ​​ត្រូវ​​ចំណាយ​​ប្រាក់​​ក៏​​កាន់​តែ​ច្រើន​ ទៅ​​ក្នុង​ពិធី​​ទាំង​​នោះ។ តើ​​នេះ​​គឺ​​ជា​​វិបត្តិ​​ដែរ​ឬ​ទេ? ហើយ​តើ​គេ​​ត្រូវ​​ដោះ​ស្រាយ​​យ៉ាង​​ណា​​ខ្លះ?

លិខិត​អញ្ជើញ​ចូល​រួម​ពិធី​អាពាហ៍ពិពាហ៍
លិខិត​អញ្ជើញ​ចូល​រួម​ពិធី​អាពាហ៍ពិពាហ៍ RFI/Leang Delux
ផ្សាយពាណិជ្ជកម្ម

រដូវ​រៀប​អាពាហ៍​ពិពាហ៍​បាន​មក​ដល់ហើយ។​ មនុស្ស​ម្នា​ភាគច្រើន​សុទ្ធ​តែ​ទទួល​បាន​ការ​អញ្ជើញ​អោយ​ចូលរួម​ក្នុងអាពាហ៍​ពិពាហ៍​របស់​មិត្តភក្តិ កូន​របស់​មិត្តភក្តិ ឬ​ក៏​បងប្អូន​របស់​មិត្តភក្តិជាដើម។ ក្នុង​មួយ​ខែៗ អ្នកខ្លះ​ទទួល​បាន​សំបុត្រ​អញ្ជើញ​អាពាហ៍​ពិពាហ៍​ចំនួនពីរ បី ប្រាំ ដប់ និង​លើសចំនួន​ដប់​ក៏មាន។

អ្នកដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ពិត​ជាអាច​ឆ្លើយ​បាន​ ទៅនឹង​សំណួរដែល​សួរ​ថា តើ​គេ​ត្រូវ​ចំណាយ​ថវិកា​ប៉ុន្មាន​សម្រាប់​លិខិត​អញ្ជើញ​ទាំងនោះ។ លិខិត​អញ្ជើញ​មួយ​ យ៉ាង​ហោច​ណាស់​ក៏​មាន​តម្លៃ​ស្មើ​នឹង​១៥ដុល្លារ ឬ​២០​ដុល្លារ​ដែរ។ ចុះ​បើ​លិខិត​អញ្ជើញ​នោះ​ត្រូវ​ធ្លាក់ទៅ​លើ​គ្រូ​បង្រៀន មន្ត្រី​រាជការ តើ​ធៀបការ​នោះជាកាដូ​នៃ​ការ​រាប់អាន​ ឬ​ក៏​ជា​វិក័យបត្រ​សម្រាប់​គ្រួសារ​របស់​ពួកគេ?

ជាការពិត ការអញ្ជើញភ្ញៀវ ដែល​ជា​ញាតិមិត្តអោយចូលរួមក្នុងពិធីមង្គលការ គឺ​ជា​ប្រពៃណី​មួយ។ តាំងតែពីដើមរៀងមក សកម្មភាពនេះ គឺ​ស្តែង​ចេញ​អោយ​ឃើញ​ពី​ការ​រឹត​ចំណង​មិត្តភាព ការរាប់អាន ការ​ជួយគ្នា អបអរគ្នា ហើយក៏ជាសាក្សីនៃ​ការ​ដឹង​លឺ​អំពី​ចំណង​សង្វាស​ប្តី​ប្រពន្ធ​គូ​ថ្មី​​ដែរ​។

ប៉ុន្តែសព្វថ្ងៃនេះ ការ​អញ្ជើញ​អោយចូលរួមក្នុងពីធីមង្គលការ ដែល​ជាទូទៅ គឺ​ការ​អញ្ជើញ​អោយ​​ទៅ​បរិភោគ​ភោជនីយ​​អាហារ​ដែល​ភ្ជាប់ជាមួយចំណងដៃ ឬ​ទឹក​ប្រាក់​នោះ​ វា​កំពុង​តែ​ក្លាយ​ទៅជាដំណឹងមិនល្អ​សម្រាប់​មនុស្ស​មួយចំនួន ដែល​​ទទួល​បាន​ការ​អញ្ជើញ ហើយ​ដែលមានស្ថានភាពសេដ្ឋកិច្ចគ្រួសារទន់ខ្សោយ។ ឬ បើទោះជា​ អ្នកខ្លះ​មាន​ជីវភាពសមរម្យ ក៏គង់តែបង្ហាញអារម្មណ៍ធុញទ្រាន់ដែរ។ បញ្ហា​ហិរញ្ញវ​ត្ថុ​ គឺ​ជា​ដើម​ចម ហើយ​ក៏​កំពុង​តែ​ដាក់​សំពាធ​ទៅ​លើ​ពលរដ្ឋ​ខ្មែរ អោយ​ជ្រើសរើស​រវាង​ ប្រពៃណី ឬ​ទំនាក់ទំនង​ក្នុង​សង្គម និង​សេដ្ឋកិច្ច​គ្រួសារ?

តាម​ពិត​ទៅ មិន​មែន​ថា​ គ្មាន​ដំណោះស្រាយ​ទាល់តែ​សោះ ដើម្បី​គេ​អាច​រក្សា​ចំនុច​ទាំងពីរអោយ​នៅ​ដើ​រ​ទន្ទឹម​គ្នា​បាន​ជា​ធម្មតា​ ពោល​គឺ ការ​រក្សា​ទំនាក់ទំនង​ក្នុង​សង្គម និង​សេដ្ឋកិច្ច​គ្រួសារ​នោះ។ តើ​គេ​ត្រូវ​ធ្វើ​ដូចម្តេច​ខ្លះ? អ្នកដែល​ត្រូវអនុវត្ត​មុន​គេ​ ហើយ​ច្រើន​ជាង​គេ​នោះ គឺម្ចាស់​ដើម​ពិធី។

ទីមួយ គេ​គួរ​តែ​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ការ​រៀបចំ។ ការ​ចំណាយ​មួយ​ចំនួន​ដែល​មិន​ចាំបាច់។ សព្វថ្ងៃ​នេះ ដោយ​សារ​តែ​សង្គម​កម្ពុជា​ទាំង​មូល​បាន​ដើ​រ​នៅ​ផ្លូវ​នៃ​ការ​អោយ​តម្លៃ​តែ​ទៅ​លើ​រូប​ភាព​ខាងក្រៅ ការ​ប្រកួត​ប្រជែង បង្អួត​គ្នា​ខាង​ផ្នែក​សំភារៈ ម្ចាស់​ពិធី​ការ បាន​ខិតខំ​ធ្វើ​យ៉ាង​ណា​អោយ​ពិធី​រៀប​អាពាហ៍​ពិពាហ៍​នោះ មាន​ភាព​អធិក​អធម មានអ្នកចូលរួម​ច្រើន និង​ត្រូវ​ចំណាយ​ថវិកា​អោ​យ​ច្រើន​ទៅលើ​ការ​តុបតែង​​ពិធី​។ ពេល​ខ្លះ គ្រាន់តែ​កម្រង​ផ្កា​ដែល​គេ​តាំង​នៅ​មុខ​រោងការ ក៏មាន​តម្លៃរហូត​ដល់​រាប់ពាន់​ដុល្លារ ស្មើ​នឹង​ការ​ចំណាយ​ក្នុង​ពិធីការ​មួយទាំង​មូល​​នៅ​ជន​បទ​ដែរ។

ការ​ចំណាយ​ដ៏​ច្រើន​លើសលប់​នេះហើយ ដែល​ធ្វើ​អោយម្ចាស់​ដើមពិធី និងម្ចាស់​ដើម​ការ​មួយ​ចំនួន ត្រូវ​គិត​ប្រាប់​ញាតិ​មិត្តអោយ​បាន​កាន់តែច្រើន ដើម្បី​ទទួល​បាន​ចំណូល​អាច​​ទប់ទល់​នឹង​ការ​ចំណាយនោះ។ លើក​លែង​តែ​មហាសេដ្ឋី​កប់ពពក​នោះទេ ប៉ុន្តែ​ភាគ​ច្រើន​នៃ​ម្ចាស់ដើមការ និង​ញាតិ​មិត្ត​តែងតែ​សួរ​គ្នា​អំពី​ការ​ចំណាយ ខាត ឬ​ចំណេញ នៅ​ក្រោយ​ការ​បញ្ចប់​ពិធី។ ដូច្នេះ តើនេះ​មិន​មាន​ន័យថា ពិធីការ​បានក្លាយ​ទៅ​ជា អាជីវកម្ម​មួយ​ដែល​គេ​ត្រូវ​ចំណេញ​ហើយ មែន​ដែរ​ឬទេ?

ទីពីរ អំពី​ការ​អញ្ជើញ​ភ្ញៀវ។ អ្នក​ម្ចាស់​ដើមការ គួរ​តែ​កំណត់​មុខសញ្ញា​នៃ​អ្នក​ដែល​ត្រូវ​អញ្ជើញ​អោយ​មក​ចូលរួម​ក្នុង​ពិធី​ការ។ បាន​ន័យ​ថា គឺ​ការ​អញ្ជើញ​ មនុស្ស​ដែល​មាន​ទំនាក់​ទំនង​​ជិតស្និទ្ធ ហើយ​មនុស្ស​ដែល​ជា​តួអង្គ​កូនកំលោះ​កូន​ក្រមុំ​នោះទៀតសោត ក៏​គួរ​តែ​ជា​មនុស្ស​​ដែល​មាន​ទំនាក់ទំនងជិត​បំផុត​ដែរ។ បាន​ន័យ​ថា អ្នក​ដែល​អញ្ជើញ​ភ្ញៀវ​នោះ គួរ​តែ​អញ្ជើញ​អ្នកសិទ្ធិស្នាល​បំផុត ដើម្បី​អោយ​ចូលរួម​ពិធីការ​ខ្លួន​ឯង ឬ​ពិធីរៀបការ​របស់​កូនប្រុស ឬ​កូន​ស្រី។ តែ​មិន​មែនជាការ​​អញ្ជើញ មនុស្ស​គ្រាន់​ត្រឹម​ធ្លាប់ជួប​មុខ​គ្នា ធ្លាប់ស្គាល់គ្នា​បាន​១ដង ឬ​២​ដង ដើម្បី​អោយ​គេ​ចូលរួម​ក្នុង​ពិធី​រៀបការ​របស់​ក្មួយប្រុស​ ក្មួយ​ស្រី របស់​ប្អូន​ថ្លៃ ឬ​ក៏​បង​ប្អូន​ជីដូន​មួយ​របស់​របស់​បងថ្លៃ​ជា​ដើម​។ល។

មូលហេតុ​ទាំងនេះ ដែល​នាំ​អោយ​មនុស្ស​ម្នាក់​នៅ​ក្នុង​ពេល​នេះ បានទទួល​ធៀបការ​ ៣ ឬ ៥ ឬ ៩នោះ។ ហើយ​អ្នកដែល​រអ៊ូ​រ​រទាំ​នឹង​ចំនួន​ធៀបការនេះ មិន​មែន​មាន​តែ​មនុស្ស​សាមញ្ញ ជា​អាជីវករ និង​មន្ត្រី​រាជការ​នោះទេ។ មន្ត្រី​ធំៗ​មួយ​ចំនួន ដែល​មាន​តែ​ឋានៈ​ខ្ពង់ខ្ពស់ ក៏​បាន​ក្លាយ​ជា​ជន​រងគ្រោះ​របស់​ធៀបការ និង​ឋានៈ​របស់​ខ្លួន​ដែរ។ បើ​មាន​ឈ្មោះ​ជា​ឯកឧត្តម​ទៀត​នោះ សង្គម​កម្ពុជា​បច្ចុប្បន្ន បាន​ដាក់​សំពាធ​ថា មិន​អាច​ចងដៃ​តិច​តួច​ដូច​មនុស្ស​ទូទៅ​នោះ​ទៅទៀត។

ក្រុម​អ្នកតាម​ដាន​សង្គម​សេដ្ឋកិច្ច​បាន​ប្រមើលមើលថា ប្រសិន​បើ​បាតុភូតិ​នេះ នៅ​បន្ត​យ៉ាង​ដូច្នេះទៀត វា​នឹង​អាច​បង្ក​អោយ​មាន​ផល​អវិជ្ជមានច្រើន​ទៅវិញ​ ទាំង​ផ្នែក​សង្គម និង​សេដ្ឋកិច្ច។

ទីមួយ ការ​អញ្ជើញ​ចូលរួម​ពិធីការនេះ គឺ​ជា​ប្រពៃ​ណី និង​បង្ហាញ​ពីការ​រាប់​អាន​ញាតិ​មិត្ត ក៏ប៉ុន្តែ​ ក្នុង​កាលៈទេសៈ​ដែលពលរដ្ឋ​ស្ទើរ​គ្រប់គ្នា​មាន​បញ្ហាហិរញ្ញវត្ថុ ឬ​ក៏​ថាជីវិត​ពឹង​ផ្អែក​ខ្លាំង​លើ​មូលដ្ឋានសេដ្ឋកិច្ច ខណៈ​ចំណូល​នៅ​មាន​កម្រិត​ទាប​ខ្លាំង​ជាង​ចំណាយ​នោះ ការ​អនុវត្តន៍​របៀបនេះ វា​នឹង​ឈាន​ទៅ​ធ្វើអោយ​បែកបាក់​មិត្តភាព​ទៅវិញ​ទេ។

ពិតមែន​តែ​មាន​មនុស្ស​មួយ​ចំនួន​តូច​បាន​សំដែង​ការ​អន់ចិត្ត នៅ​ពេល​ដែល​ខ្លួន​មិន​ត្រូវបាន​គេ​អញ្ជើញ​អោយទៅ​ចូលរួម​ពិធី​រៀប​អាពាហ៍ពិពាហ៍​មែន ប៉ុន្តែ​ប្រសិន​បើ​មនុស្ស​ភាគច្រើន ដោយ​សារតែ​វិបត្តិ​ហិរញ្ញ​វត្ថុ ត្រូវ​បោះបង់​ចោល​​ មិន​ទៅ​ចូលរួម​ក្នុង​ពិធី​មួយ​ចំនួន​នោះ វា​នឹង​បង្ក​អោយ​ម្ចាស់​ដើមការ​អាក់អន់​ស្រពន់​ចិត្តទៅវិញ។ តើ​នេះ​មិន​មែន​ជា​ការ​បាក់បែក​ទំនាក់​ទំនង​​ទេ​ឬ?

មូលហេតុ​នៃ​ការ​អញ្ជើញ​ភ្ញៀវ​ នៅពេលមានពិធីមង្គលការគឺជាការបង្ហាញ​ពី​មិត្តភាព និង​ទំនាក់​ទំនង​រាប់អាន​គ្នាមែន។ ប៉ុន្តែនៅពីក្រោយការអញ្ជើញនេះ ភាគី​ទាំង​សងខាង (អ្នកអញ្ជើញ និងអ្នកត្រូវគេអញ្ជើញ) មានកាតព្វកិច្ចជាប់ខ្លួន ពោលគឺ​បំណុល បាន​ន័យថា គឺការ​សងចំណង​ដៃ។​ គេធ្លាប់ចងប៉ុន្មាន ត្រូវសងគេប៉ុណ្ណោះវិញទើបជាការគួរសម។ ឬបើផ្តល់​ចំណងដៃ​ប៉ុណ្ណាទៅ គឺត្រូវរង់ចាំទទួលទឹកប្រាក់ប៉ុណ្ណោះមកវិញ។ នេះ​គឺ​ជា​សំពាធ មួយ​ទៀត។ ដូច្នេះ រូបភាពនៃការរាប់អាន ឬមិត្តភាពនឹង​គ្នា​នេះ មានន័យត្រឹមតែជាការសង​ប្រាក់គ្នា​តែ​ប៉ុណ្ណោះ។ ឬក៏ថានេះគឺជាវប្បធម៌ជួយគ្នា?

ទី២​។ និយាយ​អំពី​ការ​ខាតបង់​ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច​វិញ។ រៀបចំ​កាន់តែ​ធំដុំ បញ្ជាទិញភេសជ្ជៈ​ និង​ស្រា​ថ្លៃ​ដែល​សុទ្ធ​តែ​នាំចូល​ពី​បរទេស អាហារ​មួយ​ចំនួន​ក៏​បញ្ជាទិញ​ពី​បរទេស​ទៀត ទាំង​នេះ គឺ​សុទ្ធតែ​ធ្វើ​អោយ​ថវិកា​ខ្មែរ​ហូរ​ចេញទៅបរទេស​ទាំងអស់។ នៅ​មជ្ឈមណ្ឌល​នៃ​ពិធី​ជប់លៀង​អាពាហ៍ពិពាហ៍ រោង​នីមួយ​ៗមាន​ភ្ញៀវ​មិន​តិច​ជាង៥០០​នាក់​ហើយ ចុះ​រោង​១០​នៅ​កន្លែង​តែមួយនោះ? បាន​ន័យ​ថា ក្នុង​ថ្ងៃ​តែ​មួយ មាន​មនុស្ស​មិនតិច​ជាង​៥០០០​នាក់ ដែល​ត្រូវ​ជិះ​រត់យន្ត​ទៅកន្លែង​តែ​មួយ​ធ្វើអោយ​កកស្ទះ​ចរាចរណ៍​យ៉ាង​ចង្អៀត​ណែន។ អ្នកសេដ្ឋកិច្ច​បាន​ហៅ​ទិដ្ឋភាព​នេះ​ថា ជា​ការ​ដុត​ប្រេងសាំង​ចោល។

ហើយ​បើនិយាយ​ប្រៀបធៀបគ្នា​រវាង បុរស​ និង​ស្ត្រី​ទៅទៀត​នោះ ស្ត្រី​រឹត​តែ​ចំណាយ​ច្រើន​ជាង​បុរស។ សំលៀក​បំពាក់ ដែល​មិនអាច​ស្លៀក​ដដែល​បាន ការ​តុបតែង​កាយក៏​ត្រូវ​ចំណាយ​ថវិកា​បន្ថែមទៀត មុន​នឹង​ទៅ​ចូលរួម​ពិធីការ​ដែល​ត្រូវ​ចង​ដៃ​ទៀត​នោះ។

នេះ​គឺ​ជា​បញ្ហា​សង្គម​សេដ្ឋកិច្ច​មួយ​​ ដែល​គេ​ត្រូវ​រួម​គ្នាដោះស្រាយ ពិសេស​អ្នករៀបចំ​ពិធីការ​ដែល​គួរ​ចាប់ផ្តើម​មុនគេ ចាប់ផ្តើម​បន្ថយ​ចំណាយ បន្ថយ​ការ​អញ្ជើញចំនួន​​ភ្ញៀវ មុន​នឹង​ភ្ញៀវ​សម្រេច​ចិត្ត​មិនទៅ​ចូលរួម​ពិធី​ការ​កាន់​តែ​ច្រើន​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ