អានតួអត្ថបទ
កម្ពុជា

ខ្មែរ១៣ម៉ឺននាក់​ធ្វើ​ចំណាកស្រុក​ក្នុង​ឆ្នាំ២០១២

មាន​ពលរដ្ឋ​ចំណាក​ស្រុក​ចំនួន​១៣​ម៉ឺន​នាក់ដែល​បាន​ចាកចេញ​ទៅ​ប្រទេស​ជិត​ខាង​របស់​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១២ កន្លង​ទៅ។ នេះ​បើ​តាម​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក​វង្ស សូត្រ។ ចំណាកស្រុក​នៅ​តែ​ជាបញ្ហា​ធ្ងន់ធ្ងរ​របស់​កម្ពុជា។ ហេតុ​ដូច្នេះ​ហើយ ក្នុង​រយៈពេល​៣​ថ្ងៃ​នេះ សិក្ខាសាលា​​ថ្នាក់ជាតិ​មួយ​ស្តីពី​ការ​គ្រប់គ្រង​ទេសចន្តប្រវេសន៍​ការងារ​ត្រូវ​បាន​រៀបចំ​នៅ​ក្រសួង​មហាផ្ទៃ​។

ពលករ​ខ្មែរ ដែល​ចាញ់​បោក​មេខ្យល់ បាន​វិលត្រឡប់​ពី​ប្រទេស​ម៉ូរីស​មក​កម្ពុជា​វិញ
ពលករ​ខ្មែរ ដែល​ចាញ់​បោក​មេខ្យល់ បាន​វិលត្រឡប់​ពី​ប្រទេស​ម៉ូរីស​មក​កម្ពុជា​វិញ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

មាន​ពលរដ្ឋខ្មែរ​ចំនួន​១៣០ ០០០នាក់​កាល​ពី​ឆ្នាំ​២០១២​កន្លងទៅ​នេះ ដែល​បាន​ធ្វើ​ចំណាកស្រុក​។ តួលេខ​នេះ​ត្រូវ​បាន​ប្រកាស​អោយ​ដឹង​ដោយ​​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក​វង្ស សូត្រ។ លោក​វង្ស សូត្រ​ដែល​បាន​បញ្ជាក់​ថា ពលរដ្ឋខ្មែរ​បាន​ចាក​ចេញ​ទៅ​ប្រទេស​ថៃ​ច្រើន​ជាង​គេ។ លោក​រដ្ឋមន្ត្រី​បាន​និយាយ​អំពី​ពលករ​ខ្មែរ​ចំណាក​ស្រុក​នេះ​ នៅ​ក្នុង​សិក្ខា​សាលាថ្នាក់ជាតិ​រយៈ ៣​ថ្ងៃ​ស្តី​អំពី​ការ​គ្រប់គ្រង​ទេសន្តប្រវេសន៍​ការងារ​ដែល​កំពុង​ប្រព្រឹត្តិ​ទៅ​ក្នុង​ក្រសួង​មហាផ្ទៃ។

កម្ពុជា​កំពុង​តែ​រក​វិធានការ​ទប់ស្កាត់​ចំណាក​ស្រុក​នៃ​ពលរដ្ឋ​របស់​ខ្លួន ដោយសារ​តែ​ទីមួយ ចំណាក​ស្រុក​​នេះ​បាន​ធ្វើ​អោយ​ពលរដ្ឋ​មួយ​ចំនួន​រងទុក្ខទោស​ និង​ពើប​ប្រទះ​ការ​ជួញដូរ​។ ទី២ កម្ពុជា​កំពុង​ខ្វះខាត​កំលាំង​​ពលកម្ម​ក្នុង​ស្រុក។ លោក​រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​បាន​បន្ត​ថា ស្ត្រី​ និង​កុមារ​គឺ​ជា​អ្នក​ងាយ​រងគ្រោះ​ជាង​គេ​​ ប្រឈម​នឹង​ការ​កេងប្រវ័ញ្ច​កំលាំង​ពលកម្ម ការ​ជួញដូរ​ផ្លូវភេទ និង​ការ​ជួញដូរ​ថ្នាំញៀន​ផង។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ការ​កាត់​បន្ថយ​ចំណាក​ស្រុក​អោយ​នៅ​ទាប នឹង​អាច​ជួយ​ពលរដ្ឋ​អោយ​ឃ្លាត​ឆ្ងាយ​ពី​ការ​ជួញដូរ និង​ការ​កេងប្រវ័ញ្ច​ទាំង​នោះ។ របាយការណ៍​ដែល​ផ្សាយ​ដោយ​គេហទំព័រ​ប៉ូលីស​ជាតិ​បាន​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​២០១២​កន្លង​ទៅ​នេះ ចំនួន​ពលករ​ខ្មែរ​ដែល​កម្ពុជា​បាន​ទទួល​​ពី​អាជ្ញាធរ​បរទេស​បាន​កើន​ឡើង ៤ ៨២៥​នាក់ បើ​ធៀប​ជាមួយ​ឆ្នាំ​២០១១។ ពោល​គឺ​កម្ពុជា​ទទួល​ពលករ​ចំណាក​ស្រុក​ពី​ប្រទេស​ថៃ​ចំនួន ១២៣ ២៦១​នាក់ ពី​ប្រទេស​វៀតណាម ២៥៩នាក់ និង​ពី​ប្រទេស​ឡាវ ៨៦នាក់។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​លោក​នាយករដ្ឋមន្ត្រី​ផង​បាន​អំពាវនាវ​ញឹកញាប់​មិន​អោយ​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ និង​ធ្វើចំណាក​ស្រុក​ទៅ​បរទេស​ឡើយ ហើយ​អោយ​ពួក​គេ​ស្វែង​រក​ការងារ​នៅ​ក្នុងប្រទេស​វិញ។ ចុងក្រោយ​នេះ លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សារាចរ​ប្រកាស​ដាក់​ទណ្ឌកម្ម​មន្ត្រី​មាន​សមត្ថកិច្ច​នៅ​តាម​ច្រក​ព្រំដែន​តែ​ម្តង ប្រសិន​មាន​ករណី​ឆ្លងដែន​ខុសច្បាប់​នៅ​តាម​អង្គភាព​ប្រចាំ​ការ​ណាមួយ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ