អានតួអត្ថបទ
កម្ពុជា

ក្រ​សួង​​ការ​ងារ​​សម្រេច​​ដំ​ឡើង​​ប្រាក់​ខែ​​កម្មករ​​រោង​ចក្រ​​ដល់ ​១០០​ដុល្លារ​​

បន្ទាប់ពី​កម្មករ​រោងចក្រ ធ្វើបាតុកម្ម​តវ៉ា​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ក្រសួង​ការងារ​បានសម្រេច​ដំឡើង​ប្រាក់ខែ​គោល​ដល់​កម្មករ​កាត់ដេ​រ​ដល់ ១០០ដុល្លារ គឺ​បន្ថែម៥ដុល្លារ​​ទៀត ​ពីលើ​ការ​សម្រេច​លើក​មុន។ សេចក្តីសម្រេច​នេះ​ ចាប់​អនុវត្ត​ពីថ្ងៃ​ទី១ ខែកុម្ភៈឆ្នាំ ២០១៤នេះ​តទៅ។ ប៉ុន្តែ ការសម្រេច​នេះ​មិន​បានធ្វើ​ឲ្យ​ក្រុមបាតុករ​ស្ងប់ចិត្ត​ទេ។ តំណាង​សហជីព​កម្មករ​នៅតែ​បន្ត​ខ្វែងគំនិត​គ្នា​ដដែល។

កម្មករ​ កម្មការិនី​រោង​ច​ក្រ​កាត់​ដេរ​ ចូល​រួម​ធ្វើ​បាតុ​កម្ម​នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ​ ថ្ងៃ​ទី២៥​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៣​។​
កម្មករ​ កម្មការិនី​រោង​ច​ក្រ​កាត់​ដេរ​ ចូល​រួម​ធ្វើ​បាតុ​កម្ម​នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ​ ថ្ងៃ​ទី២៥​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៣​។​ @RFI/sophal
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​អង្គារ​ទី ៣១ធ្នូ​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានចេញ​សេចក្តីប្រកាស​សម្រេច​ដំឡើង​ប្រាក់ខែ​ដល់ក​ម្មករ​រោងចក្រ​កាត់ដេរ ពី ៨០ដុល្លារ ទៅ ១០០ដុល្លារ ដែល​នឹងត្រូវ​បាប់​ផ្តើម​អនុវត្ត នៅ​ថ្ងៃទី ១កុម្ភៈ​ឆ្នាំ ២០១៤ខាងមុខនេះ។ ប៉ុន្តែ ការសម្រេច​នេះ នៅតែ​ធ្វើ​ឲ្យ​សហជីព​ខ្វែងគំនិត​គ្នា​ដដែល។

ក្រុម​សហជីព​កម្មករ​កាត់ដេ​រ​ ដែល​ដឹកនាំ​បាតុកម្ម​ ប្រកាស​មិន​ទទួលយក ហើយ​ពួកគេ​ទាមទារ​ឲ្យ​មានការ​ចរចា​ថ្មី​មួយ ដើម្បី​ពិភាក្សាគ្នា​ឲ្យ​បានច្បាស់លាស់ ហើយ​ភាគី​ទាំងសងខាង​ត្រូវតែ​ឯកភាពគ្នា​ ចំពោះ​ការសម្រេច​ដំឡើង​ប្រាក់ខែ​កម្មករ​នៅពេលនេះ។

អនុប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ស៊ីកា​ឌូ លោក គង់ អាទិត្យ​បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​រសៀល​នេះ​ថា សហជីព​របស់លោក​មិនអាច​ទទួលយក​ការសម្រេច​របស់​ក្រសួង​ការងារ​បានទេ។ លោក បាន​បញ្ជាក់ថា ការសម្រេច​នេះ ពុំមាន​ការពិភាក្សាគ្នា ហើយ​ធ្វើឡើង តែ​ភាគី​រដ្ឋាភិបាល​ម្នាក់ឯង។

លោក គង់ អាទិត្យ​នៅតែ​អះអាង ថា ក្រុម​សហជីព​កាត់ដេរ នឹង​នៅតែ​រក្សា​ជំហរ​របស់ខ្លួន​ក្នុងការ​ទាមទារ​ដំឡើង​ប្រាក់ខែ​អប្បមា ១៦០ដុល្លារ ដល់​កម្មករ​រោងចក្រ​កាត់ដេរ​ដដែល។ ផ្ទុយ​ពីនេះ ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា លោក សោម អូន បាន​យល់ស្រប ហើយ​អះអាងថា ការសម្រេច​នៅពេលនេះ មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ការសម្រេច​លើក​មុន។

គួរ​បញ្ជាក់ដែរថា នៅ​ថ្ងៃ​អង្គារ​ទី ៣១ធ្នូ​នេះដែរ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ជី​ម៉ាក់ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ ដោយ​បង្ហាញ​ពី​ការ​យា​យី​​​មកលើ​​សហជីព​ទាំង៦ របស់លោក រ៉ុង ឈុន, លោក​អាត់ ធន់, លោក ប៉ាវ ស៊ីណា, លោក​ជា មុនី, ​លោកស្រី​ម៉ម ញឹម និង​លោកស្រី យ៉ាង សោ​ភ័​ណ្ឌ។ ក្រុម​និយោជក​ចោទ​សហជីព​ទាំងនោះ​ថា បាន​បង្ក​ការរំខាន​ដល់​ក្រុមកម្មករ​កាត់ដេរ​ចំនួន ៩០% ដែលជា​រួមមកពី​​ប្រមាណ​ជា ៥៥៩ រោងចក្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ