អានតួអត្ថបទ
កម្ពុជា

ក្រសួង​​ព័ត៌មាន​​ផ្តួច​​ផ្តើម​​បង្កើត​​សហព័ន្ធ​​អ្នកសារព័ត៌មាន​​ជាតិ​​កម្ពុជា

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានផ្តួចផ្តើម​គំនិត​បង្កើត​សហព័ន្ធ​អ្នកសារព័ត៌មាន​ជាតិ​កម្ពុជា ដើម្បី​ប្រមូលផ្តុំ​សមាគម​អ្នកសារព័ត៌មាន​នានា​នៅ​កម្ពុជា និង​ដើម្បី​ជ្រើសរើស​តំណាង​សម្រាប់​ចូលរួម​នៅក្នុង​ការប្រជុំ​អន្តរជាតិ ​អំពី​វិស័យ​សារព័ត៌មាន។ ប្រមាណ​ជា២០សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា ក្នុងចំណោម​សមាគម​ទាំងអស់​ចំនួន៣៤ បាន​ចូលរួម​ប្រជុំ នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ នៅ​សណ្ឋាគារ​សាន់វ៉េ ដើម្បី​ពិនិត្យមើល​លទ្ធភាព​បង្កើត​អង្គការ​ថ្មី​នេះ។ បើតាម​អ្នកចូលរួម ក្នុង​ជំហាន​ដំបូង ក្រសួង​នឹង​ផ្តល់​ទីតាំង​សម្រាប់​សហព័ន្ធ​នេះ ប៉ុន្តែ​អ្នក​និយម​ឯករាជ្យភាព​នៃ​សារព័ត៌មាន​បារម្ភ​ថា នេះ​ជាការ​ប៉ុនប៉ង​គ្រប់គ្រង​អ្នកសារព័ត៌មាន​នៅ​កម្ពុជា។

លោក ​ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និងជាអ្នកផ្តួចផ្តើមបង្កើតសហព័ន្ធអ្នកសារព័ត៌មានជាតិកម្ពុជា
លោក ​ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និងជាអ្នកផ្តួចផ្តើមបង្កើតសហព័ន្ធអ្នកសារព័ត៌មានជាតិកម្ពុជា © លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​នឹង​ក្លាយជា​អង្គការ​សារព័ត៌មាន​ថ្មី​មួយ ដែល​នឹង​បង្រួប​បង្រួម​​សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ឱ្យ​ស្ថិតក្រោម​ដំបូល​តែមួយ ប្រសិនបើ​មិនមាន​ឧបសគ្គ​ក្នុងការ​បង្កើត។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​បាន​ផ្តួចផ្តើម​ឱ្យ​បង្កើត​ស្ថាប័ន​ថ្មី​នេះ បាន​ពន្យល់ នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា កន្លងទៅ សមាគម​អ្នក​សារព័ត៌មាន​​​នៅ​កម្ពុជា​មាន​ច្រើនពេក ហើយ​សហគមន៍​អ្នកសារព័ត៌មាន​មិនទាន់មាន​តំណាង​ច្បាស់លាស់​សម្រាប់​ចូលរួម​នៅក្នុង​វេទិកា​អន្តរជាតិ​នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន ឬ​ក្របខណ្ឌ​ពិភពលោក​ឡើយ។

គោលបំណង​នៃ​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ គឺ​សម្រួលការ​ចែករំលែក​ចំណេះដឹង​អំពី​វិស័យ​សារព័ត៌មាន​នៅក្នុង​ពិភពលោក ​ក្នុងចំណោម​អ្នកសារព័ត៌មាន​កម្ពុជា។ ប្រធាន​ក្រុមប្រឹក្សា​សារព័ត៌មានកម្ពុជា ដែល​បាន​​ចូលរួម​ក្នុងការ​ប្រជុំ​នៅ​សណ្ឋាគារ​សាន់វ៉េ​នោះ បាន​ប្រាប់ថា ក្រុមប្រឹក្សា​នេះ គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋមន្ត្រី។ លោក សុខ សុវណ្ណ បាន​បញ្ជាក់​ថា ក្នុង​ជំហាន​ដំបូង ក្រសួង​ព័ត៌មានផ្តល់​ទីតាំង​ធ្វើការ​ដល់​សហព័ន្ធ និង​ចាត់​ឱ្យ​អគ្គនាយកដ្ឋាន​​ពត៌មាន និង​សោតទស្សន៍​ជា​អ្នកសម្របសម្រួល ប៉ុន្តែ​ក្រសួង​ដែល​មិនមាន​ថវិកា​សម្រាប់​ការបង្កើត​អង្គភាព​ថ្មី​នេះ នឹង«មិន​លូកដៃ​ចូលក្នុង​ការងារ​គ្រប់គ្រង​ស្ថាប័ន​នេះ​ទេ»។

លោក សុខ សុវណ្ណ បាន​បន្តថា អ្វីដែល​ត្រូវធ្វើ​ចំពោះមុខ ​គឺ​ការ​ចងក្រង​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃក្នុង​​សម្រាប់​សហព័ន្ធ​ថ្មី ហើយ​បន្ទាប់មក ​គឺ​ស្វែងរក​មូលនិធិ​ដើម្បី​ទ្រទ្រង់​ប្រតិបត្តិការ​របស់​វា ដើម្បីឱ្យ​ស្ថាប័ន​នេះ«ឯករាជ្យ»។

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ មិនបាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នោះទេ ប៉ុន្តែ​បានកត់សម្គាល់​ឃើញថា កន្លងទៅ ក្រសួង​ព័ត៌មាន​តែងតែ​តាំងខ្លួន​ជា​អ្នកគ្រប់គ្រង ឃ្លាំមើល និង​ដាក់​សម្ពាធ​ដល់​អ្នកសារព័ត៌មាន។ លោក ប៉ាង ងួនទៀង បានចាត់ទុក​ទង្វើ​បែបនេះ ​ថា​ជា«កំហុស​ធ្ងន់»របស់​ក្រសួង​ព័ត៌មាន។ បើតាម​យោបល់​របស់លោក សមាគម​សារព័ត៌មាន​ជាច្រើន ដែល​បានទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួង​នេះ អត់​ដំណើរការ ដោយសារ​កង្វះ​គោលនយោបាយ ឬ​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​ឧបត្ថម្ភ​គាំទ្រ​អង្គការ​អ្នកសារព័ត៌មាន​ទាំងនោះ។

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ​​បាន​​ទ​ទួ​ច​​ឱ្យ​​ក្រសួង​​ព័ត៌មាន​​ជួយ​​អង្គភាព​​សារព័ត៌មាន​​ឱ្យ​បាន​​ច្រើន​​ ក្នុង​​ផ្នែក​បច្ចេកទេស ហិរញ្ញវត្ថុ វិសាល​ភាព​​នៃ​​ការ​ផ្សព្វផ្សាយ​ និង​​សមត្ថភាព​​របស់​​អ្នកសារព័ត៌មាន។

បច្ចុប្បន្ន កម្ពុ​ជាមាន​សមាគម​សារព័ត៌មាន៣៤ ហើយ​ក្រុមប្រឹក្សា​សារព័ត៌មាន​កម្ពុ​ជាមាន​សមាជិក​សកម្ម១០សមាគម និង​អសកម្ម៧សមាគម​ផ្សេងទៀត។ ប៉ុន្តែ លោក ប៉ាង ងួនទៀង បាន​ទ​ទូ​ច​ថា ដរាបណា​ក្រសួង​ព័ត៌មាន​មិនមាន​គោលការណ៍​ឧបត្ថម្ភ​ច្បាស់លាស់​ទេ ការបង្កើត​សមាគម​ ឬ​សហព័ន្ធ​ប៉ុន្មាន​ទៀត«ក៏​គ្មានអ្វី​ប្លែក​ដែរ»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ