អានតួអត្ថបទ
កម្ពុជា

ក្រសួង​មហាផ្ទៃ​៖ ការ​ចល័ត​កង​កម្លាំង​ប្រដាប់​អាវុធ​ធ្វើ​ឡើង​ដើម្បី​ការពារ​សន្តិសុខ ស្ថិរភាព​ស្រុក​ទេស

លោក​ឧបនាយក​រដ្ឋ​មន្ដ្រី ស ខេង រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ សម្រាប់​ការ​បោះ​ឆ្នោត ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​ចល័ត​កង​កម្លាំង​ប្រដាប់​អាវុធ​មែន។ លោក​បញ្ជាក់​ថា នេះ​គ្រាន់​តែ​ជា​ការ​ត្រៀម​កម្លាំង​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ។ ការពារ​សន្តិសុខ ខណៈ​មាន​ការ​លើក​ឡើង​ពី​គម្រោង​​ធ្វើ​មហា​បាតុកម្ម​ជា​ច្រើន​លើក​ច្រើន​សា ពី​សំណាក់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង។

កងរថពាសដែក​នៅតាមផ្លូវជាតិលេខ ៧ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម កាល​ពី​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១៣។
កងរថពាសដែក​នៅតាមផ្លូវជាតិលេខ ៧ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម កាល​ពី​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១៣។ map
ផ្សាយពាណិជ្ជកម្ម

លោក​ឧបនាយក​រដ្ឋ​មន្ដ្រី ស ខេង រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍ សម្រាប់​ការ​បោះ​ឆ្នោត ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​ចល័ត​កង​កម្លាំង​ប្រដាប់​អាវុធ​មែន ក៏​ប៉ុន្តែ វា​គ្រាន់​តែ​ជា​ការ​ត្រៀម​កម្លាំង​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ។ លោក​ឧបនាយក​រដ្ឋ​មន្ដ្រី ស ខេង ថ្លែង​ដូច្នេះ នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន នៅ​ក្រោយ​ជំនួប​ជាមួយ​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៩ ខែ​សីហា នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ។

ការ​ចល័ត​ទ័ព​នេះ ត្រូវ​បាន​លោក ស ខេង អះអាង​ថា ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ពី​គម្រោង​ធ្វើ​មហា​បាតុកម្ម​ជា​ច្រើន​លើក​ច្រើន​សា។ លោក​ឲ្យ​ដឹង​ថា ការ​ធ្វើ​បាតុកម្ម ជា​ការ​ពិត គឺ​ជា​សិទ្ធិ​របស់​គណបក្ស​នយោបាយ ប៉ុន្តែ​ត្រូវ​ធ្វើ​នៅ​ក្នុង​ក្រប​ខណ្ឌ​ច្បាប់ ប្រកប​ដោយ​សន្តិវិធី។ យ៉ាង​ណា​ក៏​ដោយ ​លោក ស ខេង បាន​ឲ្យ​ដឹង​​ថា លោក​ព្រួយ​បារម្ភ ដោយ​មិន​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​គ្រប់​គ្រង​អ្នក​ចូល​រួម​ធ្វើ​បាតុកម្ម​បាន ​ឬ​មិន​បាន ហើយ​នេះ​គឺ​ជា​មូលហេតុ​នៃ​​ការ​ចល័ត​កង​កម្លាំង​ប្រដាប់​អាវុធ។ លោក​បន្ត​ថា វា​គឺ​ជា​ភារកិច្ច​របស់​រដ្ឋាភិបាល ដើម្បី​រក្សា​សន្តិសុខ និង​ស្ថិរភាព​ស្រុកទេស។

ពាក់ព័ន្ធ​នឹង​ការ​ចល័ត​កង​កម្លាំង​ប្រដាប់​អាវុធ​នេះ លោក ខេង ទីតូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេស ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា នេះ​មិន​មែន​ជា​ការ​គម្រាម​កំហែង ឬ​ក៏​បំភ័យ​ដល់​អ្នក​ធ្វើ​បាតុកម្ម​ដូច​ដែល​ព័ត៌មាន​មួយ​ចំនួន​បាន​​អះអាង​នោះ​ទេ ពី​ព្រោះ​បាតុកម្ម​គឺ​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ។

បើ​តាម​លោក ខេង ទីតូ កង​កម្លាំង​ប្រដាប់​អាវុធ​គ្រាន់​តែ​ត្រៀម​លក្ខណៈ​ដើម្បី​អន្តរាគម​ឲ្យ​ទាន់​ពេល​វេលា​ ក្នុង​ករណី​ដែល​មាន​បញ្ហា​កើត​ឡើង ជា​ពិសេស​ក្នុង​ករណី​ដែល​មាន​ជន​ខិល​ខូច លួច​បន្លំ​ ក្នុង​ពេល​បាតុកម្ម​​ ដើម្បី​បង្ក​ចលាចល​ផ្សេងៗ។ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​បញ្ជាក់​ទៀត​ថា សមត្ថកិច្ច​សុខ​ចិត្ត​ឲ្យ​ប្រជាពល​រដ្ឋ​ឃើញ​ការ​ត្រៀម​លក្ខណៈ​របស់​កង​កម្លាំង​ ​ប្រសើរ​ជាង​​បណ្តោយ​ឲ្យ​ពួក​គាត់​ជួប​គ្រោះ​អាសន្ន​ ជា​​យថាហេតុ​​ណា​មួយ ដោយ​មិន​បាន​ត្រៀម​ជាមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ