អានតួអត្ថបទ
កម្ពុជា

ប្រជា​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ​នឹង​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ពន្ធនាគារ​ព្រៃ​សរ ​រៀងរាល់​ព្រឹក​ថ្ងៃ​អាទិត្យ

ប្រជាពលរដ្ឋ​បឹងកក់​ប្រកាស​ធ្វើ​បាតុកម្ម​តវ៉ា ​ជា​រៀង​រាល់​ព្រឹក​ថ្ងៃ​អាទិត្យ ​នៅ​ពន្ធ​ធានា​គារ​ ព្រៃ​សរ ​នៅ​ក្រុង​ភ្នំពេញ។ ​ជា​បាតុកម្ម ​ដែល​មាន​គោល​បំណង​ទាមទារ​ឲ្យ​ដោះលែង​ សកម្មជន​បឹង​កក់ ​ព្រះ​សង្ឃ ​និង​សកម្មជន​របស់​បក្សប្រឆាំង​ ទាំង​១៧​នាក់​ ដែល​តុលាការ​ប្រកាស​ឃុំ​ខ្លួន។​ មិន​តែ​ប៉ុណ្ណោះ ​ពួក​គេ​នឹង​រៀប​ធ្វើ​ពិធី​កាន់​ទុក្ខ​ ដើម្បី​បញ្ជាក់​ថា ​លិទ្ធ​ប្រជាធិបតេយ្យ​ សិទ្ធិ​និង​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​ បាន​ស្លាប់​បាត់​ទៅ​ហើយ។

ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​ រួម​ទាំង​ប្រជាពលរដ្ឋ​ប្រមាណ​២០០នា​ក់​​បាន​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​នៅ​មុខ​ពន្ធនាគារ​ព្រៃសរ​ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី​ និង​ សកម្មជន​បក្សនៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែវិចិ្ជកានេះ។
ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​ រួម​ទាំង​ប្រជាពលរដ្ឋ​ប្រមាណ​២០០នា​ក់​​បាន​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​នៅ​មុខ​ពន្ធនាគារ​ព្រៃសរ​ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី​ និង​ សកម្មជន​បក្សនៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែវិចិ្ជកានេះ។ Facebook/Sovath Loun
ផ្សាយពាណិជ្ជកម្ម

នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី១៦វិច្ឆិកា​នេះ ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​បឹងកក់ និង​ព្រះ​ស​ង្ឈ ប្រមាណ​ជាង៣០០នាក់​និង​អង្គ បាន​ទៅ​តវ៉ា នៅមុខ​ពន្ធនាគារ​ព្រៃ​សរ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី និង​សកម្មជន​បក្សប្រឆាំង ដែល​ត្រូវបាន​តុលាការ​ប្រកាស​ឃុំខ្លួន។

ទោះបី​ការតវ៉ា​នោះ​ស្ថិតក្រោម​ក្រសែភ្នែក​របស់​សមត្ថកិច្ច​ជាច្រើន​នាក់​ក៏ដោយ ក៏​ការតវ៉ា​របស់​ប្រជាពលរដ្ឋ និង​ព្រះ​ស​ង្ឈ ពេញ​មួយ​ព្រឹក​នេះ មិនមាន​ការរារាំង ឬ​ប៉ះ​ទ​ង្គិះ​គ្នា​ទេ។ ប៉ុន្តែ​ប្រជាពលរដ្ឋ ក៏​មិន​ទទួលបាន​ការឆ្លើយតប​បែបណា​មួយ​ដែរ ពី​សំណាក់​អាជ្ញាធរ​ពាក់​ព័ន្ធ​ដែរ។

អ្នកស្រី យ៉ោ​ម បុ​ប្ឆា សកម្មជន​បឹងកក់ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃអាទិត្យ​នេះ ថា សហគម​បឹងកក់ និង​សហគម​ដែលមាន​ជម្លោះដីធ្លី​ដទៃទៀត នឹងធ្វើ​បាតុកម្ម​តវ៉ា​ប​ន្ត​ទៀត នៅ​រៀងរាល់​ព្រឹក​ថ្ងៃអាទិត្យ។ មិនតែប៉ុណ្ណោះ ពួកគេ​នឹង​រៀប​ធ្វើ​ពិធី​កាន់ទុក្ខ ដើម្បី​បញ្ជាក់ថា លិទ្ធ​ប្រជាធិបតេយ្យ សិទ្ធិ​និង​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា ត្រូវបាន​ស្លាប់​បាត់ទៅហើយ។ 

បាតុកម្ម​នៅ​សប្តាហ៍​ក្រោយ ត្រូវបាន​អ្នកស្រី យ៉ោ​ម បុ​ប្ឆា រំពឹងថា អាច​នឹងមាន​មនុស្ស​ច្រើន​ជាង៥០០នាក់ ដែល​អាច​នឹង​មានការ​ចូលរួម​ពី​សហគម​ដែលមាន​ជម្លោះដីធ្លី​នៅ​ភ្នំពេញ និង​បណ្តា​ខេត្ត ព្រមទាំង​ព្រះសង្ឃ រួម​នឹង​អង្គការ​មិនមែន​រដ្ឋាភិបាល ដទៃទៀត។

សូមបញ្ជាក់ថា នៅក្នុង​សប្តាហ៍​នេះ អាជ្ញាធរ​រដ្ឋាភិបាល​បាន​ចាប់ខ្លួន​សកម្មជន​ដីធ្លី ព្រះសង្ឃ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់ ដោយសារតែ​ការតវ៉ា ព្រមទាំង​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី១៥ កក្កដា។ បន្ទាប់មក សាលា​ដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​ពួកគេ​នៅឯ​ពន្ធនាគារ​ព្រៃ​សរ។

គណបក្ស​សង្គ្រោះ​ជាតិ​ក៏មាន​គម្រោង​ទៅសួរសុខទុក្ខ អ្នកជាប់ឃុំឃាំង​ទាំង​នោះដែរ។ លោក មុត ចន្ថា ប្រធាន​ខុទ្ទកាល័យ​របស់លោក កឹម សុខា បាន​បញ្ជាក់ថា បក្សប្រឆាំង កំពុង​រៀបចំ​លិខិតស្នើ​ចូល​សួរសុខទុក្ខ នៅ​ពន្ធ​ធានា​គារ​ព្រៃ​សរ ក្នុង​សប្តាហ៍​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ