អានតួអត្ថបទ
អាល្លឺម៉ង់

ប្រទេស​ជាង​៨០​រួមគ្នា​ប្រយុទ្ធ​នឹង​ការលួច​មិន​បង់ពន្ធ​រដ្ឋ

ប្រទេស​ជាង ៨០​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពហុភាគី​មួយ កាលពី​ថ្ងៃ​ពុធ​ទី ​២៩ ​តុលា ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង​នឹង​ការលួចគេចពន្ធ។ នៅក្នុង​វេទិកា​ពិភពលោក​ស្តីពី​តម្លាភាព និង​ការផ្លាស់ប្តូរ​ព័ត៌មាន ដែល​ត្រូវ​បិទបញ្ចប់ កាលពីថ្ងៃ​ពុធ នៅទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ប្រទេស​ហត្ថលេខី​បាន​យល់ព្រម​ឲ្យ​ប្រព័ន្ធ​ផ្លាស់ប្តូរ​ជា​ស្វ័យប្រវត្តិ​រាល់​ព័ត៌មាន​ហិរញ្ញវត្ថុ​រវាងគ្នា។  

ប្រទេស​ជាង​៨០​ចុះ​ហត្ថលេខា​រួមគ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ចរន្តគេចមិន​បង់​ពន្ធ​ជូនរដ្ឋ
ប្រទេស​ជាង​៨០​ចុះ​ហត្ថលេខា​រួមគ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ចរន្តគេចមិន​បង់​ពន្ធ​ជូនរដ្ឋ ©REUTERS/Hannibal
ផ្សាយពាណិជ្ជកម្ម

អឺរ៉ុប អាស៊ី មិន​ថា ប្រទេស​អ្នកមាន ឬ​អ្នកក្រ បាន​រួម​គ្នា​ជាធ្លុង​មួយ ដើម្បី​ចាត់​វិធានការ​ស្វែង​រក​មុខ​មនុស្ស​ដែល​គេច មិន​បង់​ពន្ធ​ចូល​កេសរដ្ឋ។ វិធានការ​ដែល​ក្រុម​ប្រទេស​ជាង​៨០​បាន​ចុះ​ហត្ថលេខា កាលពី​ថ្ងៃ​ម្សិលមិញ ​នឹង​ចាប់​ដំណើរការ​ជា​ស្វ័យប្រវត្តិ ចាប់ពី​ឆ្នាំ ២០១៧ និង​ឆ្នាំ ២០១៨។ មាន​ន័យថា ប្រទេស​ចំនួន ៥១​បាន​ចុះ​ហត្ថលេខា​យល់ព្រម​ឲ្យ​បង្កើត​អាជ្ញាធរ​ជាតិ​មួយ​សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ការលួចគេចពន្ធ។ អាជ្ញាធរ​ជាតិរបស់​ប្រទេស​នីមួយ មាន​តួនាទី ប្រមូល​ព័ត៌មាន ទាក់ទង​នឹង​គណនេយ្យ​ធនាគារ​របស់​ជនបរទេស ដែល​រស់នៅក្នុង​ទឹកដី របស់ខ្លួន និង​បន្ទាប់មក ត្រូវ​បញ្ជូន ចែករំលែក​ជាមួយ​ប្រទេស​ដទៃទៀត។ ទិសដៅ​គឺ​ដើម្បី​ឲ្យ​រដ្ឋបាល​ពន្ធ​របស់​ប្រទេស​នីមួយៗ ដឹង​ពី​ចំនួន​ទឹកប្រាក់ ដែល​ប្រជាជន​របស់ខ្លួន បាន​តម្កល់​ទុក នៅ​បរទេស ដើម្បី​គេច មិន​បង់ពន្ធ​ក្នុង​ស្រុក។

 
ប្រជុំ​កោះ កាអ៊ីម៉ង់ ឬ​កោះ​របស់​អង់គ្លេស ជាច្រើន ដែល​គេ​ស្គាល់​ជា​ជម្រក​គេចពន្ធ​របស់​ក្រុម​មហាសេដ្ឋី​ធំៗ​ក្នុង​លោក បាន​សន្យា​ថា នឹង​បង្ហាញ​ខ្ទង់​សម្ងាត់​របស់​ធនាគារ​របស់ខ្លួន ចាប់ពី​ឆ្នាំ ២០១៧។ ចំណែក ប្រទេសជាង​៣០​ទៀត ដូចជា​​អូទ្រីស ស្វីស ដែល​គេ​ចាត់ទុក​ជា​ឋានសួគ៍​លោកិយ​ធំ​បំផុត ក្នុង​ពិភពលោក​សម្រាប់​ក្រុម​អ្នកមាន គេច​មិន​បង់ពន្ធ​ជូនរដ្ឋនោះ បាន​សន្យា​សហការ ចាប់​ពី​ឆ្នាំ​២០១៨​តទៅ។

លោក​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អាល្លឺម៉ង់ ដែលបាន​ដឹកនាំ​វេទិកា​អន្តរជាតិ បាន​ប្រកាស​ថា រឿងសម្ងាត់​ផ្នែក​ធនាគារ​លែង​មាន​តទៅទៀតហើយ។ ​អំណើះ​តទៅ អ្នកដែល​លួច គេច​មិន​បង់ពន្ធ​នឹង​ត្រូវ​ប្រឈម​នឹង​ការអាក្រាត និងទទួល​​ទោស​ពិន័យ​យ៉ាងធ្ងន់ធ្ងរ។

ដើមឡើយ គំនិត​សហការ​ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន​ពី​ភាពសម្ងាត់​របស់​ធនាគារ កើត​ចេញ​ពី​គំនិត​ផ្តួចផ្តើម​របស់​អាមេរិក ដែល​បាន​ប្រើ​ច្បាប់​របស់ខ្លួន ឈ្មោះ Facta កាលពី​ឆ្នាំ ២០១០។ នៅក្នុង​យុទ្ធសាស្រ្ត​ប្រយុទ្ធប្រឆាំង​នឹង​ចរន្ធ​លួចគេចពន្ធ ច្បាប់​អាមេរិក បាន​តម្រូវ​ឲ្យ​គ្រប់ធនាគារ​បរទេស​ដែល​មាន​នៅ​លើ​ទឹកដី​អាមេរិក ផ្តល់​គ្រប់​ព័ត៌មាន និង​ទឹកប្រាក់​​ដែល​ប្រជាជន​អាមេរិកាំង​បាន​តម្កល់។ ចាប់តាំងពីឆ្នាំនោះ ប្រទេស​នៅ​អឺរ៉ុប​ចំនួន ៥ នាំមុខ​ដោយ​បារាំង និង​អាល្លឺម៉ង់ បាន​ទាមទារ​ឲ្យមាន​ការផ្លាស់ប្តូរ​ព័ត៌មាន​ជា​ស្វ័យប្រវត្តិ​រវាង​ប្រទេស​សមាជិក​របស់​អង្គការ​OCDE។

តាម​អ្នកជំនាញ​ខាងពន្ធដារ ក្នុងមួយ​ឆ្នាំៗ ទឹកប្រាក់​ប្រមាណ ៥៨០០​ពាន់​លាន​ដុល្លារ​ត្រូវ​គេ​បន្លំ ផ្លាស់ទី​យក​ទៅ​ដាក់​នៅក្នុង​ធនាគារ​នៅ​បរទេស ដើម្បី​គេច​ពី​គំនាបពន្ធ​នៅក្នុង​ស្រុក។ គេ​បាន​ប៉ាន់​ប្រមាណថា ដោយសារ​តែ​គេចពន្ធ​របស់​ក្រុមអ្នកមាន ប្រទេស​នៅក្នុង​ពិភពលោក​បាន​ខាតបង់​ជាសរុប ទឹកប្រាក់ ប្រមាណ ១៣០​ពាន់​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ