អានតួអត្ថបទ
ភូមា

រដ្ឋាភិបាល​ភូមា​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ក្រុមឧទ្ទាម​កាឈីន

កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ការចរចា​​ រវាង​រដ្ឋាភិបាល​ភូមា និង​ក្រុម​ឧទ្ទាម​កាឈីន បាន​ឈាន​ដល់​ការចុះកិច្ចព្រមព្រៀង​សន្តិភាព​ជាមួយគ្នា ក្នុងគោលដៅ​បិទបញ្ចប់​សង្រ្គាម​ស៊ីវិល​ ដែល​បានតាមញាំញី​ភូមា​តាំង​ពី​ឆ្នាំ​១៩៤៨​​មក។ ការចរចា​​ក្នុង​ដំណាក់កាល​ចុងក្រោយ រវាង​រដ្ឋាភិបាលភូមា និង​ក្រុមឧទ្ទាម​កាឈីននេះ ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​តំណាង​អ.ស.ប.​ផងដែរ។

កងកម្លាំង​ឧទ្ទាម​នៃ​ជនជាតិ​ភាគតិច កាឈីន (Kachins)
កងកម្លាំង​ឧទ្ទាម​នៃ​ជនជាតិ​ភាគតិច កាឈីន (Kachins)
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​សន្តិភាព ៧ចំណុច ដែល​រដ្ឋាភិបាល​ភូមា និង​ក្រុម​ឧទ្ទាម​កាឈីន បាន​ចុះជាមួយ​គ្នា កាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ចែង​កំណត់​ជា​អាទិ៍​ថា ចាប់ពីពេលនេះ​ទៅ រាល់ការ​វាយប្រយុទ្ធគ្នា​ទាំងអស់​ត្រូវ​តែ​បញ្ឈប់​ បន្ទាប់មកទៀត ភាគី​ទាំងពីរ​នឹង​ត្រូវ​ជជែក​គ្នា​លម្អិត អំពី​ការ​កែសម្រួល​ទីតាំង​កងកម្លាំង​របស់​ខ្លួន​ចេញ​ពី​ការ​ប្រឈមមុខ​ដាក់​គ្នា។

ក្រៅពី​ការព្រមព្រៀង​ឈប់បាញ់​ រដ្ឋាភិបាល​ភូមា​ក៏​បាន​ព្រមព្រៀង​ផងដែរ​ថា នឹង​​ធ្វើការ​ជជែក​ពិភាក្សា​ស្តីពី​បញ្ហា​នយោបាយ ​ជាមួយ​តំណាង​ក្រុម​ឧទ្ទាម​កាឈីន ដែល​នេះ​ គឺ​ធ្វើឡើង ទៅតាម​ការទាមទារ​របស់​ក្រុម​ឧទ្ទាម ដែល​ចង់​បាន​សិទ្ធិ និង​ស្វ័យ័តភាព​បន្ថែម​ទៀត នៅ​ក្នុង​តំបន់​របស់​ពួកគេ គឺ​រដ្ឋ​កាឈីន ដែល​ស្ថិត​នៅ​ជាប់​នឹង​ព្រំដែន​ចិន។

មន្រ្តី​អ្នកនាំពាក្យ​ប្រធានាធិបតី​ភូមា​បាន​ថ្លែង​អបអរ​ការ​ចុះកិច្ចព្រមព្រៀង​នេះ​ថា ជា​ដំណឹង​ដ៏ល្អមួយ។

គួរបញ្ជាក់ថា សង្រ្គាម​រវាង​កងកម្លាំង​រដ្ឋាភិបាល​ភូមា និង​ក្រុម​ឧទ្ទាម​កាឈីន គឺ​ជា​ផ្នែកមួយ នៃ​សង្រ្គាម​ស៊ីវិល ដែល​បាន​ញាំញី​ប្រទេស​ភូមា តាំង​ពី​ប្រទេស​នេះ​ទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស កាល​ពីឆ្នាំ​១៩៤៨មក។ សង្រ្គាម​ជាមួយ​ក្រុម​ឧទ្ទាមកាឈីន ដែល​បាន​ចាប់ផ្ទុះឡើង​ខ្លាំង តាំងពីឆ្នាំ​២០១១មកនោះ ក៏​ជា​បញ្ហា​ប្រឈម​ដ៏ធំមួយ​ដែរ នៅ​ក្នុង​ការ​ព្យាយាម​ធ្វើ​កំណែទម្រង់​របស់​លោក​ប្រធានាធិបតី​ថេន សេន។

មុននឹង​ឈាន​ដល់​ការ​ចុះកិច្ច​ព្រមព្រៀង ម្សិលមិញ​នេះ រដ្ឋាភិបាល​ភូមា និង​ក្រុម​ឧទ្ទាម​កាឈីន​បាន​ជួប​ចរចា​គ្នា​​ជាច្រើន​លើក​រួចមកហើយ ដោយ​ការចរចា​លើកមុនៗ ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​ទឹកដី​ចិន។ ការចរចាជុំ​ចុងក្រោយ​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ក្នុង​ទឹកដី​ភូមា​ផ្ទាល់ ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​កងទ័ព​ឯករាជ្យ​កាឈីន តំណាង​លោក​ប្រធានាធិបតី​ថេន សេន តំណាង​អគ្គលេខាធិការ​អ.ស.ប. តំណាង​រដ្ឋាភិបាល​ចិន ព្រមទាំង​តំណាង​ជនជាតិ​ភាគតិច​មួយចំនួន​ផ្សេងទៀត។

តំណាង​អង្គការ​សង្គមស៊ីវិល​មួយរូប ដែល​បាន​ចូលរួម​ក្នុង​កិច្ចចរចា​នេះ​ដែរ បាន​លើកឡើង​ថា ការចុះកិច្ចព្រមព្រៀង​​ រវាង​រដ្ឋាភិបាល​ភូមា និង​ក្រុម​ឧទ្ទាម​កាឈីន នៅពេលនេះ គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ ក្នុងការ​ឈានទៅ​បញ្ចប់​សង្រ្គាម​ស៊ីវិល​រ៉ាំរ៉ៃ​​នៅភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ