អានតួអត្ថបទ
ភូមា

សាលក្រម​លើក​ដំបូង​នៅ​ភូមា​ក្រោយ​ពី​ផ្ទុះ​អំពើ​ហិង្សា​នៅ​ក្រុង​Meiktila​

តុលាការ​ភូមា​​ទើប​បាន​​កាត់​ទោស​ ជន​​​៣​នាក់​​កាន់​សាសនា​អ៊ីស្លាម ឲ្យ​ជាប់​ពន្ធនាគារ​១៤​ឆ្នាំ​ពី​បទ​​បាន​បង្ក​ជម្លោះ​​ដែល​ជា​ប្រភពនៃ​អំពើ​ហិង្សា​ផ្ទុះឡើង​រវាង​សហគមន៍​សាសនា​នៅ​ក្រុង​Meiktila។ អំពើហិង្សា​ដែលបានបណ្តាល​ឲ្យស្លាប់​មនុស្ស​៤៣​នាក់​កាលពី​ខែ​មីនា​មុន​-នេះ​ជា​ការ​​បញ្ជាក់​របស់​កាសែត​ផ្លូវការភូមា​​មួយ​ឈ្មោះThe Mirror នៅថ្ងៃសុក្រ​១២​មេសានេះ។ 

អំពើហិង្សានានាផ្ទុះនៅក្រុង Meiktilaចំកណ្តាលភូមា
អំពើហិង្សានានាផ្ទុះនៅក្រុង Meiktilaចំកណ្តាលភូមា AFP PHOTO/ Soe Than WIN
ផ្សាយពាណិជ្ជកម្ម

ជន​​៣​នាក់​​កាន់​សាសនា​អ៊ីស្លាម​ដែល​ក្នុង​នោះ​ មាន​ម្ចាស់​ហាងនិង​​​​ភរិយា​របស់​ខ្លួន​​ ​​ក៏​​ព្រម​ទាំង​អ្នក​​ធ្វើការ​ម្នាក់​អាយុ ​២៣ ២៤​ និង​២១​ឆ្នាំ ត្រូវ​បាន​​អាជ្ញាធរភូមា​ ចាប់​ខ្លួន ​ក្រោយពី​មាន​ការ​ផ្ទុះ​អំពើ​ហិង្សា​បះ​បោរ​ជាច្រើន​នៅ​ក្រុង​ Meiktila ចំ​​កណ្តាល​ប្រទេស​ភូមាមក។​

អ្នកកាន់សាសនាអ៊ីស្លាម​ទាំង​បី​នាក់​នេះ ត្រូវ​ជាប់​ចោទ​ពី​បទ​បាន​ប្រើអំពើ​ហិង្សា​ដោយ​​វាយ​ដុំ​ជា​ទម្ងន់​ទៅ​លើ​អតិថិជន​របស់ខ្លួន​ម្នាក់​ដែល​ជា​អ្នក​កាន់សាសនា​​ព្រះពុទ្ធ​ក្រោយពី ការ​​ឈ្លោះ​ទាស់​ទែង​គ្នា​មួយ។ ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ការ​ទាស់​ទែង​គ្នានេះ ក្រុង Meiktila ត្រូវ​ទទួល​រង​អន្តរាយ​ ​ដោយ​ការ​បំផ្លិច​បំផ្លាញ​ពី​សំណាក់​ពួក​បះបោរកាន់ព្រះពុទ្ធសាសនាហើយ​​​សង្កាត់​នានា​នៃ​​សហគមន៍​អ៊ីស្លាមក៏​ត្រូវ​រង​អន្តរាយ​​គ្មាន​​សេស​សល់ ជាពិសេស វិហារ​អ៊ីស្លាម​ជា​ច្រើន​នៅ​តាមក្រុងនានា ក្នុង​ភាគ​​​កណ្តាល​​ប្រទេស​ភូមា​ ។

កាសែត The Mirror ផ្លូវការភូមាបាន​​បញ្ជាក់​បន្ថែម​​ថា ជន​អ៊ីស្លាម​ទាំង​បី​នាក់ ត្រូវ​បាន​​តុលាការ​ភូមា ប្រកាស​កាត់​ទោស​​ដាក់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​​១៤​ឆ្នាំ​​ពី​បទ​បង្ក​ហិង្សា​ដោយ​​ចេតនា​។

វិបត្តិ​ហិង្សា​​រវាង​សហគមន៍​សាសនា​ទាំង​ពីរ​​នេះ បាន​ចោទ​ជា​បញ្ហា​ដ៏​ចំបង​មួយ សំរាប់​​រដ្ឋាភិបាល​​របស់​លោក​ប្រធានាធិបតី ថេនសេន។ តាំងពី​អំពើហិង្សា​នោះ​មក​លោកថេនសេន​ បាន​​បរិហារ​ថាគឺ​​ពួក​​អ្នក​សាសនា​ជ្រុល​និយម ជា​អ្នក​​បង្កអំពើហិង្សា​ទាំងនេះ ។ ក៏ប៉ុន្តែក្រុម​ព្រះសង្ឃ​ពុទ្ធសាសនាភូមា​ដែល​ជា​អ្នក​បាន​​​ប្រើពាក្យពេជន៍ស្អប់ខ្ពើមសាសនាអ៊ីស្លាម ពុំដែល​ត្រូវ​បាន​អាជ្ញាធរ​ភូមា​ចាប់​ខ្លួន​ណាម្នាក់ឡើយ។​

សូមបញ្ជាក់ថា​ហិង្សា​រវាង​សហគមន៍​សាសនា​ទាំង​ពីរនេះ ​ជះឥទ្ធិពល​​​ទៅដល់​​​​​ឥណ្ឌូនេស៊ី​ដែរ​​កន្លងមកនេះ ដោយ​​កាលពី​ថ្ងៃ​៥​មេសា​មុន ជន​អ៊ីស្លាម​ភូមា​​៦០​នាក់ដែល​​ជាប់​ក្នុង​មណ្ឌល​ឃុំ​ឃាំង​​មួយ​នៅ​លើ​កោះ​ស៊ូម៉ាត្រា បានសងសឹក​សហគមន៍​ពុទ្ធសាសនាវិញនិង​​បានចាក់​សម្លាប់​​ជនរួ​ម​ជាតិ​ខ្លួន​​​កាន់​សាសនា​ព្រះពុទ្ធ​​អស់​៨​នាក់​ក្នុងចំណោម​ ១១​ នាក់​ដែលជាប់ឃុំឃាំងនៅ​ឥណ្ឌូនេស៊ី។ ក្រោយពី​អំពើ​ហិង្សា​​នេះមក ក្រុម​អ្នក​នេសាទភូមានៅសេសសល់​ដែល​​​ជាអ្នក​កាន់​សាសនា​​ព្រះពុទ្ធ​ មាន​ការ​ភ័យ​តក់​ស្លុត​ជា​​អតិ​បរមា​ចំពោះ​​អាយុជីវិត​​របស់ពួកគេ ​និង​បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ បញ្ជូន​ពួក​គេ​ទៅ​កាន់​ភូមា​វិញ​ជា​បន្ទាន់​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ