អានតួអត្ថបទ
ភូមា

​ភូមា ធ្វើ​ជំរឿនជា​លើក​ដំបូង​​ ដោយ​គ្មានរាប់​ជនជាតិ​ "រ៉ូហ៊ីងយ៉ា”

អាជ្ញាធរ​ភូមា បាន​ប្រកាស​នៅ​ថ្ងៃសៅរ៍​ទី ២៩ មីនា នេះ មិន​អនុញ្ញាត ឱ្យ​បណ្តា​ជន​អ៊ីស្លាម​រស់​នៅ​ភូមា ​ឱ្យ​ចុះ​ឈ្មោះ​ ជា​ជនជាតិ​ រ៉ូហ៊ីងយ៉ា ក្នុង​បញ្ជី​ជំរឿន​ប្រជាជនទេ ទោះ​បី ជា​អង្គការ​​សហប្រជាជាតិ​បាន​ធ្វើ​ការ​ធានា​អះអាង​យ៉ាង​ណា​ក៏​ដោយ។ ជំរឿន​ប្រជាជនជា​លើក​ទី​មួយ គិត​តាំង​ពី​៣០​ឆ្នាំ​ មកនេះ​ មាន​រយៈ​ពេល​១២​ថ្ងៃ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​អាទិត្យ​ទី​៣០​មីនា​ទៅ។

© Reuters
ផ្សាយពាណិជ្ជកម្ម

ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​របស់​បណ្តា​ជនភូមា​ អ្នក​កាន់​ព្រះពុទ្ធ​សាសនា នៅ​ភាគ​ខាង​លិច​ប្រទេស និង​ការ​​ព្រមាន​ធ្វើ​ពហិការ​មិន​ចូល​ធ្វើ​ជំរឿន ទើប​អាជ្ញាធរ​ភូមា​សម្រេច​មិន​អនុញ្ញាត​ មិន​ឱ្យ​មាន​ឈ្មោះ​ រ៉ូហ៊ីងយ៉ា ក្នុង​បញ្ជី​ជំរឿន​ប្រជាជន លើក​នេះ​ទេ។ សម្រាប់​ ក្រុម​អ្នកព្រះ​ពុទ្ធ​សាសនា​ ការ​បញ្ចូល​ជនជាតិ​រ៉ូហ៊ីងយ៉ា ទៅ​ក្នុង​បញ្ជី​ជំរឿន​ អាច​នឹង​ក្លាយ​ទៅជា​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ជនជាតិនេះ។ បណ្តា​ជនរ៉ូហ៊ីងយ៉ា អាច​ប្រកាស​ខ្លួន​ជាង​ជនជាតិ បង់ហ្កាដែស ដែល​អាជ្ញាធរ​ទទួលស្គាល់ និង​ ចាត់​ទុក​ជា​ជនភៀស​ខ្លួន​ខុស​ច្បាប់​ រត់​មក​ពី​ប្រទេស​ជិតខាងបង់ក្លាដែស។

 

នៅក្នុង​សប្តាហ៍​កន្លង​ទៅនេះ នៅ​ក្រុង​ស៊ីតវ៉េ ហ្វូង​មហាជន​ពុទ្ធសាសនា​ភូមា បាន​ចុះ​ទៅ​សំឡុត​​តំណាង​អង្គការ​សហប្រជាជាតិ និង​អង្គការ​មនុស្ស​ធម៌​ក្រៅ​រដ្ឋាភិបាល ​ ដែល​ពួក​គេ​យល់​ថា​ជា​អ្នក​គាំទ្រ​ពួក​អ៊ីស្លាម រហូត​ទាល់​តែ​អង្គការ​​សហប្រជាជាតិ​បង្ខំ​ចិត្ត​ដក​បុគ្គលិក​អន្តរជាតិ ជាង​៥០​នាក់​ចេញ​ពី​តំបន់​នោះ និង​មាន​ផ្ទុះអំពើ​ហិង្សា ប៉ូលិស​ប្រើ​កាំភ្លើង​បាញ់រះ​បង្ក្រាប​ហ្វូង​មនុស្ស​ទៀត​ផង។ កុមារី​ម្នាក់​អាយុ​១១ឆ្នាំ​ បាន​ស្លាប់​ក្នុង​ហេតុការណ៍​នោះ ហើយ​ដើម្បី​សម្តែង​កំហឹង ក្រុមគ្រួសារ​បាន​សរសេរ​ផ្លាក​បិទ​នៅ​មុខ​ផ្ទះ “​ប្រឆាំង​នឹង​ការធ្វើជំរឿន” !

កម្មវិធី​ជំរឿន​នេះ បាន​ជំនួយ​ឧបត្ថម្ភ​ពី មូលនិធិ​អង្គការ​សហប្រជាជាតិសម្រាប់​ប្រជាជន ដែល​ចង់​ដឹង​អំពី​ការ​វិវឌ្ឍន៍​របស់​បណ្តា​ជន​ភូមា​ ក្នុង​អំឡុង​ពេល​គ្រប់គ្រងដោយ​របប​សឹក និង​ដើម្បី​ជា​ប្រយោជន៍​នយោបាយរបស់រដ្ឋាភិបាល​ស៊ីវិល​ភូមា​ ក្នុង​ការ​​​អភិវឌ្ឍន៍​​ វិស័យ​អប់រំ សុខភាព និង​នគរោបនីយកម្ម។

ប៉ុន្តែ ការ​ធ្វើ​ជំរឿន​ជាតិនេះ ក៏​បាន​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា​ជា​ច្រើន​កន្លែង​មានជាអាទិ៍​នៅរដ្ឋ​រ៉ាក់ឃីន ឬ​នៅ​ភាគ​ខាង​លិច​ប្រទេស ព្រម​ទាំង​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​សន្តិភាព​រវាង​រដ្ឋាភិបាល​និង​ឧទ្ទាម​ជនជាតិ​ភាគ​តិច​ មាន​ការ​រង្គោះរង្គើ។ ព្រោះ​សូម​បញ្ជាក់​ថា​ ភូមា​ជា​រដ្ឋ​មួយ​ដែល​មាន​បណ្តុំ​ជនជាតិ​ ភាគ​តិច​ជាង​មួយ​រយ​ជនជាតិ​ខុសៗ​គ្នា។ ជនជាតិ​រ៉ូហ៊ីងយ៉ា កាន់​សាសនា​អ៊ីស្លាម​ ដែល​អង្គការ​សហប្រជាជាតិ​ចាត់​ទុកថា​ ជា​ជនជាតិ​ភាគ​តិច រង​ទុក្ខ​ទណ្ឌ​ខ្លាំង​ជាង​គេ​នៅលើ​ពិភពលោក រស់​នៅ​តាម​ព្រំដែន​រដ្ឋ​រ៉ាក់ឃីន មិន​ត្រូវ​បានរាប់​បញ្ចូល​និងគ្មាន​​​សញ្ជាតិ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ