អានតួអត្ថបទ
កូរ៉េខាងត្បូង

លិច​សាឡាង​នៅ​កូរ៉េខាងត្បូង៖ក្រុមគ្រួសារ​ជនរងគ្រោះ​បរិហារ​ពី​ភាពយឺតយ៉ាវ​របស់​រដ្ឋាភិបាល

២ថ្ងៃ​ក្រោយ​គ្រោះថ្នាក់​លិច​សាឡាង​មួយ​នៅ​កូរ៉េខាងត្បូង​មក ក្រុម​អ្នកជួយសង្រ្គោះ​បាន និង​កំពុង​បន្ត​ការងារ​របស់​ខ្លួន​យ៉ាង​សកម្ម​ដើម្បី​ស្វែង​រក​អ្នក​រស់រាន​មាន​ជីវិត​ដែល​ភាគច្រើន​ជា​សិស្ស​សាលា។ តុល្យការ​បណ្តោះអាសន្ន​ចុង​ក្រោយ​ឲ្យ​ដឹង​ថា មាន​សាកសព​ចំនួន ២៨នាក់​ត្រូវ​បាន​ស្រង់​ចេញ​ពី​សមុទ្រ និង​បាត់ខ្លួន​ចំនួន ២៦៨នាក់​ផ្សេង​ទៀត។ គួរ​រម្លឹក​ជូន​ថា នៅ​ពេល​មាន​គ្រោះថ្នាក់ សាឡង​នោះ​មាន​ដឹក​អ្នក​ដំណើរ​ចំនួន ៤៧៥នាក់ ក្នុង​នោះ​មាន​សិស្សសាលា ៣៥២​នាក់។ នៅ​ថ្ងៃ​សុក្រ ទី១៨ មេសា​នេះ ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ចោទ​រដ្ឋាភិបាល​ពី​រឿង​ភូតភរ និង​ភាព​យឺតយ៉ាវ​ក្នុង​ការ​ជួយ​សង្រ្គោះ។ ដោយឡែក រដ្ឋអាជ្ញា​បាន​ប្រកាស​ឲ្យ​ដឹង​ថា នៅ​ពេល​មាន​គ្រោះថ្នាក់ កាពីទែន​មិន​មាន​វត្តមាន​នៅ​នឹង​ចង្កូត​សាឡាង​ទេ។

ក្រុម​អ្នកជួយសង្រ្គោះ​កំពុង​ជួយ​សង្រ្គោះ​ជីវិត​អ្នក​លិច​សាឡាងនៅ​កូរ៉េខាងត្បូង
ក្រុម​អ្នកជួយសង្រ្គោះ​កំពុង​ជួយ​សង្រ្គោះ​ជីវិត​អ្នក​លិច​សាឡាងនៅ​កូរ៉េខាងត្បូង REUTERS/West Regional Headquarters Korea Coast Guard/News1
ផ្សាយពាណិជ្ជកម្ម

ពេល​វេលា​កាន់​តែ​ខិត​ទៅ​មុខ ក្តី​សង្ឃឹម​ថា​នឹង​រក​ឃើញ​អ្នក​នៅ​រស់រាន​មាន​ជីវិត​ក៏​កាន់​តែ​ស្តួចស្តើង​ទៅៗ​ដែរ។ តែ​ទន្ទឹម​គ្នា​នេះ ក្រុមអ្នកជួយ​សង្រ្គោះ​ក៏​មិន​បាន​បន្ធូរ​ដៃ​របស់​ខ្លួន​ដែរ។ រហូត​ដល់​ពេល​នេះ ក្រុមអ្នកសង្រ្គោះ​មុជទឹក​ប្រមាណ​ជា ១០០នាក់ នៅ​តែ​មិន​ទាន់​អាច​ចូល​ទៅ​ខាង​ក្នុង​បន្ទប់​សាឡាង​នោះ​បាន​នៅ​ឡើយ​ទេ តែ​ពួក​គេ​បាន​បាញ់​បញ្ចូល​ខ្យល់​អុកស៊ីសែន​ពី​ខាង​ក្រៅ​ចូល​ទៅ​ខាង​ក្នុង​សាឡង​ដោយ​យល់​ឃើញ​ថា ប្រហែល​ជា​មាន​អ្នកដំណើរ​ខ្លះ​កំពុង​មាន​ជីវិត​នៅ​ឡើយ។ និយាយ​ពី​កាពីទែន​បើក​សាឡាង​វិញ រដ្ឋអាជ្ញា​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា នៅ​ពេល​សាឡាង​កំពុង​ជួប​គ្រោះថ្នាក់ កាពីទែន​រូប​នោះ​មិន​បាន​ស្ថិត​នៅ​នឹង​ចង្កូត​សាឡាង​ទេ តែ​ទុក​បណ្តោយ​ឲ្យ​មន្រ្តី​ក្រោម​បង្គាប់​ខ្លួន​ជា​អ្នក​បើកបរ​ទៅ​វិញ។

រហូត​មក​ដល់​ពេល​នេះ គេ​នៅ​តែ​មិន​ទាន់​អាច​ដឹង​ពី​មូលហេតុ​ពិត​នៃ​គ្រោះ​ថា្នក់​លិច​សាឡាង​នោះ​ទេ។ តែ​អ្នកដំណើរ​ដែល​បាន​រួច​ជីវិត​បាន​អះអាង​ថា ពួក​គេ​បាន​ឮ​សូរ​សម្លេង​បុក​ទង្គិច​យ៉ាង​ខ្លំាង រួច​សាឡាង​នោះ​ក៏​បាន​ឈប់​មួយ​កន្លែង​តែ​ម្តង។ តាម​រយៈ​សាក្សី​នេះ​នំា​ឲ្យ​គេ​សន្និដ្ឋាន​ថា ប្រហែល​ជា​សាឡាង​នោះ​បាន​បើក​ប៉ះ​នឹង​ថ្ម ឬ​មួយ​ក៏​វត្ថុ​អ្វី​មួយ​ដែល​លិច​ក្នុង​ទឹក។ នៅ​មាន​សម្មតិកម្ម​មួយ​ទៀត​ដែល​លើក​ឡើង​ដោយ​ក្រុមអ្នកឯកទេស គឺ​សាឡាង​នោះ​បាន​ផ្អៀង​លិច​នៅ​ពេល​ដែល​មាន​រថយន្ត​ប្រមាណ​ជា ១៥០គ្រឿង​នៅ​ក្នុង​សាឡាង​នោះ​បាន​រំកិល​ទៅ​តែ​ម្ខាង​នំា​ឲ្យ​សាឡាង​នោះ​បាត់​ភាព​លំនឹង​របស់​វា។

យ៉ាង​ណា​ក៏​ដោយ ក្រុមគ្រួសារ​ជនគ្រោះ​កំពុង​បាន​បញ្ចេញ​កំហឹង​ប្រឆំាង​នឹង​រដ្ឋាភិបាល​ជា​រៀងរាល់​ថ្ងៃ។ ពួក​គេ​បាន​ចោទ​រដ្ឋាភិបាល​ពី​ភាព​យឺតយ៉ាវ​ក្នុង​ការ​ជួយសង្រ្គោះ និង​រឿង​ភូតភរ។ បុរស​ម្នាក់​ដែល​តំណាង​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ថ្លែង​ថា គាត់​បាន​ឃើញ​កាណូត​តែ​ប៉ុន្មាន​គ្រឿង និង​អ្នកសង្រ្គោះមុជទឹក​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ពោល​គឺ​តិច​ជាង​ការ​ប្រកាស​របស់​រដ្ឋាភិបាល​ដែល​ថា បាន​បញ្ជូន​អ្នកសង្រ្គោះមុជទឹក​ចំនួន ៥០០នាក់ និង​កាប៉ាល់ កាណូត​ចំនួន ១៦៩គ្រឿង​ទៅ​កន្លែង​កើត​ហេតុ។ ដោយឡែក កាសែត​កូរ៉េខាងត្បូង​ទើប​បាន​ប្រាប់​ឲ្យ​ដឹង​ថា នាយករង​សាលា​ម្នាក់​អាយុ ៥២ឆ្នំា​ត្រូវ​បាន​គេ​រក​ឃើញ​ស្លាប់​ដោយ​ប្រហែល​ជា​បាន​ព្យួរ ក សម្លាប់​ខ្លួន​ឯង​នៅ​ក្បែរ​ទីកន្លែង​នៃ​ការ​ជួបជុំ​ក្រុមគ្រួសារ​ជនរងគ្រោះ​លិច​សាឡាង។ មូលហេតុ​មក​ពី​នាយករង​សាលា​រូបនោះ​ពិបាក​ទ្រំា​មើល​ពី​ការ​សោកសៅ​នៃ​ក្រុមគ្រួសារ​សិស្ស​សាលា​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ