អានតួអត្ថបទ
កម្ពុជា

គ.ជ.ប ធ្វើ​ពិធី​កម្ទេច​សន្លឹក​ឆ្នោត​ដែល​ប្រើ​រួច​ជាង ២០​លាន​សន្លឹក

គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប នៅ​ព្រឹក​ថ្ងៃ​ទី​២៤​តុលា​នេះ បាន​ធ្វើ​ពិធី​កម្ទេច​​សន្លឹក​ឆ្នោត​ជាង​២០​លាន​សន្លឹក។ សន្លឹក​ឆ្នោត​ទាំង​នេះ គឺជា​សន្លឹក​ឆ្នោត​ដែល​ប្រើប្រាស់ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ​២០០៨ និង​ឆ្នាំ ២០១២​កន្លងទៅ​។ក្នុង​ការ​កម្ទេច​សន្លឹក​ឆ្នោត​នេះ គជប បាន​ប្រើ​ថវិកា​ជាង​១​ម៉ឺន​ដុល្លា​អាមេរិក។

សន្លឹកឆ្នោតចាស់ៗ ដែលត្រូវបានកំទិចចោលនៅថ្ងៃសុក្រ ទី ២៤ តុលា ឆ្នាំ ២០១៤។
សន្លឹកឆ្នោតចាស់ៗ ដែលត្រូវបានកំទិចចោលនៅថ្ងៃសុក្រ ទី ២៤ តុលា ឆ្នាំ ២០១៤។ @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ដោយ​អនុវត្ត​តាម​ច្បាប់ ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង តំណាង​រាស្ត្រ និង​ច្បាប់ ស្តីពី​ការ​បោះ​ឆ្នោត ជ្រើស​រើស​ក្រុម​ប្រឹក្សា ឃុំ-សង្កាត់ គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប នៅ​ព្រឹក​ថ្ងៃ​ទី​២៤​តុលា​នេះ បាន​ធ្វើ​ពិធី​បំផ្លាញ​សន្លឹក​ឆ្នោត​ជាង​២០​លាន​សន្លឹក ( ២០.៩៩២.៥០៤)ស្មើ​នឹង​៣៤.៩៨២​កញ្ចប់​។

សន្លឹក​ឆ្នោត​ទាំង​នេះ គឺ​ជា​សន្លឹក​ឆ្នោត​ដែល​បាន​ប្រើ​ប្រាស់​រួច នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ ឆ្នាំ​២០០៨ និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា ឃុំ-សង្កាត់​ឆ្នាំ​២០១២​កន្លង​ទៅ។ សន្លឹក​ឆ្នោត​ដែល​ត្រូវ​កម្ទេច ត្រូវ​បាន​រុញ​បញ្ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ដើម្បី​កាត់​ចិញ្ច្រាំ នៅ​ក្នុង​រោង​ពុម្ព លី​វ៉ាន់​ហុង ស្ថិត​នៅ​សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួល​គោក រាជ​ធានី​ភ្នំពេញ​។

រោង​ពុម្ព​លី​វ៉ាន់​ហុង ដែល​គេ​ដឹង​ជា​ទូ​ទៅ​ថា ជា​រោង​ពុម្ព​តែ​មួយ​គត់ ដែល គ.ជ.ប បាន​ជ្រើស​រើស​ជា​ដៃ​គូ​អោយ​បោះ​ពុម្ព​សន្លឹក​ឆ្នោត និង​កម្ទេច​សន្លឹក​ឆ្នោត ដែល​ប្រើ​ប្រាស់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា។ ហើយ​នេះ​គឺជា​លើក​ទី​៣​ហើយ ដែល គជប បាន​រៀប​ចំ​ពិធី កម្ទេច​​សន្លឹក​ឆ្នោត​នេះ ដោយ ផ្លាស់​ប្តូរ​នីតិវិធី ពី​ការដុត​កម្ទេច មកជា​ការ​កាត់​ចិញ្ច្រាំ​ជំនួស​វិញ។

យោង​តាម​ច្បាប់ ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង តំណាង​រាស្ត្រ និង​ច្បាប់​ស្តីពី​វិសោធន​កម្ម នៃ​ច្បាប់​នេះ មាត្រា​១៦ ថ្មី ចំណុច ២៧ ចែងថា "គ.ជ.ប. មាន​សិទ្ធិ​ពេញ​លេញ ក្នុង​ការ​អនុវត្ត​សមត្ថកិច្ច រៀប​ចំ​គណៈ​កម្មការ ដើម្បី​បំផ្លាញ​សន្លឹក​ឆ្នោត ដែល​បាន​ប្រើ​ប្រាស់ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង តំណាង​រាស្ត្រ តាម​អាណត្តិ​នីមួយ​ៗ បន្ទាប់​ពី​បាន​រក្សា​ទុក ប្រកប​ដោយ​សុវត្ថិ​ភាព នូវ​សន្លឹក​ឆ្នោត​ទាំង​នោះ​រយៈ​ពេល​៤​ឆ្នាំ ចាប់​ពី​ថ្ងៃ​បោះ​ឆ្នោត តាម​អាណត្តិ​នីមួយ​ៗ ដោយ​មាន​ការ​ចូល​រួម ពី​តំណាង​គណបក្ស​នយោបាយ ដែល​មាន​អាសនៈ ក្នុង​រដ្ឋ​សភា​"។

បើ​តាម​លោក ទេព នីថា អគ្គ​លេខា​ធិការ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ការ​បំផ្លាញ​សន្លឹក​ឆ្នោត​ទាំង​ជាង​២០​លាន​សន្លឹក​នេះ គ.ជ.ប បាន​ចំណាយ​ថវិកា​ប្រមាណ​ជាង ១​ម៉ឺន​ដុល្លារ​អាមេរិក រឺ​ស្មើ​នឹង​ជាង​៤០លាន​រៀល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ