អានតួអត្ថបទ
កម្ពុជា

ចរចា​ឡើង​ប្រាក់​ខែ​កម្មករ​កាត់ដេរ​៖​ថៅកែ​ព្រម​តម្លើង​៧២​ដុល្លារតែ​​សហជីព​មិន​ព្រម​

ក្នុង​​កិច្ច​ប្រជុំ​​ចរចា​​ត្រីភាគី ​ដើម្បី​​តម្លើង​​ប្រាក់ខែ​​កម្មករ​​កាត់ដេរ​ កាលពី​​រសៀល​​ថ្ងៃ​​ទី​​២៦​​កុម្ភៈ​​នេះ​ ថៅកែ​​រោងចក្រ​​កាត់​ដេរ​ បាន​​ព្រមព្រៀង​​ តម្លើង​​ប្រាក់ខែ​​កម្មករ​​កាត់ដេរ​​ត្រឹមតែ​ ៧២​ ដុល្លារ​​ប៉ុណ្ណោះ​។​ ក៏​ប៉ុន្តែ​​សហជីព​​កម្មករ​ មិន​យល់ស្រប ហើយ​ទាមទារ​​ឲ្យ​មាន​ការ​តម្លើង​ប្រាក់​ខែ​​គោល​ដល់​កម្មករ​ពី ៦១ ដុល្លារ​នៅ​ពេល​សព្វថ្ងៃ រហូត​ដល់ ១២០ ដុល្លារ។ ​ការ​មិន​ត្រូ​វរ៉ូវ​គ្នា​នេះ នាំ​ឲ្យ​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ដែល​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ បាន​សម្រេច​​បង្កើត​ក្រុម​ការងារ​ចម្រុះ​មួយ មាន​សមាសភាព​ត្រី​ភាគី មក​ពី​ថៅកែ​រោងចក្រ​កាត់ដេរ សហជីព និងរដ្ឋាភិបាល ជួប​ប្រជុំ​ចរចា​បន្ត​នៅ​ថ្ងៃ​ស្អែក។

កិច្ចប្រជុំ​រវាង​សហជីពកម្មករ​និងថៅកែ ដើម្បី​ទាមទារតម្លើង​ប្រាក់ខែ​ពី ៦១ដុល្លារ​រហូតដល់​១២០ដុល្លារ
កិច្ចប្រជុំ​រវាង​សហជីពកម្មករ​និងថៅកែ ដើម្បី​ទាមទារតម្លើង​ប្រាក់ខែ​ពី ៦១ដុល្លារ​រហូតដល់​១២០ដុល្លារ RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

 

កិច្ចប្រជុំត្រីភាគីចរចាតម្លើងប្រាក់ខែកម្មករ បានចាប់ផ្តើមប្រហែល ៣ ម៉ោង ចាប់ពីម៉ោង ២ និង ៣០ នាទី​រសៀលថ្ងៃអង្គារ ទី២៦កុម្ភៈនេះ នៅក្រសួងសង្គមកិច្ច។ ក្នុងកិច្ចប្រជុំ ភាគីថៅកែ​រោង​ចក្រកាត់ដេរ បានប្រកាសជំហរ ព្រមព្រៀងតម្លើងប្រាក់ខែកម្មករកាត់ដេរ ពី ៦១ ដុល្លារ ដល់ ៧២ ដុល្លារ។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ដែលបានចូលរួមកិច្ចប្រជុំដោយបិទទ្វារនោះ បាន​លើកឡើងថា ភាគីនិយោជក ថៅកែរោងចក្រកាត់ដេរ បានប្រកាសតម្លើងប្រាក់ខែកម្មករ ១១ ដុល្លារ បន្ថែមលើប្រាក់ខែគោល ៦១ ដុល្លារនោះ គឺបានមកពីការផ្តល់ប្រាក់ខែបន្ថែម ៦ ដុល្លារ បូកនឹងលុយទ្រទ្រង់

លោក អាត់ ធន់ បានបន្តថា ភាគីថៅកែរោងចក្របានលើកហេតុផលថា កម្មករកាត់​ដេរ​សព្វថ្ងៃ​ មានដល់ ៧៥ ម៉ឺននាក់ ដូច្នេះថៅកែត្រូវចំណាយច្រើនលើការ​តម្លើងប្រាក់ខែ​ពេល​នេះ។​​ ម្យ៉ាង​ទៀត អតិផរណា ទំនិញ​ឡើងថ្លៃនៅកម្ពុជា ក្នុងឆ្នាំកន្លងមក ក៏មានតិចតួចត្រឹមតែ ៦% ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ លោក អាត់ ធន់ បានអះអាងថា សហជីពកម្មករ មិនយល់​ព្រម​នឹង​ជំហរ​របស់ថៅកែរោងចក្រ ចំពោះការតម្លើងប្រាក់ខែកម្មករត្រឹមតែ ៧២ ដុល្លារនោះទេ។ សហជីព ចង់បានឲ្យកម្មករកាត់ដេរ ទទួលបានប្រាក់ខែ ១២០ ដុល្លារ។

ទីបំផុតទៅ នៅមុនពេលបិទបញ្ចប់កិច្ចប្រជុំ នៅរសៀលនេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក អ៊ិត សំហេង ដែលជាប្រធានកិច្ចប្រជុំចរចាត្រីភាគី បានសម្រេចបង្កើតក្រុមការងារចម្រុះមួយ ដែល​​មាន​សមាសភាព​ម​ក​ពី​ខាង​សហជីព​តំណាង​​កម្មករ ១០ នាក់ និង​ខាង​ថៅកែ​រោងចក្រ​កាត់ដេរ ១០ នាក់ ដោយ​មាន​ការសម្រប​សម្រួល​​ពី​​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ចនិង​ក្រសួង​​​​ការងារ ៤ រូប ដើម្បី​អង្គុយ​ចរចា​គ្នា រក​ចំណុចរួម លើ​ការ​តម្លើង​ប្រាក់ខែ​កម្មករ។ កិច្ច​ប្រជុំ​ក្រុម​ការងារ​ចម្រុះនោះ ចាប់ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៣​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ