អានតួអត្ថបទ
កម្ពុជា

កុមារី​កម្ពុជា​ទី១៣​ស្លាប់​ដោយសារ​ផ្តាសាយបក្សី

ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​ប្រកាស​អោយ​ដឹង​អំពី​ករណី​ ឆ្លង​ទី​១៥នៃ​មេរោគ​ផ្តាសាយ​បក្សី​H5N1​ទៅលើ​កុមារី​ម្នាក់​នៅក្នុង​ស្រុក​ ពារាំង ខេត្ត​ព្រៃវែង។ កុមារី​ម្នាក់នេះ​បាន​ស្លាប់ កាល​ពី​ថ្ងៃទី​១៦​មេសា​កន្លងទៅ បន្ទាប់ពី​បាន​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ជា​ក្នុង​រាជធានី​ភ្នំពេញ។ រដ្ឋមន្ត្រី​ក្រសួង ​សុខាភិបាល​លោក​ម៉ម ប៊ុនហេង​បាន​ថ្លែង​ថា មេរោគ​ផ្តាសាយ​បក្សី​H5N1នៅតែ​គំរាមកំហែង​ដល់​សុខភាព​របស់​ពលរដ្ឋ​កម្ពុជា។

©Reuters
ផ្សាយពាណិជ្ជកម្ម

01:47

សេចក្តី​រាយការណ៍​របស់​លាង ដឺលុច​ពី​ទីក្រុង​ភ្នំពេញ

កុមារី​អាយុ​៥​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ដោយសារ​មេរោគ​ផ្តាសាយបក្សី​H5N1 កាលពី​ថ្ងៃ​ទី​១៦​មេសា​កន្លង​ទៅនេះ។ កុមារី​រូបនេះ​មក​ពី​ភូមិត្នោត ស្រុក​ពារាំង ខេត្តព្រៃវែង។

សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​ដែល​បាន​បញ្ជាក់​អំពី​ករណី​ស្លាប់​របស់​កុមារី​នេះ​បាន​រៀបរាប់​ថា កុមារី​រូបនេះ​បាន​ធ្លាក់ខ្លួន​ឈឺ កាល​ពី​ថ្ងៃ​ទី​១១​មេសា ហើយ​ត្រូវ​បាន​ព្យាបាល​ដោយ​មន្ទីរពេទ្យ​ឯកជន នៅ​ភូមិ។ ដោយសារ​តែ​ស្ថានភាព​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ កុមារី​រូបនេះ​ត្រូវបាន​បញ្ជូន​មកដល់​មន្ទីរពេទ្យ​គន្ធបុប្ជា ក្នុង​រាជធានី​ភ្នំពេញ។ ការវិភាគ​លើ​វត្ថុសំណាក​បាន​បង្ហាញ​ថា កុមារី​បាន​ឆ្លងមេរោគ​ផ្តាសាយ​បក្សី។

កុមារី​នេះ​គឺ​ជា​មនុស្ស​ទី​១៣​ហើយ នៅកម្ពុជា​ដែល​បាន​ស្លាប់​ដោយសារ​មេរោគ​គ្រុនផ្តាសាយ​បក្សី ក្នុង​ចំណោម​មនុស្ស​១៥នាក់​ដែល​បាន​ឆ្លង​មេរោគ​នេះ ចាប់​តាំងពី​កម្ពុជា​រកឃើញ​មាន​ករណីឆ្លង​មេរោគ​នេះ​ទៅ​មនុស្ស​នៅឆ្នាំ​២០០៤។

តាមរយៈសេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ថា មេរោគ​ផ្តាសាយ​បក្សី​នៅតែ​គំរាមកំហែង​ដល់​សុខភាព​ពលរដ្ឋ​កម្ពុជា។ បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​កន្លងទៅ ឆ្នាំនេះ​គេ​រកឃើញ​មាន​ករណី​ឆ្លង​មេរោគ​ផ្តាសាយបក្សី​ច្រើនជាង ពិសេស​ចំពោះ​កុមារ។ លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ឪពុកម្តាយ​ទាំងអស់ អោយ​ព្យាយាម​ថែរក្សា​កុមារ​អោយ​ឆ្ងាយ​ពី​បក្សី និង​ត្រូវ​លាង​ដៃកូនៗ​របស់​ពួកគេ​ជាមួយ​សាប៊ូ​អោយ​បាន​ញឹកញាប់។

ពិភពលោក​បាន​រកឃើញ​មេរោគ​ផ្តាសាយបក្សី H5N1 នៅឆ្នាំ​២០០៣។ រហូតដល់ពេលនេះ មាន​មនុស្ស​៥៤៩​នាក់ ដែល​ត្រូវបាន​រកឃើញ​ថា បាន​ឆ្លង​មេរោគ​ផ្តាសាយ​បក្សី ក្នុង​ចំណោមនោះ​មាន​៣២០នាក់​បាន​ស្លាប់​ដោយសារ​មេរោគនេះ។ មេរោគ​ដែលបាន​វិវឌ្ឍ​ពី​ការឆ្លង​ពីបក្សី ទៅបក្សី មកជា​ការឆ្លងពី​បក្សី​មក​មនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ