អានតួអត្ថបទ
កម្ពុជា

កងទ័ព​កម្ពុជា​ថៃ ចរចា​ឈប់បាញ់​គ្នា​ជា​លើក​ទី២

ក្រោយពី​មាន​ការព្រមព្រៀងគ្នា​លើ​បទឈប់បាញ់ នៅក្នុង​ការចរចា ​នៅវេលា​ថ្ងៃត្រង់ ម៉ោង៨ និង៣០នាទី​យប់ កងទ័ព​ថៃ​បាន​ផ្ទុះអាវុធ​ឡើងវិញ​នៅ​តំបន់​ប្រាសាទ​តាក្របី រហូត​ដល់​ម៉ោង​៦​ព្រឹក ថ្ងៃទី២៩​មេសា​នេះ។ ការផ្ទុះ​អាវុធ​នេះ​បាន​តម្រូវ​អោយ​មេបញ្ជាការ​កងទ័ព​ទាំងពីរ​ជួបចរចា​គ្នា​ម្តងទៀត ហើយ​ក៏​ព្រមព្រៀង​ឈប់​ផ្ទុះអាវុធ​ម្តងទៀត​ដែរ។ ថៃ​ប្រាប់​កម្ពុជា​ថា ការដែលខ្លួន​ផ្ទុះ​អាវុធ​មុន ពីព្រោះ​ពួកគេ​ហាក់​បាន​ឃើញ ទាហានខ្មែរ​រុល​ចូលទៅរក​ពួកគេ។ ទាហាន​កម្ពុជា​ប្រាប់​ថៃ អោយ​ទុកចិត្ត​កម្ពុជា។

រថក្រោះ​ថៃ​ដែល​ទាហាន​ថៃ​ដឹកយក​ទៅ​ដាក់​នៅ​ខេត្ត​សុរិន្ទ ជាប់ព្រំដែន​ជាមួយ​កម្ពុជា
រថក្រោះ​ថៃ​ដែល​ទាហាន​ថៃ​ដឹកយក​ទៅ​ដាក់​នៅ​ខេត្ត​សុរិន្ទ ជាប់ព្រំដែន​ជាមួយ​កម្ពុជា ©REUTERS
ផ្សាយពាណិជ្ជកម្ម

ក្នុងរយៈ​ពេល​២៤​ម៉ោង មេបញ្ជាការ​ខាង​កម្ពុជា និង​ថៃ​ត្រូវ​ជួបគ្នា​ដល់​ទៅ​ពីរដង ហើយ​ឯកភាព​គ្នា​ម្តងទៀត ថា​មិន​ផ្ទុះ​អាវុធ មិន​ចល័ត​ទ័ព ហើយ​ថា​ពីរ​ថ្ងៃ​ម្តង ពួកគេ​ត្រូវ​ទូរស័ព្ទ​ជួបគ្នា។ ក្រោយពី​ការជួបចរចា​គ្នា កាលពី​ថ្ងៃទី​២៨​មេសា​ម្សិលមិញ ថា​ឈប់​បាញ់​គ្នា នៅម៉ោង​៨​និង​៣០​នាទី​យប់ រហូត​ដល់​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៩​មេសា​នេះ ទាហាន​ថៃ​បាន​បើក​ការ​វាយប្រហារ​ដោយ​គ្រាប់កាំភ្លើង​ត្បាល់ មកលើ​កងទ័ព​កម្ពុជា​នៅក្នុង​សមរភូមិ​ប្រសាទ​តាក្របី។ ការ​វាយបក​របស់​កម្ពុជា​ទៅលើ​ការវាយប្រហារ​ជាថ្មី​របស់​ទាហាថៃ បាន​ធ្វើ​អោយ​ទាហាន​ឈុតខ្មៅ​ថៃ​ម្នាក់​ស្លាប់ និង​របួស​៤​នាក់​ផ្សេងទៀត។

បន្ទាប់មក នៅម៉ោង​១១និង២០​នាទី​ថ្ងៃ​នេះ ការ​ចរចា​ជាថ្មី​មួយ​ត្រូវបាន​រៀបចំ​ឡើង​នៅច្រក​អូរស្មាច់ ដោយខាង​កម្ពុជា​តំណាង​ដោយ​លោក នាក់ វង្ស មេបញ្ជាការ​រង​កង​ពលតូច​ថ្មើរ​ជើង​លេខ៤២ រីឯ​ភាគី​ថៃ​មាន​លោក​ឌុលយ៉ាដេត មេបញ្ជាការវរៈ​សេនា​ធំ​ឈុតខ្មៅ​ឈរ​ជើង ទល់​មុខ ទិស​ព្រះវិហារ។

ប្រភព​ពី​សមរភូមិមុខ​បាន​អោយដឹងថា មុន​នឹង​ឈាន​ដល់​ការ​ព្រមព្រៀង បញ្ឈប់​ការបាញ់គ្នា​សា​ជាថ្មី​នេះ ភាគី​កម្ពុជា​បាន​សួរ​ទៅ​ភាគី​ថៃ​ថា ហេតុអ្វី​បាន​ជា​ពួកគេ​ផ្ទុះ​អាវុធ? ភាគី​ទាហាន​ថៃ​បាន​ឆ្លើយថា ពួកគេ​ហាក់​បានឃើញ​កងទ័ព​ខ្មែរ​រុលចូល​ទៅខាង​ពួកគេ។ ពេលនោះ​ហើយ​ដែល​កម្ពុជា ស្នើ​អោយ​ថៃ​ទុកចិត្ត​ខ្លួនឯង និង​ទុកចិត្ត​មកលើ​កម្ពុជា។

ទោះ​យ៉ាងណា​ក្តី តាំងពី​ព្រឹកថ្ងៃ​សុក្រ​នេះ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍ សំដែង​ការ​ខកចិត្ត និង​សោកស្តាយ​ចំពោះ​ការចល័តទ័ព និង​ការ​វាយប្រហារ​ដោយ​កាំភ្លើង​ត្បាល់​របស់​ទាហាន​ថៃ​កាលពី​យប់ថ្ងៃ​ព្រហស្បតិ៍​ទី ២៨ ​រហូត​ដល់​ពេលព្រឹកថ្ងៃ​សុក្រ​នេះ។ ក្រសួង​ការពារជាតិ​ស្នើ​អោយ​ទាហានថៃ គោរព និង​អនុវត្ត​តាមលទ្ធផល​នៃការចរចា​ថ្នាក់​ភូមិភាគ នៅ​ច្រក​អូរស្មាច់ កាល​ពីថ្ងៃទី២៨​មេសា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ