NGO សុំឲ្យក្រសួងមហាផ្ទៃបង្ហាញពីចំនួនជនអន្តោប្រវេសន៍នៅកម្ពុជា
នៅថ្ងៃព្រហស្បតិ៍នេះ អង្គការក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានស្នើទៅកាន់លោកឧបនាយក រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំបង្ហាញជាសាធារណៈនូវចំនួនជនអន្តោប្រវេសន៍ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានបដិសេធ ពុំព្រមឆ្លើយបំភ្លឺតាមសំណើនេះទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សេចក្តីរាយការណ៍របស់ លី ម៉េងហួរ ពីភ្នំពេញ
ក្នុងលិខិត នៅថ្ងៃទី១០មិថុនា ដែលចុះហត្ថលេខាដោយលោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យ បានកត់សម្គាល់ អំពីជនអន្តោប្រវេសន៍នៅកម្ពុជាថា ពីមួយថ្ងៃ ទៅមួយថ្ងៃ កាន់តែមានចំនួនច្រើនឡើងគួរឲ្យព្រួយបារម្ភ។
អង្គការក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានសុំឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបង្ហាញពីចំនួនជនអន្តោប្រវេសន៍ទាំងស្របច្បាប់ និងមិនស្របច្បាប់ តើមានប៉ុន្មាន ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា? លោកគ្រូ រ៉ុង ឈុន បានបញ្ជាក់បន្ថែមថា នៅប្រទេសកម្ពុជា ការហូរចូលនៃជនអន្តោប្រវេសន៍មានកាន់តែច្រើនខុសប្រក្រតី ហើយបើបណ្តោយឲ្យជនអន្តោប្រវេសន៍ចូលប្រទេសកម្ពុជាដោយខុសច្បាប់ ដូចសព្វថ្ងៃនេះ ពលរដ្ឋខ្មែរ នឹងបាត់បង់ការងារធ្វើកាន់តែច្រើន។ ម្យ៉ាងទៀត វាអាចធ្វើឲ្យប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា បើសិនជាជនអន្តោប្រវេសន៍ ដូចជាវៀតណាម ដែលជាប្រទេសនៅជិតខាងកម្ពុជា កាន់តែច្រើនឡើងៗ ចូលមករស់នៅក្នុងប្រទេសកម្ពុជា។
ចំពោះសំណើលិខិតខាងលើនេះ មិនទាន់មានអត្ថាធិប្បាយបែបណា ចេញពីលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅឡើយទេ នៅថ្ងៃនេះ។ ក៏ប៉ុន្តែលោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានទទួលនូវលិខិតរបស់លោក រ៉ុង ឈុន បានធ្វើការរិះគន់លើការប្រើពាក្យពេចន៍មួយចំនួន ក្នុងលិខិតនោះ។
លោកឧត្តមសេនីយ៍បានអះអាងថា មានពាក្យខ្លះមិនសមរម្យ និងគ្រោតគ្រាត ដែលមិនសក្តិសមជាបញ្ញវន្តទេ។ ម្យ៉ាងទៀត លិខិតនោះមិនមែនជាសំណើទេ តែជាបញ្ជាទៅវិញ ដូចជាការ ប្រើពាក្យថា ឲ្យបង្ហាញចំនួនជនអន្តោប្រវេសន៍ជាសាធារណៈ ជាដើម។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានបញ្ជាក់ថា កន្លងមក ក្រសួងមហាផ្ទៃបានបំពេញតួនាទីភារកិច្ច នៅក្រោមរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ និងគ្រប់គ្រងអាជ្ញាធរដែនដី នៅទូទាំងប្រទេស។ ក្រសួងមហាផ្ទៃក៏បានអនុវត្តច្បាប់អន្តោប្រវេសន៍ ដោយមានការបណ្តេញចេញនូវជនបរទេសណា ដែលធ្វើអន្តោប្រវេសន៍ ដោយខុសច្បាប់នៅកម្ពុជា ព្រមទាំងបញ្ជូនជនបរទេសនោះ ទៅកាន់ប្រទេសដើមវិញ ជាបន្តបន្ទាប់។ ក្រសួងមហាផ្ទៃធ្វើការងារជំរឿនស្ថិតិជនបរទេស ជារៀងរាល់ឆ្នាំ។
ចំនួនជនបរទេស ដែលជាជនអន្តោប្រវេសន៍ស្របច្បាប់ និងមិនស្របច្បាប់ នៅកម្ពុជា សព្វថ្ងៃ មិនមានតួលេខច្បាស់លាស់ទេ។ ក៏ប៉ុន្តែ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ គ្រាន់តែបានឲ្យដឹងត្រួសៗថា នៅក្នុងជំរឿនស្ថិតិជនបរទេស នៅឆ្នាំ២០០២ មានជនអន្តោប្រវេសន៍ស្របច្បាប់នៅកម្ពុជា ចំនួនជិត ២ម៉ឺនគ្រួសារ ដែលគិតជាចំនួនមនុស្ស មានជាង ៧ម៉ឺននាក់។ ជាមួយគ្នានោះ ក្រោយពីមានច្បាប់អន្តោប្រវេសន៍ ក៏មានជនបរទេសមកដាក់ពាក្យសុំចុះឈ្មោះជាជនអន្តោប្រវេសន៍ស្របច្បាប់ ជិត ៥ម៉ឺននាក់ផ្សេងទៀត។
សូមរំឭកបន្តិចថា កាលពីប៉ុន្មានខែមុននេះ អ្នកតំណាងរាស្ត្រគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា ក៏បានដាក់លិខិតជាលាយលក្ខណ៍អក្សរមួយច្បាប់ ទៅកាន់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង ដើម្បីសុំឲ្យមានការបង្ហាញពីចំនួនជនអន្តោប្រវេសន៍ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាដែរ។ ក៏ប៉ុន្តែ មកដល់ថ្ងៃនេះ មិនទាន់មានចម្លើយតបបែបណា លើសំណុំរឿងជនអន្តោប្រវេសន៍ ដែលតែងតែក្លាយជាប្រធានបទឃោសនាដ៏ក្តៅគគុកមួយ របស់គណបក្សប្រឆាំង នៅរដូវបោះឆ្នោតនោះទេ។
យ៉ាងណាក៏ដោយ បើផ្អែកតាមគេហទំព័រអ៊ីនធ័រណែត បច្ចុប្បន្ន ប្រទេសកម្ពុជាមានប្រជាជនប្រមាណ ១៤លាននាក់។ ក្នុងនោះ មានពលរដ្ឋខ្មែរ ៩០%, ពលរដ្ឋវៀតណាម ៥%, ចិន ១% និងជនបរទេសផ្សេងទៀតសរុប ៤%។ វែបសាយដដែលបានបង្ហាញថា ពលរដ្ឋវៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា មានចំនួន ៦សែននាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ